Toyota ប្រកាស​សាងសង់​រោងចក្រ​ផលិត​អាគុយ​រថយន្ត គ្រោង​ចាយ​លុយ​ជាង​​ ១ ពាន់​លាន​ដុល្លារ​

អន្តរជាតិ
138 Shares

កាលពី​ថ្ងៃ​ច័ន្ទនេះ ក្រុមហ៊ុន Toyota បាន​​​ប្រកាស​នឹង​សាងសង់​រោងចក្រ​ផលិត​អាគុយរថយន្ត​​ដែល​មាន​​តម្លៃ ១,៣ ពាន់​លាន​ដុល្លារ នៅ​រដ្ឋ North Carolina សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរការ​សាងសង់​អាច​ប្រព្រឹត្ត​ឡើង​នៅ​ឆ្នាំ ២០២៥ តាម​រយៈ​ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះ Toyota Battery Manufacturing ហើយ​គេ​រំពឹង​អាច​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន​អាមេរិក​ប្រមាណ ១ ៧៥០ កន្លែង។

អាជ្ញាធររដ្ឋ North Carolina បាន​បញ្ជាក់​ថា រោងចក្រ​ថ្មី​នេះ​ដំបូង​នឹង​ផលិត​អាគុយ​សម្រាប់​រថយន្ត​កូនកាត់​របស់​ក្រុមហ៊ុន Toyota ហើយ​មាន​បំណង​ផលិត​អាគុយ​សម្រាប់​រថយន្ត EVs ក្នុង​រយៈពេល​វែង។

អាជ្ញាធរ​រដ្ឋ North Carolina នឹ​ង​ផ្តល់​សំណង​ដល់​ក្រុមហ៊ុន​ Toyota ចំនួន ៧៩,១ លាន​ដុល្លារ​ក្នុង​រយៈពេល ២០ ឆ្នាំ ប៉ុន្តែ​ប្រសិន​បើ​ក្រុមហ៊ុនពង្រីក​គម្រោង​ដល់ ៣ ពាន់​លាន​ដុល្លារ ​អាច​ទទួល​បាន​រហូត​ដល់ ៣១៥ លាន​ដុល្លារ​អាមេរិក។

អាជ្ញាធរ​ក៏​នឹង​ផ្តល់​ការ​គាំទ្រ​បន្ថែម​ដើម្បី​ជួយ​ក្នុង​ការ​រៀបចំ​ទីតាំង​ចុងក្រោយ រួម​ទាំង​ប្រាក់​ចំនួន ១៣៥ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​កែលម្អ​ផ្លូវ និង​ប្រព័ន្ធ​ផ្សេងទៀត ហើយ​ប្រសិន​បើ​ក្រុមហ៊ុន​ Toyota ពង្រីក​គម្រោង​នេះ មូលនិធិ​អភិវឌ្ឍន៍​ទីតាំង​ចំនួន ១៨៥ លាន​ដុល្លារ​ទៀត​នឹង​ទម្លាក់​ជូន​ជា​មិនខាន។

​ក្រុមហ៊ុន Toyota បាន​និយាយ​ថា រោងចក្រ​នៅ Nort Carolina គ្រោង​ពង្រីក​ខ្សែផលិតកម្ម​យ៉ាងហោចណាស់ ៦ ខ្សែ សម្រាប់​អាគុយ​ប្រមាណ ១,២ លាន​គ្រាប់​/ឆ្នាំ។

បញ្ជាក់​ដែរ​ថា ការ​វិនិយោគ​មួយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ដែល Toyota បាន​ប្រកាស​កាលពី​ខែតុលា ខណៈ​គ្រានោះ​ពួកគេ​ចង់​វិនិយោគ​ថវិកា ៣,៤ ពាន់​លាន​ដុល្លារ​ទៅ​លើ​ការ​អភិវឌ្ឍន៍ និង​ការ​ផលិត​អាគុយ​រថយន្ត​នៅ​សហរដ្ឋអាមេរិក​ដល់​ឆ្នាំ ២០៣០ ស្របពេល ទឹកប្រាក់​ខាងលើ​នោះ​គឺ​បាន​មក​ពី​មូលនិធិ​នៃ​ទឹកប្រាក់​ចំនួន ១៣,៥ ពាន់​លាន​ដុល្លារ​ដែល Toyota បាន​ប្រកាស​កាលពី​ខែកញ្ញា​ថា ពួកគេ​នឹង​ចំណាយ​សម្រាប់​ទូទាំង​ពិភពលោក​ក្នុងការ​អភិវឌ្ឍន៍​អាគុយ​នៅ​ត្រឹមឆ្នាំ ២០៣០៕

ប្រភព: CNA

138 Shares