ABA​ ទទួលបានរង្វាន់ ២ឆ្នាំជាប់គ្នាពីស្ថាប័ន JP​ Morgan​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​ និង​​ទូទាត់​អន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខគេមួយនៅ​កម្ពុជា ទទួល​បាន​ពានរង្វាន់​ 2021​ Elite​ Quality​ Recognition​ Award​ ពី​ JP​ Morgan​ Chase​ Bank​ N.A.,​ USA​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​បំផុត​លំដាប់​ពិភពលោក​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ទទួលស្គាល់​ ABA​ ជា​លើក​ទី​ពីរ​ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​នេះ​ ផ្អែក​លើ​ការ​រក្សា​សុ​ក្រិត​ភាព​លេចធ្លោ​ និង​ឧត្តមភាព​ នៅ​ក្នុង​ប្រព័ន្ធ​ដំណើរការ​ឆ្លងកាត់​ត្រង់​ផ្ទាល់​ MT103​ (straight-through​ processing​ ដែល​ហៅ​កាត់​ថា​ STP)​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​ និង​ការ​ទូទាត់​អន្តរជាតិ​ ជា​ដុល្លារ​អា​មេ​រិ​ក​។​

ពានរង្វាន់​នេះ​ ត្រូវ​បាន​ប្រគល់​ជូន​ធនាគារ​ ដោយ​ផ្អែក​លើ​គុណភាព​ខ្ពស់​នៃ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ និង​ការ​គ្រប់គ្រង​សុក្រឹតភាព​នៃ​ដំណើរការ​ផ្ទេរ​ប្រាក់​របស់​អតិថិជន​ បាន​ 90%​។​ នៅ​ក្នុង​ឆ្នាំ​ 2021​ ការ​ផ្ទេរ​ប្រាក់​ និង​ការ​ទូទាត់​ដែល​ដំណើរការ​ដោយ​គ្មាន​កំហុស​ មាន​កម្រិត​លើស​ពី​ 99.5%​។​

អ្នកស្រី​ ស៊ឹ​ម​ សួង​សន្តិភាព​ ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​អន្តរជាតិ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​តាម​រយៈ​ពានរង្វាន់​ឆ្នាំ​ទី​ 2​ នេះ​ ធនាគារ​ ABA​ បាន​បង្ហាញ​ពី​សមត្ថភាព​ធ្វើ​ប្រតិបត្តិការ​ដែល​មានគុណ​ភាព​ខ្ពស់​លើស​ពី​ស្ដង់ដារ​ ក្នុង​ការ​ដំណើរការ​ផ្ទេរ​ និង​ទូទាត់​ប្រាក់​អន្តរជាតិ​ជូន​អតិថិជន​ ជា​ដុល្លារ​អា​មេ​រិ​ក​។​ យើង​មាន​មោទនភាព​ ជាមួយនឹង​ការ​ទទួលស្គាល់​ពី​ JP​ Morgan​ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ នៅ​តែ​រឹង​មាំ​ឥត​ងាករេ​ និង​គួរ​ជាទី​ពំនឹង​។​”​

អ្នកស្រី​​បន្ថែមថា​ “​អតិថិជន​របស់​យើង​ អាច​ជឿ​ទុកចិត្ត​បាន​ថា​ សំណើរ​ប្រតិបត្តិការ​អន្តរជាតិ​របស់​ពួក​គាត់​ ជាមួយ​ ABA​ នឹង​ត្រូវ​ដំណើរការ​ទាន់​ពេលវេលា​ និង​ប្រកបដោយ​សុក្រឹតភាព​។​”

សូមបញ្ជាក់ថា JP​ Morgan​ ធ្វើការ​ប្រគល់​ពានរង្វាន់​ទទួលស្គាល់​គុណភាព ​(Quality​ Recognition​ Award)​ ទូ​ទាំង​សកលលោក​ ចាប់តាំងពី​ឆ្នាំ​ 1997​។​ ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ធនាគារ​ដែល​មាន​គណៈ​គ្រប់គ្រង​ និង​បុគ្គលិក​អាច​ធ្វើ​ប្រតិបត្តិការ​ ផ្ទេរ​ និង​ទូទាត់​ប្រាក់​ជូន​អតិថិជន​ប្រកបដោយ​សង្គតិភាព​ និង​គុណភាព​ខ្ពស់​ក្នុង​កម្រិត​យ៉ាង​ហោច​ណាស់​ 90%​ ៕