កាន់តែ​អ៊ូអរ ហាង​និង​ភោជនីយដ្ឋាន​តូចធំ​បើក​ឡើងវិញ ទទួល​អ្នក​ធ្វើ​ដំណើរ​​នៅព្រលានយន្តហោះ​ភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

ក្រោយ​ផ្អាក​ដោយសារ​កូវីដ​មួយ​រយៈ ហាង​លក់ទំនិញ​តូចធំ​ដែលមានទីតាំង​នៅព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ ស្របពេលស្ថានភាពលំហូរ​ការ​ធ្វើ​ដំណើរ​មានសកម្មភាព​​បណ្តើរៗវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង ហាង Dairy Queen (DQ) នៅសាលមកដល់នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបើក​ឡើងវិញកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ DQ ជា​ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​ដែល​បាន​បោះជំហាន​ចូល​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០០២។ ភោជនីយដ្ឋាន​នេះ​បាន​បម្រើ​អា​ហារ​ឆ្ងាញ់​ៗដល់​អតិថិជន​តាំងពី​ឆ្នាំ១៩៤០ មក​ម៉្លេះ។

ដោយឡែក​ ហាង Circle K ជា​ហាង​លក់​ផលិតផលជាច្រើនប្រភេទ ក៏​បានចាប់ផ្តើម​ដំណើរការ​នៅ​សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងឱកាសនៃការបើកដំណើរការឡើងវិញ ហាង Circle K បានប្រកាស​​ផ្តល់ជូនប្រូម៉ូសិន​ពិសេស​រាល់​អ្នក​ដំណើរ​ទាំងអស់​ដែល​ចូល​ជាវ​ទំនិញ​នៅក្នុងហាង។

មន្រ្តី​ព្រលាន​យន្តហោះ​ភ្នំពេញ​បាន​បញ្ជាក់​ថា ហាងនិងភោជនីយដ្ឋានផ្សេងទៀតនៅក្នុងអាកាសយានដ្ឋាននឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១​តទៅ បន្ទាប់​ពី​អត្រាឆ្លងជំងឺកូវីដ-១៩ មានការធ្លាក់​ចុះ​ជាបន្តបន្ទាប់​។

នៅក្នុងខែធ្នូ ឆ្នាំ២០២១ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ ក្នុងនោះចំនួន៦បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ និងចំនួន២ ស្នើសុំបន្ថែមជើងហោះហើរ ដែលធ្វើឲ្យកំណើនជើងហោះហើរ មានរហូត៤៣ជើងក្នុង១សប្តាហ៍ ចាប់ពីខែធ្នូតទៅ៕