កម្ពុជា ទទួលបានទឹកប្រាក់ជាង ៣៣០លានដុល្លារ ពី ADB សម្រាប់ជំរុញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសរុប ៣៣២,០៥លានដុល្លារ សម្រាប់ជំរុញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គមកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។ ពិធីចុះហត្ថលេខាធ្វើឡើងក្រោមវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ​និងលោក Anthony Gill នាយក​ស្តីទី​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ថវិកានេះ នឹងប្រើប្រាស់សម្រាប់អនុវត្តគម្រោងចំនួន ៤ ដូចជា អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង សម្រាប់កែលម្អ​បណ្តាញ​ផ្លូវ​ និងសម្រាប់អភិវឌ្ឍទីក្រុងគួរឱ្យចង់រស់នៅជាដើម។

ពាក់ព័ន្ធនឹងគម្រោងលើនេះ លោក Anthony Gill និយាយថា ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍ​យូរអង្វែង​របស់កកម្ពុជា ADB ប្តេជ្ញា​គាំទ្រ​លទ្ធភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន​។ គម្រោង​ទាំងនេះ​នឹង​ជំរុញ​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការកែលម្អ​សេវា​ថែទាំ​សុខភាព​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​ទីក្រុង​នៅ​ទីតាំង​យុទ្ធសាស្ត្រ​មួយចំនួន និង​បណ្តាញ​ផ្លូវថ្នល់​​។

បន្ថែមលើនេះលោកអូនព័ន្ធមុនីរ័ត្នបានលើកឡើងថាកិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ៤,៣០ប៊ីលានដុល្លារអាមេរិកដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀងចំនួន៤ដែលបានចុះហត្ថលេខាក្នុងថ្ងៃនេះ។ក្នុងនោះឥណទានមានទឹកប្រាក់សរុបចំនួនប្រមាណ៣,៧៥ប៊ីលានដុល្លារអាមេរិកសម្រាប់អនុវត្តកម្មវិធីនិងគម្រោងចំនួន១២៣និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ៥១៦លានដុល្លារអាមេរិកសម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន៦៤។សកម្មភាពទាំងនេះត្រូវបានលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអះអាងថាបង្ហាញពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំរបស់ ADB ជាមួយរដ្ឋាភិបាលកម្ពុជា។

សម្រាប់លោករដ្ឋមន្រ្តីតាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងទាំងនេះ នឹងតួនាទីដ៏សំខាន់ចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដើម្បីបន្តធានាសម្រេចឲ្យបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែងនិងឆ្ពោះទៅរកវិបុលភាព៕