គ្រាន់តែស្រុក៣ នៅខេត្តពោធិ៍សាត់ រកឃើញអ្នកទន្រ្ទានដីព្រៃលិចទឹកជាង ៤ពាន់ហិកតា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមការងារអន្តរក្រសួង ទទួលបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចុះពិនិត្យនិងស្រាវជ្រាវបញ្ហាការទន្រ្ទាន និងកាន់កាប់ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប បន្ទាប់ពីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌត្យសភាកម្ពុជា កាលពីខែវិច្ឆិកា បានចុះស្រាវជ្រាវរកឃើញអ្នកទន្រ្ទានដីព្រៃលិចទឹកមានភាពធ្ងន់ធ្ងរ ស្ថិតនៅក្នុងភាពប្រកាសអាសន្ន ហើយបានរាយការណ៍ទៅកាន់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងនឹងបញ្ហាការទន្រ្ទានដីព្រៃលិចទឹកនេះដែរ ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចដោយខុសច្បាប់ជាជំហានទី ១ ក្នុងតំបន់៣ ស្ថិតនៅស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយរកឃើញអ្នកទន្ទ្រានដីរដ្ឋចំនួន ១៩២១គ្រួសារ លើ៦៧ទីតាំង ក្នុងភូមិចំនួន៣៧ ឃុំចំនួន១៥ ស្មើនឹងផ្ទៃដីប្រមាណ ៤៤៣៤,០៧ហិកតា។ បើតាមកិច្ចប្រជុំអន្តរក្រសួងដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន ក្នុងការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ។

កិច្ចប្រជុំនេះ បានពិភាក្សា និងឯកភាពបន្តសំអាតទិន្នន័យ និងព័ត៌មានដែលបានចុះពិនិត្យជាក់ស្តែងកន្លងមក ដោយធ្វើការបញ្ជាន់និន្នន័យដែលបានចុះពិនិត្យជាក់ស្តែង ធៀបទៅនឹងផែនទីរបស់អាជ្ញាធរទន្លេសាប ដោយអាជ្ញាធរនឹងរៀបចំផ្តល់ជូន ជាមួយនឹងក្រុមការងារជំនាញ រៀបចំផែនការ និងចាត់ចែងដាំគ្រាប់ត្នោត តាមស្រុកគោលដៅទាំង៣ ដើម្បីចុះបញ្ជីដីព្រៃលិចទឹក តំបន់៣ របស់រដ្ឋ។

ដី​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប​រួម​មាន​ខេត្ត​កំពង់ឆ្នាំង​ពោធិ៍សាត់​ បាត់ដំបង​ បន្ទាយ​មានជ័យ​ សៀមរាប​និង​កំពង់ធំ​មាន​ចំនួន​ប្រមាណ​៦៥​ម៉ឺន​ហិកតា។​ អាជ្ញាធរ​ខេត្ត​ត្រូវ​បាន​កំណត់​ភារកិច្ច​កាតព្វ​កិច្ច​និង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់គ្រង​ការ​ការពារ​និង​ការ​ថែ​រក្សា​ដែន​ព្រៃ​លិច​ទឹក​ហើយ​ចំពោះ​ការ​បាត់​បង់​ដែន​ព្រៃ​លិច​ទឹក​និង​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​នៃ​ខេត្ត​ណា​ គណៈអភិបាល​នៃ​ខេត្ត​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​រដ្ឋាភិបាល។

ក្រឡែកមក លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង​ជាអ្នកស្រាវជ្រាវ​ករណីនេះ​ដែរ​ បានបង្ហាញការឈឺចាប់ នឹងទង្វើអ្នក ដែលបំផ្លាញព្រៃលិចទឹក និងទន្ទ្រានយកដីតាមបឹងទន្លេសាប អស់រាប់ម៉ឺនហិកតា តែបែរជាឆ្លើយថា តែ២ទៅ ៣ពាន់ហិកតា។ ការប្រតិកម្មរបស់លោកបណ្ឌិត សុខ ទូច ធ្វើឡើងក្នុងពិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្តីពី បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និង សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

 លោកបណ្ឌិត​ សុខ ទូច​ បាន​អះអាង​ថា ​ការកាប់​ទន្ទ្រាន​ដីព្រៃលិច​ទឹកនាពេល​នេះមាន​ភាពធ្ងន់ធ្ងរ​ អាច​និយាយ​បានថា​ស្ថិតនៅក្នុង​ភាព​ប្រកាស​អាសន្ន​ ដែល​តម្រូវ​ឲ្យមានការ​ទប់ស្កាត់​ជាបន្ទាន់។​ លោក​បណ្ឌិត​ សុខ ទូច​ បញ្ជាក់ថា​ ចំណាត់​ការ​របស់​រដ្ឋាភិបាល​ពីចម្រុះ​ក្រសួង​គឺជារឿង​ត្រឹមត្រូវ​ ដើម្បី​បង្រ្កាប​ដោយ​ប្រើប្រាស់​កណ្តាប់​ដៃដែក។​

គួររម្លឹកថា អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៦ធ្នូ បានឲ្យដឹងថា ACU សម្រេចឃាត់ខ្លួនមន្ត្រីពីររូប បន្ទាប់ពីបានសាកសួរហើយរកឃើញថា មន្ត្រីទាំងនោះបានទន្រ្ទានយកដីព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ មន្ត្រីទាំងពីររូបនោះ រួមមាន លោក ស៊ុំ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ អង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា ការឃាត់ខ្លួននេះ ធ្វើឡើងដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕