ឧកញ៉ា សំ សុខនឿន៖ គួរពិនិត្យមើលនូវ ៦ ចំណុចនេះមុនសម្រេចចិត្តកក់ប្រាក់ ឬទិញដីឡូតិ៍

ជុំវិញ​ឧកញ៉ា

ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកានេះ សម្រេចឲ្យបើកសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញនូវគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី ក្រោយរងគ្រោះជាង ២ឆ្នាំមកដែលបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះយ៉ាងណា ស្ថិតក្នុងស្ថានភាពនៃការបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញនេះ ត្រូវបានអ្នកជំនាញលើកឡើងថា ការទិញ-លក់ អចលនទ្រព្យនឹងមានសកម្មភាពងើបឡើងវិញ ស្របពេលជាមួយគ្នានេះដែលអ្នកជំនាញក៏បានណែនាំដល់ប្រជាពលរដ្ឋ មានបំណងចង់ទិញដីឡូតិ៍ គួរពិនិត្យមើលចំណុច ៦ នេះសិន ប្រសិនបើមិនចង់ជួបហានិភ័យណាមួយ ក្រោយពីការទិញដីនោះ។

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាអគ្គនាយកក្រុមហ៊ុន Sam Sn Realty បានឲ្យដឹងថា មានប្រជាពលរដ្ឋ ដែលជាអ្នករត់ PassApp កម្មកររោងចក្រ ពលករខ្មែរ និងអាជីវករ ដែលបានទិញដីឡូតិ៍រួច និងកំពុងតែទិញ ឬមានបំណងចង់ទិញ បានលើកអំពីក្ដីបារម្ភរបស់ពួកគាត់ជុំវិញសុវត្ថិភាពនៃការទិញ។ លោកបន្ថែមថា ពួកគាត់បានលើកក្ដីបារម្មណ៍ថា ខ្លាចទិញដីហើយមិនបានដី ទិញដីហើយបានដីមានជំលោះ ឬទិញដីហើយមិនបានប្លង់កម្មសិទ្ធិជាដើម។

ដើម្បីបញ្ជៀសឲ្យផុតនូវបញ្ហាខាងលើ ឬទិញដីប្រាកដជាបានដីនោះ លោកឧកញ៉ា សំ សុខនឿន ជាជំនាញផ្នែកអចលនទ្រព្យជាង ១០ឆ្នាំ មកហើយ នោះ បានណែនាំឲ្យប្រជាពលរដ្ឋ គួរពិនិត្យមើលនូវចំណុចចំនួន ៦ មុនសម្រេចចិត្តកក់ប្រាក់ ឬទិញដីឡូតិ៍៖ 
ទី១. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
ទី២. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីពន្ធដា
ទី៣. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានប័ណ្ណពន្ធប៉ាតង់
ទី៤. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូតិ៍
ទី៥. ក្រុមអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ដែលមានឈ្មោះក្រុមហ៊ុន ឬឈ្មោះម្ចាស់ក្រុមហ៊ុន ជាម្ចាស់កម្មសិទ្ធិដីអភិវឌ្ឍន៍នោះ
ទី៦. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវតែបញ្ជាក់ថា វិញ្ញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) មិនជាប់បន្ទុកធនាគារ ឬជាប់បញ្ចាំឯកជនណាមួយ នោះទេ។

អគ្គនាយក Sam Sn Realty រូបនេះបានបញ្ជាក់បន្ថែមថា ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ដែលប្រជាពលរដ្ឋមានបំណងចង់ទិញ ឬបានទិញរួចហើយ មិនមាន៦ចំណុចខាងលើទេនោះ នោះប្រជាពលរដ្ឋដែលជាអ្នកទិញដីឡូតិ៍ ពីក្រុមហ៊ុននេះ នឹងមានហានិភ័យខ្ពស់ ដែលអាចបង្កឲ្យមានបញ្ហា នៅថ្ងៃអនាគត៕