អ្នកឧកញ៉ា គិត ម៉េង ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អេរិចសិន ដើក សមាជិក​ព្រឹទ្ធសភាអាមេរិក

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លង​ទៅ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា បាន​ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អេរិចសិន ដើក(Ericksen Doug) សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។



ឯកឧត្តម អេរិចសិន មានប្រសាសន៍ថា ឯកឧត្តម មក​កម្ពុជាដើម្បីស្វែងយល់ពីស្ថានភាពពិតប្រាកដ និងទទួលព័ត៌មានដោយផ្ទាល់អំពី​វឌ្ឍនភាព​នានា​នៅ​កម្ពុជា ដើម្បីលើកកម្ពស់​មិត្តភាពរវាង​ប្រទេស​ទាំងពីរ ក៏ដូចជាជំរុញ​ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។ ក្នុងន័យនេះ​ ឯកឧត្តម បានស្នើសុំការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ដើម្បីរៀបចំព្រឹត្តិការណ៍ធុរកិច្ចនានាទាក់ទាញវិនិយោគិនអាមេរិកមកវិនិយោគបន្ថែម​ទៀត​នៅកម្ពុជា។ ឯកឧត្តម នឹងជួយសម្របសម្រួល កៀរគវិនិយោគិន និងធុរជនអាមេរិក ធ្វើ​ទស្សនកិច្ច​មក​កាន់កម្ពុជា ដើម្បីពួកគេបានជ្រាបច្បាស់អំពីសក្តានុពលសេដ្ឋកិច្ចនិងទីផ្សារកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានអញ្ជើញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចមកកាន់កម្ពុជា របស់ ឯកឧត្តម អេរិកសិន ដើក(Ericksen Doug) ។ អ្នកឧកញ៉ា បានលើកឡើងពីការរីកចម្រើន និងសក្តានុពល​សេដ្ឋកិច្ច​កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ា បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល​មានលក្ខណៈបើកចំហរសម្រាប់ធុរជនទូទៅដោយមិនប្រកាន់ថាមកពីប្រទេសណាឡើយ។

សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមប្រទេសដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ចម្បងរបស់កម្ពុជា។ អ្នកឧកញ៉ា មានប្រសាសន៍គាំទ្រដល់គោលគំនិតរបស់ព្រឹទ្ធសមាជិកអាមេរិក ក្នុងការរៀប​ចំ​ព្រឹត្តិការណ៍​ធុរកិច្ចដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង​វិនិយោគរបស់​ប្រទេស​ទាំងពីរ​ ហើយអ្នកឧកញ៉ា នឹងរកពេលវេលាសមស្របណាមួយរៀបចំទស្សនកិច្ចធុរកិច្ច​ទៅ​សហរដ្ឋអាមេរិក៕

ប្រភព៖ សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce