អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សម្រេចបាន ៩៥% ត្រៀមសាកល្បងហោះហើរនៅដើមឆ្នាំក្រោយ

ព័ត៌មានថ្មីៗ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុង ដំណើរការសាងសង់សម្រេចបាន ៩៥% ត្រៀមសាកល្បងហោះហើរនៅដើមឆ្នាំក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនទទួលបន្ទុកស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុងបានឱ្យដឹងថា ដំណើរការសាងសង់អាកាសយានដ្ឋានសម្រេចបាន៩៥%ហើយ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ នេះ។ តាមផែនការគ្រោងនឹងប្រតិបត្តិការហោះហើរសាកល្បងលើកដំបូងនាខែចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ។

ថ្លែងក្នុងជំនួបជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្រុមហ៊ុនសាងសង់បញ្ជាក់ថា បើសិនជាការសាកល្បងទទួលបានជោគជ័យ អាកាសយានដ្ឋានតារាសាគរនេះអាចប្រតិបត្តិការហោះហើរបាននាពាក់កណ្ដាលឆ្នាំ ២០២២។ ឯកឧត្តមថោង ខុន បានសំណូមឱ្យក្រុមហ៊ុន សាងសង់ ពន្លឿនការការងាររបស់ខ្លួន ដើម្បីឆាប់បានបម្រើសេវាកម្មដឹកភ្ញៀវទេសចរមកកម្សាន្ត នៅតំបន់ តារាសាគរនៃខេត្តកោះកុង ដែលជាទីតាំងទេសចរវ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានរៀបចំ។

បើ​តាមប្រភពក្រុមហ៊ុន​សាងសង់ អាកាសយានដ្ឋាននឹងត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅពាក់កណ្តាលឆ្នាំ ២០២២ ហើយអគារស្ថានីយនេះមានសមត្ថភាពអាចគ្រប់គ្រងចលនាអ្នកដំណើររហូតដល់កន្លះលាននាក់។

គួរបញ្ជាក់ថាអាកាសយានដ្ឋានអន្តរជាតិតារាសាគរលាតសន្ធឹងលើផ្ទៃដីទំហំ ៤.៥ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Tianjin Union Development Group (UDG) ជាមួយទុនវិនិយោគ ៣៥០ លានដុល្លារ។ អាកាសយានដ្ឋាននេះ អាចផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះ ប្រភេទ Boeing-777 និង Airbus A-340 ។