លោក ផាន់ ផល្លា៖ ក្រោយបើកប្រទេសជាង១ខែមក សកម្មភាពសេដ្ឋកិច្ចមានការកើនឡើង

សង្គម​និង​សេដ្ឋកិច្ច

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា ក្រោយបើកប្រទេសឡើងវិញអស់ពេលជាង១ខែមកនេះ គឺសកម្មភាពសេដ្ឋកិច្ចមានការកើនឡើង និងល្អប្រសើរជាងមុន ខណៈកម្ពុជាបានស្រោចវ៉ាក់សាំងការពារកូវីដ-១៩ ពាសពេញផ្ទៃប្រទេស។ លោកថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នឹងត្រលប់មករកស្ថានភាពដើមវិញ គឺក្នុងរង្វង់៧%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុង​សន្និសីទ​សារព័ត៌មានស្តីពី​ «យុទ្ធសាស្ត្រ​ស្តារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការរស់​នៅ​ជាមួយ​ជំងឺ​កូវីដ-១៩​ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​»​ ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃអង្គារ​ ទី១៤ ធ្នូនេះ។​ 

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន់ ផល្លា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនល្អប្រសើរនៅពេលនេះ គឺដោយសំអាងទៅលើកត្តាមួយចំនួន ដូចជាកត្តាទីផ្សារក្រៅប្រទេស ការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ដែលជាទីផ្សារធំរបស់កម្ពុជា មិនមានភាពថមថយ។ ក្រៅពីនេះ ក៏មានកត្តាសំខាន់ៗផ្សេងៗទៀត ដូចជាកត្តាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមផ្សំជាមួយវិធានការនានា ដែលរដ្ឋាភិបាលដាក់ចេញនាពេលកន្លងមក។

តួលេខរយៈពេល១១ខែឆ្នាំ២០២១នេះ បង្ហាញឲ្យឃើញថា វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរមានកំណើន ១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានត្រឹម១០%ប៉ុណ្ណោះ។ ចំណែកការនាំចេញទំនិញមិនមែនកាត់ដេររយៈពេល១១ខែ គឺមានការកើនឡើងប្រមាណ៥៣%។

លើសពីនេះ ការនាំចេញវិស័យកសិកម្ម ក៏មានការកើនឡើងច្រើនដែរ ដែលវិស័យកាត់ដេរ និងវិស័យកសិកម្ម បានដើរតួនាទីសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ខណៈវិស័យអចលនទ្រព្យត្រូវបានវាយតម្លៃថាមិនមានឧបសគ្គធ្ងន់ធ្ងរ ដោយសារនៅតែមានសកម្មភាពទិញ លក់ ជាធម្មតា៕