ថ្ងៃនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ បើកវេទិការពិភាក្សាពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងការធ្វើធុរកិច្ចរវាងតំបន់អាស៊ី និងអឺរ៉ុប

សង្គម​និង​សេដ្ឋកិច្ច

វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) នឹងត្រូវធ្វើឡើងក្រោមមូលបទ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០»។ នៅព្រឹកនេះ ក្នុងនាមជាម្ចាស់ផ្ទះ បើកវេទិការសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងថ្លែងសន្ទរកថាគន្លឹះ ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងការធ្វើធុរកិច្ចរវាងតំបន់អាស៊ី និងអឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកានេះ ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឹរ៉ុប លើកទី១៣ (ASEM13) ត្រូវបានរៀបំធ្វើឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា (CCC) មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូពាក់ព័ន្ធ។

វេទិកានេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគិន ធុរជន បញ្ញាវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប ដែលនឹងធ្វើបទបង្ហាញចំនួនបីនិងកិច្ចពិភាក្សាចំនួនបី ពីបណ្តាវាគ្មិនជាតិ និងអន្តរជាតិមកពីអាស៊ី និងអឺរ៉ុប ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងឧត្តមានុវត្តន៍ លើប្រធានបទមួយចំនួនរួមមាន៖ ពហុភាគីនិយម, ខ្សែច្រវ៉ាក់តម្លៃសកល, បដិវត្តឧស្សាហកម្ម៤.០ និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការរួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជាតិ៕