ក្រុមហ៊ុន​អាមេរិក ស្វែង​រក​ឱកាស​វិនិយោគ​ដាំ​ប្រេងខ្យល់ និង​អាកាស្យា​នៅកម្ពុជា នាំ​ចេញទៅ​អន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​មកពីអាមេរិក បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​កសិកម្ម​កម្ពុជា​ជជែក​លើ​ការ​ស្វែង​រក​ឱកាស​វិនិយោគ​ការ​ដាំ​ប្រេង​ខ្យល់ និង​ដើម​អាកាស្យា ផ្គត់ផ្គង់ក្នុងស្រុកនិង​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក (មកពីសហរដ្ឋអាមេរិក)បាន​ជម្រាប​ជូន​រដ្ឋមន្ត្រីអំពីគោលបំណងនៃជំនួបនាពេលនេះគឺដើម្បីស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។

ទាក់ទងនឹងការវិនិយោគនេះ លោកនាយកក្រុមហ៊ុនបានស្នើសុំការណែនាំពី​លោក​រដ្ឋមន្រ្តី​អំពីដំណើរការនៃការវិនិយោគលើឧស្សាហកម្មព្រៃឈើ ការដាំឈើឡើងវិញ ការកែច្នៃ និងនាំចេញ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ បានស្វាគមន៍ចំពោះគោលបំណងអំពីការវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ រួចបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រាប់បម្រើឲ្យផលិតកម្មផ្សេងៗ ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងទីផ្សារអន្តរាជាតិ រួមទាំងទីផ្សារអាមេរិកផងដែរ។

លោក​រដ្ឋមន្ត្រីបានជូនយោបល់ក្រុមហ៊ុនពិចារណា​លើ​ជម្រើស​ចំនួនពីរ គឺ​ទីមួយស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាពិសេសក្រុមហ៊ុនក្នុងស្រុក ដើម្បីប្រើប្រាស់ដីឲ្យអស់សក្តានុពល បង្កើនផលិត ភាពផលិតកម្មឧស្សាហកម្មឈើដាំ បង្កើតការងារសម្រាប់ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងទទួលបានប្រយោជន៍ទាំងរដ្ឋ និងឯកជន។

ជម្រើស​មួយ​ទៀត ក្រុមហ៊ុន​អាច​ធ្វើការសហការវិនិយោគលើការដាំឈើឡើង នៅតាមស្ថានីយ៍ផ្សព្វផ្សាយនិងដាំឈើឡើងវិញ ជាមួយរដ្ឋបាលព្រៃឈើ។

ចំពោះជំរើសទាំងពីរខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតបន្ថែមជាមួយរដ្ឋបាលព្រៃឈើ លើការងារបច្ចេកទេស និងនីតិវិធី ហើយបទដ្ឋានគិតិយុត្ត ដែលមានការពាក់ព័ន្ធ។ ដោយឡែក ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ នឹងរង់ចាំសហការ និងគាំទ្រលើគម្រោងនេះ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសម្រេចទទួលបានជោគជ័យ។