Starbucks សម្រេចបិទហាងចំនួន ២ ក្រោយរកឃើញប្រើប្រាស់គ្រឿងផ្សំហួសពេលកំណត់

អន្តរជាតិ

កាហ្វេ Starbucks របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបិទហាងចំនួន ២ នៅក្នុងប្រទេសចិន ហើយកំពុងតែបន្តធ្វើការស៊ើបអង្កេតទៅលើហាងបន្ថែមទៀត បន្ទាប់ពីកាសែតដែលគាំទ្រដោយរដ្ឋ បានរាយការណ៍ថាហាងទាំង ២ នោះ បានប្រើប្រាស់គ្រឿងផ្សំដែលផុតសុពលភាព ដើម្បីធ្វើភេសជ្ជ:បម្រើអតិថិជន ដែលនេះគឺជាការបំពានច្បាប់យ៉ាងខ្លាំង នៅក្នុងប្រទេសចិន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអ្វីដែលកាសែត Beijing News បានបញ្ជាក់បន្ទាប់ពីមានការស៊ើបអង្កេតជាសម្ងាត់ បានបង្ហាញថា ហេតុការណ៍នេះ គឺបានកើតឡើងនៅលើហាងចំនួន ២ ក្នុងទីក្រុង Wuxi ដែលស្ថិតនៅភាគខាងកើតប្រទេសចិន ។

មិនតែប៉ុណ្ណោះប្រភពខាងលើ បាននិយាយថា ហាងមួយក្នុងចំនោមហាង Starbucks ២ នោះ បានប្រើប្រាស់ទឹក matcha ដែលផុតពេលកំណត់សម្រាប់ធ្វើ lattes ខណៈហាងមួយទៀតបានដាក់លក់នំខូចគុណភាព ដែលគួរតែបោះចោល ។

ដោយឡែក ទាក់ទងជាមួយបញ្ហានេះ អ្នកនាំពាក្យរបស់ Starbucks បាននិយាយថា ៖ ” យើងទទួលយកនូវអ្វី ដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកយ៉ាងពេញទំហឹង ហើយយើងបានសម្រេចបិទហាងទាំង ២ នោះភ្លាមៗ ដើម្បីបន្តធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចង់បន្ថែម ” ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើ មិនបានធ្វើការអត្ថាធិប្បាយ អំពីភាពជាក់លាក់នៃរបាយការណ៍នេះនោះទេ ស្របពេលហេតុការណ៍មួយនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅលើបណ្តាញទំនាក់ទំនងសង្គមចិន Weibo ។​

សូមបញ្ជាក់ផងដែរថា ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុត សម្រាប់ប្រេនកាហ្វេ Starbucks ដែលនៅខាងក្រៅសហរដ្ឋអាមេរិក ដោយមានហាងចំនួន ៥ ៣៦០ គិតត្រឹម ថ្ងៃទី ៣ ខែតុលា ៕

ប្រភព: Bangkok Post