អ្នកជំនាញណែនាំ ៣ ជម្រើសសម្រាប់អ្នកចង់វិនិយោគលើវិស័យអចលនទ្រព្យ ក្រោយបើកប្រទេសឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យ លោក ច្រឹក សុខនីម បានលើកឡើងថា ការវិនិយោគ​លើវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន យើងត្រូវដឹងពីសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ថាយើងជានរណាមានទុនធំ ឬតិច ហើយប្រើប្រាស់ជាសាច់ប្រាក់សុទ្ធ ឬកម្ចីធនាគារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានណែនាំថា សម្រាប់អ្នកមានសាច់ប្រាក់ក្នុងដៃសមល្មម អាចពិចារណាវិនិយោគទិញដីជាយក្រុងភ្នំពេញ តាមតំបន់នានាស្របតាមផ្លូវក្រវាត់ក្រុងទី ៣ និងទី ៤។ ការវិនិយោគនៅទីនោះ ត្រឹមតែមួយរយៈ នឹងទទួលបានប្រាក់ចំណេញ។ លោកថា បើមានលទ្ធភាពកាន់តែល្អ អាចទិញដីនៅតំបន់ភ្នំពេញថ្មី ឬខណ្ឌសែនសុខក៏ចំណេញដូចគ្នា។ តម្លៃបច្ចុប្បន្នចន្លោះពី ៦០ម៉ីនដុល្លារ ទៅ ៧០ ម៉ីនដុល្លារ។

ដោយឡែក សម្រាប់អ្នកដែលមានដើមទុនតិច គួរងាកទៅមើលតំបន់តាមខេត្ត ដូចជាខេត្តកំពង់ស្ពឺ តាកែវ និងផ្នែកខ្លះនៃខេត្តព្រៃវែង ដើម្បីធ្វើការអភិវឌ្ឍរយៈពេលយូរ។

លោក ច្រឹក សុខនីម លើកទឹកចិត្តប្រសិនបើយើងប្រើប្រាស់ហិរញ្ញប្បទានចេញពីធនាគារ គួរតែវិនិយោគទៅលើផ្ទះ ឬខុនដូ ដោយសារតែផ្ទះ និងខុនដូ ទទួលបានលំហូរសាច់ប្រាក់ប្រចាំខែ បើទោះជាយើងមិនរស់នៅ ក៏អាចជួលឱ្យគេបាន និងមិនមានហានិភ័យ។ ការវិនិយោគលើខុនដូជួលបានថ្លៃ បើទោះជាតម្លៃខុនដូមិនងាយបានថ្លៃ តែលំហូរសាច់ប្រាក់គឺល្អ។

ដូចគ្នានេះដែរលោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex បានប្រាប់កម្ពុជាថ្មី កាលពីពេលថ្មីៗនេះថា បើទោះជាបច្ចុប្បន្នវិស័យខុនដូ មិនទាន់រីកលូតលាស់ឡើងវិញក្តី ប៉ុន្តែយុវវ័យសព្វថ្ងៃកំពុងចាប់អារម្មណ៍ខ្លាំងក្នុងការរស់នៅតាមខុនដូ។

បើតាមលោកស្រី ខុនដូ ចែកចេញជាបីកម្រិត មានកម្រិតខ្ពស់ កម្រិតកណ្តាល និងកម្រិតសមរម្យ។ កម្រិតខ្ពស់នាពេលបច្ចុប្បន្នតម្លៃប្រហែល ៣០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ឬមួយយូនីតតម្លៃចន្លោះពី ១០ទៅ ១២ម៉ឺនដុល្លារ។ ខុនដូ កម្រិតកណ្តាលតម្លៃប្រហែល ២២០០ដុល្លារ ១ម៉ែត្រការ៉េ ឬមួយយូនីតតម្លៃ ៧ម៉ឺនដុល្លារ។ ចំណែកខុនដូតម្រិតសមរម្យ តម្លៃមួយយូនីតប្រហាក់ប្រហែល ៥ម៉ឺនដុល្លារអាមេរិក៕