ស្លាក​លេខ​ចាស់​គ្មាន QR កូដ​ទាំង​អស់ គ្រោង​នឹង​ប្ដូរ​ថ្មី មក​មាន​ QR កូដ​ ដោយ​ឥត​គិត​ថ្លៃ

សង្គម​និង​សេដ្ឋកិច្ច

យោង​តាម​ប្រសាសន៍​របស់​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ នៅ​ក្នុង​កិច្ចប្រជុំបូក​សរុបលទ្ធ​ផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល​១០ខែ ឆ្នាំ២០១៩ បាន​ឲ្យ​ដឹង​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គ្រោង​នឹង​ស្នើសុំ​ថវិកា ៣លាន​ដុល្លារ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ចំណាយ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​ស្លាក​លេខ​ចាស់ និង​គ្មាន QR កូដ ដើម្បី​ប្ដូរ​យក​ស្លាក​លេខ​ថ្មី ដែល​មាន​ QR កូដ​ដោយ​ឥត​គិត​ថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ដូរ​យក​ស្លាក​លេខ​ថ្មី​នេះ​គឺ ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​អាសយដ្ឋាន​ជា​ថ្មី​ឡើង​វិញ ដើម្បី​រៀបចំ​ទិន្នន័យ​ថ្មី ដែល​មាន​ទីលំនៅ​ត្រឹមត្រូវ​ និង​ឈ្មោះ​ត្រឹមត្រូវ។

គម្រោង​នៃ​ការ​ផ្លាស់​ប្ដូរ​ស្លាកលេខ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​លុប​បំបាត់​នូវ​ ស្លាក​លេខ “សេះហោះ ឬ ក្លែងក្លាយ” នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី។ ឯកឧត្តម​ក៏​បាន​សង្កត់​ធ្ងន់​ថា ប្រជាពលរដ្ឋ​ទាំង​អស់​ចាំ​បាច់​ត្រូវ​តែ​ប្ដូរ​យក​ស្លាក​លេខ​ថ្មី ដែល​មាន​ QR កូដ​។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បន្ថែម​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​តែ​ធ្វើ​ការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំពោះ​គម្រោង​ស្នើ​សុំ​ថវិកា និង​រៀប​ចំ​ប្ដូរ​ស្លាកលេខ​ថ្មី​នេះ ឯ​ចំពោះ​លទ្ធផល​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ៕

ប្រភព៖ ក្រសួង​ព័ត៌មាន