ឧកញ៉ាគួច ម៉េងលី៖ ការធ្វើជំនួញប្រៀបដូចការចិញ្ចឹមកូនតូចអ៊ីចឹង

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

លោក​ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បាន​ធ្វើ​ការ​ប្រៀបធៀប ការធ្វើជំនួញ​ប្រៀប​ដូច​ការចិញ្ចឹម​កូន​តូច​អ៊ីចឹង។ លោក​ឧកញ៉ា បាន​ពន្យល់​បែប​នេះ​ថា ការចិញ្ចឹម​កូនតូចគឺ​យើងត្រូវ​ក្រោក​ពីព្រលឹម​មើល​ការ​ខុសត្រូវ ថែទាំ បញ្ចុកបាយឬបំបៅដោះ និងងូតទឹកឱ្យពួកគាត់។ ចំណែកការធ្វើជំនួញ យើង​ត្រូវ​ធ្វើ​តាំង​ពីព្រលឹមរហូត​ដល់យប់ ហើយ​ត្រូវមើលការខុសត្រូវដើម្បីដឹងថា តើយើងមាន​ចំណុចខ្វះ​ខាត​អ្វីខ្លះ? តើយើង​ត្រូវតាម ដានអំពីអ្វី? តើយើងត្រូវកែលម្អអ្វីខ្លះ? តើយើងត្រូវពង្រឹងចំណុច ណា​ខ្លះ?

លោក​ឧកញ៉ា បាន​លើក​ឡើង​ថា បើមើលទៅឃើញចំណុចខ្វះ​ខាតយើងត្រូវចុះធ្វើដោយខ្លួនឯង កុំ​ចាំ​តែបុគ្គលិកធ្វើអី ព្រោះ​ជួន​កាលបុគ្គលិកយើងធ្វើអត់បានយកចិត្តទុកដាក់ទេ អាចធ្វើឱ្យ​ក្រុមហ៊ុន​យើង​ដួល​រលំបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា បាន​បាន​លើក​ជា​​ឧទាហរណ៍​​ថា ដឹងទេ ហេតុអ្វីនៅស្រុកខ្មែរសហគ្រិនវ័យក្មេង​ច្រើន​តែ​បរាជ័យក្រោយពេលធ្វើជំនួញមិនយូរប៉ុន្មាន?គឺដោយសារពួកគាត់ចាប់ផ្ដើមធ្វើជំនួញភ្លាម​ធ្វើ​នាម​ប័ណ្ណ​សុទ្ធតែ CEO ហើយដើរលេងបាត់ៗ ដោយជួលគេមកមើលក្រុមហ៊ុនជំនួស។ ពួក​គាត់​ដើរ​លេង​សប្បាយ ចាយលុយហ៊ឺហា ខ្ជះខ្ជាយទៅលើរបស់ឥតបានការ ឬរបស់គ្មានប្រយោជន៍ និង​ប៉ាវ​មិត្តភក្តិ​ផឹកស៊ីមាននារីកំដរឆ្វេងស្ដាំជាដើម។ ពួកគាត់ភ្លេចគិតថា លុយ​ដែលពួកគាត់​កំពុងចាយ​វាយ​នោះ​ជា​លុយ​គេ ឬជាលុយចំពាក់គេ ដ្បិតអីពួកគាត់មិនទាន់បង់ថ្លៃផ្ទះ ថ្លៃតូប ថ្លៃទឹក ថ្លៃភ្លើង ថ្លៃ​ពន្ធដារ និង​ថ្លៃ​ប្រាក់ខែបុគ្គលិកផង។ពួកគាត់ហឺហាភ្លេចខ្លួនចុះឡើងៗស្រាប់​តែក្ស័យ​ទុនបាត់​ក្រុមហ៊ុន​រលំបាត់​។

ដូច្នេះដើម្បីបញ្ចៀសហានិភ័យក្នុងការធ្វើជំនួញ លោក​ឧកញ៉ា​បាន​ដាស់តឿន​ថា យើង​ត្រូវតែ​យក​ចិត្ត​ទុកដាក់​តាមដាន និងមើលថែក្រុមហ៊ុនរបស់យើងឱ្យបានដិតដល់ ពិសេសមិន​ត្រូវ​ចាយ​វាយ​ខ្ជះខ្ជាយ​ឥតប្រយោជន៍ឡើយ៕

ប្រភព៖ MJQ University Press