វិវាទដីធ្លីជាង ៥ឆ្នាំ រវាងកំពង់ផែភ្នំពេញ និងអ្នកវិនិយោគិនចិន ឈានដល់ការបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ

សង្គម​និង​សេដ្ឋកិច្ច

វិវាទដីធ្លីដ៏រាំរ៉ៃជាង ៥ឆ្នាំ រវាងកំពង់ផែភ្នំពេញ និងអ្នកវិនិយោគគិនចិន បានឈានដល់ការដោះស្រាយបញ្ចប់ជាស្ថាពរក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី១៧ ខែ​វិច្ឆិកា​ ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីលោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ដួង តារា ឲ្យបានដឹងថា ភាគីកំពង់ផែភ្នំពេញ បានយល់ព្រមកាត់ដីចំនួន ៣៦ ហិកតានៅ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជូនទៅ លោក Wu Mei Ming ដើម្បីបញ្ចប់វិវាទ ដែលភាគីទាំងពីរបានផ្តិតមេដៃបញ្ចប់វិវាទទាំងស្រុង ក្រោមការសម្របសម្រួលរបស់ខ្ញុំក្រៅប្រព័ន្ធតុលការឈរលើគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ។

ជាមួយគ្នានេះ លោក Wu Mei Ming បានគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានផ្តល់យុត្តិធម៌ជូនរូបលោក ទោះបីប្រើពេលវេលាយូរបន្តិចក្តី។ លោក Wu សន្យាបន្តចូលរួមវិនិយោគនៅកម្ពុជា ហើយនឹងខិតខំកៀងគរអ្នកវិនិយោគទុនចិនអោយបានច្រើនមកវិនិយោគនៅកម្ពុជាថែមទៀត។

បើតាមលោក ដួង តារា លទ្ធផលដ៏ល្អប្រសើរនេះគឺកើតចេញពីការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជំរុញឲ្យមន្រ្តីយកចិត្តទុកដាក់ខិតខំដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ​ ដែលជាផ្នែកមួយជួយដល់ការកកស្ទះសំណុំរឿងនៅតុលាការផងដែរ។

គួររម្លឹកឡើងវិញដែរថា លោក Wu Mei Ming ជាពាណិជ្ជករដែលមានបទពិសោធន៍ផ្នែកអភិវឌ្ឍន៍កំពង់ផែនៅប្រទេសចិន បានមកកម្ពុជានៅឆ្នាំ ២០១២ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល មកដល់ទឹកដីកម្ពុជាលោកបានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយកំពុងផែភ្នំពេញ លើការពង្រីកកំពង់ផែកាលពីថ្ងៃទី ១០ មករា ឆ្នាំ២០១៤។

នៅក្នុងអំឡុងឆ្នាំ ២០១២ លោកបានទិញដីចំនួន ៥៨ហិកតា នៅក្នុងគម្រោងពង្រីកកំពង់ផែ។ ជាអកុសល ក៏មាន សជណ លេខ ២៣ឧស ចុះថ្ងៃទី ៦ មករា ២០១៧ និរាករណ៍ចោលប័ណ្ណកម្មសិទ្ធិដីធ្លីមួយចំនួន ក្នុងនោះរួមទាំងដីលោក Wu ដែលមានប្លង់រឹងទាំងអស់។ ទន្ទឹមនោះ លោក Wu Mei Ming ក៏បានទិញដី៦ហិកតាផ្សេងទៀតនៅជិតផែភ្នំពេញ (មានប្លង់រឹង) ហើយក៏មាន វិវាទជាមួយ ភាគីផ្សេងទៀត ដែលបានប្តឹងទាមទារយកដីពីគាត់។ តាមពិតករណីនេះគឺពាក់ព័ន្ធកើតឡើងនៅប្រទេសចិន ហើយការប្តឹងផ្តល់គ្នាគួរធ្វើឡើងនៅប្រទេសចិន។ សរុបទឹកប្រាក់ដែលគាត់បានចំណាយ ទិញដីនៅកម្ពុជាអស់ប្រមាណជាង៦លានដុល្លារ។

លោក Wu Mei Ming បានព្យាយាមក្នុងការដោះស្រាយករណីនេះអស់រយៈពេលជាង៥ឆ្នាំមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផលឡេីយ។ ទើបនៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២១ លោកបានដាក់លិខិតគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តី៕