ADB ផ្តល់​ថវិកា​ ១៨០ លាន​ដុល្លារ យកទៅអភិវឌ្ឍ​ក្រុង​ចំនួន ៣ នៅប្រទេស​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១៨០លានដុល្លារ ដើម្បីជួយដល់ការអភិវឌ្ឍ​ក្រុងចំនួន៣នៅកម្ពុជា ដើម្បី​ធ្វើឲ្យប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុងទាំង ៣ នោះមាន​ក្រុងបាវិត កំពត និង ប៉ោយប៉ែត ដែល​គ្របដណ្តប់លើចំនួន​ប្រជាពលរដ្ឋជាង១៤ម៉ឺននាក់។

ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

គម្រោងវិនិយោគ ដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) របស់ ADB នឹងជួយទីក្រុងទាំង ៣ នេះ កាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឲ្យ ប្រសើរឡើងនូវប្រព័ន្ធ បង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុង ក្នុងការផ្តល់សេវាទីក្រុងផងដែរ។

លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនកំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដាប់ទីពីរ [secondary cities] ប៉ុន្តែ លទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ បានធ្វើឲ្យជីវភាពរស់នៅកាន់តែពិបាក និងប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចទីក្រុង។

បើ​តាម​លោកស្រី Wei Kim Swain គម្រោងនេះ នឹងជួយរាជរដ្ឋាភិបាល ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និង លើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និង ផលប៉ះ ពាល់បរិស្ថាន ដោយសារអនាម័យមិនល្អ។ វាក៏នឹងជួយអាជ្ញាធរ ក្រុងទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ»។

តាម​ទិន្នន័យ​បង្ហាញ​ថា ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងនៅប្រទេស​កម្ពុជា បានកើនឡើងដល់៦លាននាក់ក្នុងឆ្នាំ ២០១៩ ពី២.៦លាននាក់ ក្នុងឆ្នាំ២០០៨ ដែលបានបង្កជាបញ្ហាប្រឈមដល់រដ្ឋបាល ក្រុង ក្នុងការផ្តល់សេវាកម្ម។ នៅឆ្នាំ២០១៩ ប្រមាណ៤៧% នៃប្រជាពលរដ្ឋរស់នៅតាមទីក្រុងនៅប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់ ទឹកស្អាតតាមលំនៅដ្ឋាន។ ទឹកលូដែលមិនបានសម្អាត ជាទូទៅ ត្រូវបង្ហូរទៅក្នុងទីចំហ តាមរយៈលូរួម និង លូទឹកបង្កប់តាមផ្លូវ ឬ ដោយប្រយោលតាមប្រឡាយចំហ។ សេវាកម្មសម្អាតសំណល់រឹង ក៏នៅមានកម្រិត។ មួយភាគធំនៃសំណល់រឹងត្រូវបានទុកចោល ចាក់ចូលក្នុងប្រឡាយចំហ ទីវាល ឬ ដុតចោល។

នៅក្រុងបាវិត និង ប៉ោយប៉ែត គម្រោងនេះ នឹងគាំទ្រដល់ការស្តារប្រឡាយដែលមានស្រាប់ និង ការ សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរ ទឹកភ្លៀងថ្មី និង កន្លែងចាក់សំរាម។ នៅក្រុងកំពតគម្រោងនេះ នឹងពង្រីកបណ្តាញលូទឹកស្អុយ និង គាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការ ផ្តល់សេវាកម្មគ្រប់គ្រាន់៕