ពហុកីឡដ្ឋាន​មរតក​តេជោ ជា​ជំនួយ​ឥតសំណង​ធំ​បំផុត​របស់​ចិន​មក​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខ​រដ្ឋាភិបាល​បាន​ហៅ​ជំនួយ​ដែល​ចិន​ផ្តល់​​ឲ្យ​សម្រាប់​ការ​កសាង​ពហុកីឡដ្ឋាន​មរតក​តេជោ គឺ​ជា​ជំនួយ​ឥតសំណង​ធំ​បំផុត ដែល​បង្ហាញ​ពី​មិត្តភាព​ដែកថែក​របស់​ប្រទេស​ទាំង​ពីរកម្ពុជា​និង​ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ពិធី​សម្ពោធ​ពហុកីឡដ្ឋាន​មរតក​តេជោ​នៅ​ព្រឹកនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​ជំនួយ​ក្នុង​ការ​កសាង​ពហុកីឡដ្ឋាន​នេះ​បង្ហាញ​ពី​ជម្រៅ​ទឹក​ចិត្ត​របស់មិត្តចិន ដែលឈរ​លើ​មូលដ្ឋាន​គោរពឯករាជ្យអធិបតេយ្យភាពទៅវិញទៅមក ។​

​គម្រោង​ស្ថាបនា​ពហុកីឡដ្ឋានមរតកតេជោដែល​បាន​ចំណាយ​ការ​សាងសង់​ប្រហែល ១៥០ លាន​ដុល្លារ ត្រូវ​បាន​ប្រមុខរដ្ឋាភិបាល​អះអាង​ថា នឹង​ជួយ​​​ពង្រឹង​បាន​ឯករាជ្យ​​ភាព និង​អធិបតី​ភាព​របស់ប្រទេស​កម្ពុជា។

ពហុកីឡដ្ឋានជាតិមរតកតេជោ​នឹង​ប្រើប្រាស់ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់​ផ្ទះការ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅឆ្នាំ២០២៣។ ពហុកីឡដ្ឋានធំ​នេះ អាចផ្ទុយអ្នក​ទស្សនា​​ជាង៦ម៉ឺននាក់ ហើយអ្វីដែលពិសេសគឺក្រុមការងារបច្ចេកទេសបានរៀបចំ​ច្រកសុវត្ថិ​ភាព ដោយអាចជម្លៀសអ្នកគាំទ្រទាំងអស់ ក្នុងរយៈពេលត្រឹមតែ៧នាទីប៉ុណ្ណោះ។

ពហុកីឡដ្ឋានជាតិមរតកតេជោ មានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអគារ សាលវេជ្ជសាស្ត្រវិទ្យាសាស្ត្រកីឡា សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីផងដែរ ។ ពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់ ហើយនៅក្នុងបរិវេណពហុកីឡាដ្ឋាននេះ មានកន្លែងស្នាក់នៅរបស់កីឡាករ មានទីលានបាល់ទាត់, ទីលានអត្តពលកម្ម ,សាលបាល់បោះ ,សាលបាល់ទះ ,សាលហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម ។

គួរ​បញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែល​មាន​ទីតាំង​ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បាន​សាងសង់នៅលើផ្ទៃដីជាង៨៥ហិកតា ដែល​បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៣ និង​រួចរាល់​នៅ ចុង​ឆ្នាំ​២០២១៕