មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល អះអាងថា កម្ពុជានៅតែមានលទ្ធភាពសងបំណុលត្រឡប់វិញ ខណៈបំណុលទាំងមូលមានចំនួន ៩ប៊ីលានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

មកដល់ពេលបច្ចុប្បន្ន បំណុលរបស់កម្ពុជាទាំងមូលមានចំនួន ៩ប៊ីលានដុល្លារ ចំពោះបញ្ហានៃបំណុលនេះ កម្ពុជានៅតែមានលទ្ធភាពក្នុងការសងត្រឡប់វិញ បើធៀបនឹងបណ្ដាប្រទេសមួយចំនួន ព្រោះបំណុលស្ថិតក្នុងកម្រិតទាបនៅឡើយ។ នេះបើតាមបញ្ជាក់របស់លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសសន្និសីទសារព័ត៌មាន ស្ដីពី «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃអង្គារ៍នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផាន់ ផល្លារ បានថ្លែងក្នុងន័យដើមថា ខ្ញុំសូមបញ្ជាក់ចំពោះបញ្ហាបំណុលថា បំណុលរបស់កម្ពុជាទាំងមូលមានចំនួន៩ប៊ីលានដុល្លារ ចំពោះបញ្ហានៃបំណុលនេះ កម្ពុជានៅមានលទ្ធភាព ក្នុងការសងត្រឡប់ ហើយបំណុលនេះជាបំណុលស្ថិត ក្នុងកម្រិតទាបនៅឡើយទេ។ បើតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ការវាយតម្លៃរបស់ធនាគារពិភពលោក និងស្ថាប័នអន្ដរជាតិផ្សេងៗទៀត បើតាមការប្រៀបធៀបបំណុលរបស់កម្ពុជា ជាមួយបណ្ដាប្រទេសផ្សេងទៀត បំណុលរបស់កម្ពុជាមានកម្រិតទាបណាស់ កម្ពុជាមិនបានស្ថិតក្នុងបំណុលវណ្ឌក ដូចបណ្ដាប្រទេសមួយចំនួននោះទេ។ ដូច្នេះកម្ពុជាយើងមិនមានបញ្ហាពាក់ព័ន្ធនឹងលទ្ធភាព ក្នុងការសងត្រឡប់បំណុលនោះឡើយ ដោយសារតែបំណុលរបស់យើងនៅទាបនៅឡើយទេ។

យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បញ្ជាក់ថា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍នូវទឹកប្រាក់ចំនួនកម្រិត ១៦០០លានSDR (ជាខ្នាតកណ្ដាលមួយ សម្រាប់វាយតម្លៃនៃលុយ) ដែលស្មើនឹងប្រមាណជាង ២២០០លានដុល្លារអាមេរិក។

នៅដើមឆ្នាំ២០២១នេះ ទីភ្នាក់ងារ វាយតម្លៃឥណទានពិភពលោក «Moody’s Investor Service» បានលើកឡើងថា កម្ពុជាមិនងាយរងគ្រោះដោយបំណុលបរទេសនោះទេ។ ភាពងាយរងគ្រោះនៃបំណុលរបស់កម្ពុជា នៅតែស្ថិតនៅក្នុងស្ថានភាព ដែលអាចគ្រប់គ្រងបាន ហើយចក្ខុវិស័យកំណើនផលិតផល ក្នុងស្រុកសរុបដ៏រឹងមាំរបស់កម្ពុជា ជាកត្តាដែលផ្ដល់ទំនុកចិត្តរបស់ខ្លួន លើបន្ទុកបំណុលរបស់ប្រទេសកម្ពុជា។

សូមរំលឹកឡើងវិញថា កាលពីសប្តាហ៍មុន ធនាគារពិភពលោក (The World Bank) បានព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ ថាមានកំណើន ២,២% ហើយរំពឹងថានឹងកើនដល់ ៤,៥% នៅឆ្នាំ២០២២។

ទោះយ៉ាងណា មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានវាយតម្លៃថា ក្រោយបើកប្រទេសឡើងវិញអស់ពេលជាង១ខែមកនេះ គឺសកម្មភាពសេដ្ឋកិច្ចមានការកើនឡើង និងល្អប្រសើរជាងមុន ខណៈកម្ពុជាបានស្រោចវ៉ាក់សាំងការពារកូវីដ-១៩ ពាសពេញផ្ទៃប្រទេស។ លោកថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នឹងត្រលប់មករកស្ថានភាពដើមវិញ គឺក្នុងរង្វង់៧%៕