តម្លៃ​ដឹក​ជញ្ជូន​ម្រេច​តាម​កប៉ាល់​ពី​កម្ពុជា​ទៅ​​ទីផ្សារ​អឺរ៉ុប​កើន​ឡើង ១៥ ដង​

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ឯកឧត្តម វេង សាខុន បាន​ថ្លែង​បញ្ជាក់​ពី​ការ​កើន​ឡើង​តម្លៃ​ដឹក​ជញ្ជូន​តាម​កប៉ាល់​ក្នុង​ការ​​នាំ​​ម្រេច​ខ្មែរ​ទៅ​ទីផ្សារ​អឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ លោក​រដ្ឋមន្រ្តី​បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​មួយ​ដែល​នាំ​ចេញ​ម្រេច​ខ្មែរ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។ បើ​តាម​លោក​រដ្ឋមន្ត្រី តម្លៃ​ដឹក​ជញ្ជូន​តាម​កប៉ាល់​បាន​កើន​ឡើង​ដល់ ១៥ ដង មុន​ការ​រីក​រាល​ដាល​ជា​សាកល​នៃ​មេរោគ​កូវីដ ១៩។

ការកើនឡើង​តម្លៃ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ពិសេស​អឺរ៉ុប​កំពុង​ក្លាយ​ជា​ឧបសគ្គ​ធំ​សម្រាប់​ផែនការ​នាំចេញ​ផលិតផល​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១​។ ការឡើង​ថ្លៃ​ដឹកជញ្ជូន​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ភាពប្រកួតប្រជែង ព្រោះ​តម្លៃ​ផលិតឡើង​ខ្ពស់​។

តាម​ទិន្នន័យ​របស់​ក្រសួង​កសិកម្ម ការនាំចេញ​ម្រេច​របស់កម្ពុជាក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មាន​ចំនួន ២៧ ៧៣០,០៧តោន ដែល​ចំនួន​នេះ​កើន​ឡើង​ចំនួន ៤៥៦,៥៣%។ ក្នុង​នោះ​ការ​នាំចេញ​ទៅ​ប្រទេស​វៀតណាម ចំនួន ២៦ ៨៨៧,៦៨តោន ប្រទេស​អាល្លឺម៉ង់​ចំនួន ៤៩៧,៩០តោន ប្រទេស​ថៃ​ចំនួន ១៨០តោន ប្រទេស​បារាំង​ចំនួន ៤២,០៩តោន ប្រទេស​ឥណ្ឌា​ចំនួន ៤២តោន ប្រទេស​ប៊ែលហ្ស៊ិក​ចំនួន ២៥,៣៨តោន កោះ​តៃវ៉ាន់​ចំនួន ១៥,០៤តោន សាធារណរដ្ឋ​ឆេក​ចំនួន ១២,៨៤តោន ប្រទេស​ប៉ូឡូញចំនួន ៧,០៩តោន ប្រទេស​ជប៉ុន​ចំនួន ៣,៥៥តោន ប្រទេស​កូរ៉េចំនួន ៣,២៥តោន ប្រទេស​រុស្ស៊ីចំនួន ២,៧៨តោន សហរដ្ឋអាមេរិក​ចំនួន ២,០២តោន ប្រទេស​សិង្ហបុរីចំនួន ១,៩៧តោន ប្រទេស​ស្វីសចំនួន ១,៦៤តោន ប្រទេស​ស៊ុយអ៊ែត​ចំនួន ១,២៩តោន ចក្រភព​អង់គ្លេសចំនួន ១,២៤តោន ប្រទេស​អូស្រ្តាលីចំនួន ០,៩០តោន ប្រទេស​កាណាដាចំនួន ០,៥២តោន ប្រទេស​ម៉ាឡេស៊ី​ចំនួន ០,៤០តោន ប្រទេសលីទុយអានីចំនួន ០,២៩តោន ប្រទេស​កាហ្សាក់ស្ថាន​ចំនួន ០,១៩តោន និង​ប្រទេសអារ៉ាប់រួមចំនួន ០,០១តោន៕