លែងពឹងគេទៀតហើយ ពេលនេះ Vingroup នឹងសាងសង់រោងចក្រអាគុយខ្លួនឯង តម្លៃ ១៧៤ លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Vingroup របស់វៀតណាម ថ្មីៗនេះបាននិយាយថា ខ្លួនកំពុងចាប់ផ្តើមសាងសង់រោងចក្រអាគុយមួយ ដែលតម្លៃប្រមាណ ១៧៤ លានដុល្លារ សម្រាប់ផ្គត់ផ្គង់ទៅលើអាជីវកម្មរថយន្តអគ្គិសនី VinFast  ដូច្នេះវាមានន័យថាក្រុមហ៊ុននេះ អាចធ្វើជាម្ចាស់ខ្សែសង្វាក់ផ្គត់ផ្គង់អាគុយផ្ទាល់ខ្លួនតែម្តង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង VinFast បានក្លាយជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេបង្អស់របស់វៀតណាម ដោយម៉ូដែលដំបូងបង្អស់របស់ខ្លួន ត្រូវបានដាក់ឲ្យចរាចរណ៍នៅលើដងផ្លូវ ក្នុងឆ្នាំ ២០១៩ ។

យ៉ាងណា ខណ:ពេលដែលក្រុមហ៊ុនកំពុងវាយសម្រុកចូលទៅក្នុងទីផ្សាររបស់អហរដ្ឋអាមេរិក ជាមួយនឹងរថយន្តអគ្គិសនីប្រភេទ SUV និងម៉ូដែលអគ្គិសនីផ្សេងទៀត វាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំក្រោយ ។

គួរឲ្យដឹងផងដែរថា រោងចក្រអាគុយ EV ដំបូងគេបំផុតរបស់ប្រទេសវៀតណាមមួយនេះ នឹងមានទីតាំងនៅភាគកណ្តាលនៃខេត្ត Ha Tinh ដែលលាតសន្ធឹងនៅលើផ្ទៃដីប្រមាណ ៨ ហិចតា ។

លោក Thai Thi Thanh Hai អនុប្រធានក្រុមហ៊ុន Vingroup និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ VinFast បានមានប្រសាសន៍ថា “ការសាងសង់រោងចក្រនេះគឺស្ថិតនៅក្នុងការផ្តោតសំខាន់នៃយុទ្ធសាស្ត្រធ្វើមូលដ្ឋានីយកម្មនៃការផ្គត់ផ្គង់របស់ VinFast។ ហើយយុទ្ធសាស្រ្តនេះ អាចឱ្យយើងធ្វើជាម្ចាស់ខ្សែសង្វាក់ផ្គត់ផ្គង់អាគុយ  និងគ្រឿងបន្លាស់ផ្ទាល់ខ្លួនយើងតែម្តង ” ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងសម្លឹងឆ្ពោះទៅរកការផលិតអាគុយ ឲ្យបាន ១០០ ០០០ ក្នុងមួយឆ្នាំ សម្រាប់ដំណាក់កាលដំបូង ហើយបន្ទាប់មកនឹងបង្កើនសសមត្ថភាពផលិតដល់មួយលាន ។

យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបញ្ជាក់លម្អិតអំពីពេលវេលារបស់គម្រោងនេះទេ ប៉ុន្តែដោយផ្អែកលើរបាយការណ៍កាលពីខែតុលា បានឲ្យដឹងថាកម្រោងនឹងដំណើរការពេញលេញ ចាប់ពីឆ្នាំ ២០២៥ ទៅ ៕

ប្រភព: CNA