Xiaomi នឹងបើករោងចក្ររថយន្តអគ្គិសនីដំបូង នៅទីក្រុងប៉េកាំង ជាមួយសមត្ថភាពផលិតប្រចាំឆ្នាំ ៣ សែនគ្រឿង

អន្តរជាតិ

បើតាមអាជ្ញាធរនៅក្នុងទីក្រុង បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុនស្មាតហ្វូនខ្នាតយក្ស Xiaomi Corp របស់ចិន នឹងសាងសង់រោងចក្រមួយ ដែលអាចមានសមត្ថភាពលផលិតរថយន្តអគ្គិសនីបានចំនួន ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅក្នុងទីក្រុងប៉េកាំង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងរោងចក្រដែលគ្រោងទុកនេះ នឹងត្រូវសាងសង់ជាពីរដំណាក់កាល ហើយក្រុមហ៊ុន Xiaomi ក៏នឹងសាងសង់ទីស្នាក់កណ្តាល ការិយាល័យលក់ ក៏ដូចជាកន្លែងស្រាវជ្រាវសម្រាប់អាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង។ យ៉ាងណានេះបើតាមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចដែលគាំទ្រដោយរដ្ឋាភិបាល Beijing E-Town បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួន ។

មិនតែប៉ុណ្ណោះ Beijing E-Town បាននិយាយទៀតថា រោងចក្រដ៏ធំនេះ នឹងឈានដល់ការផលិតទ្រង់ទ្រាយធំ នៅក្នុងឆ្នាំ ២០២៤ ខណ:ជាគោលដៅដែលត្រូវបានប្រកាសដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi លោក Lei Jun កាលពីខែតុលាកន្លងទៅ ។

គួរឲ្យដឹងថា នៅក្នុងខែមីនា ក្រុមហ៊ុន Xiaomi បាននិយាយថា ខ្លួននឹងប្តេជ្ញាវិនិយោគក្នុងទំហំទឹកប្រាក់ ១០ ពាន់លានដុល្លារអាមេរិក ទៅលើការផលិតរថយន្តអគ្គិសនីថ្មីមួយ ក្នុងរយ:ពេល ១០ ឆ្នាំ បន្ទាប់ពីក្រុមហ៊ុនបានបញ្ចប់ការចុះបញ្ជីអាជីវកម្មសម្រាប់អង្គភាពរថយន្ត EV របស់ខ្លួន នៅចុងខែសីហា ៕

ប្រភព: Kelo