បណ្ឌិត សុខ ទូច ផ្តួចផ្តើមបង្កើតសាលារៀនថ្នាក់បណ្ឌិត តែ​ក្រោយសាលា​​ទទួល​​ជោគ​ជ័យ​ លោកក៏​ត្រូវបាន​ដេញ​ចេញ​

សង្គម​និង​សេដ្ឋកិច្ច

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌត្យសភាកម្ពុជា និងជាអ្នកស្រាវជ្រាវ​បញ្ហាការទន្រ្ទាន និងកាន់កាប់ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលលោកចាត់ថាកំពុងមានភាពធ្ងន់ធ្ងរ ស្ថិតនៅក្នុងភាពប្រកាសអាសន្នដែល​តម្រូវ​ឲ្យមានការ​ទប់ស្កាត់​ជាបន្ទាន់ ពោលគឺអស់រាប់ម៉ឺនហិកតា ហើយលោកបានរាយការណ៍ទៅកាន់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា។ ភ្លាមៗ សម្តេច ហ៊ុន សែន បានចេញបទបញ្ជាឲ្យបង្កើតក្រុមការងារអន្តរក្រសួងចុះស្រាវជ្រាវ និងដកហូតដីព្រែលិចទឹកពីអ្នកមានអំណាច អ្នកជំនួញ និងប្រជាពលរដ្ឋដែលកាន់កាប់ទន្ទ្រានយកដីរដ្ឋ។ លោក​បណ្ឌិត​ សុខ ទូច​ បញ្ជាក់ថា​ ចំណាត់​ការ​របស់​រដ្ឋាភិបាល​ពីចម្រុះ​ក្រសួង​គឺជារឿង​ត្រឹមត្រូវ​ ដើម្បី​បង្រ្កាប​ដោយ​ប្រើប្រាស់​កណ្តាប់​ដៃដែក។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃនេះសារព័ត៌មានឧកញ៉ាញូស៍ សូមបើកបង្ហាញប្រវត្តិ និងបទពិសោធនការងាររបស់លោក សុខ ទូច ដូចតទៅ៖

 លោក សុខ ទូច ចូលកាន់តំណែង​ជាប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។ លោក​កើត​នៅ​​​ឆ្នាំ​ ១៩៦៥ ដែលមាន​បង​ប្អូន​​ប្រាំ​នាក់​ ស្រី​​ពីរ​នាក់​ និង​ ប្រុស​បី​នាក់​ ស្ថិតនៅ​​ភូមិ​តា​កយ​ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រីសន្ធរ ​​ខេត្ត​កំពង់​ចាម។ ​​​លោក​បាន​ប្រឡង​បញ្ចប់​ថ្នាក់​បឋម​ (ថ្នាក់​ទី​បួន) ក្នុង​​ឆ្នាំ​១៩៨៤។ ក្រោយប្រឡង​ជាប់​ថ្នាក់​បឋម​មកគ្រួសារ​បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​មក​រស់​នៅ​ទីក្រុង​​ភ្នំ​ពេញ​។​ ​​

លោក ​សុខ ​ទូច ​​​​ឡើង​មក​​រៀន​បន្ត​​​ថ្នាក់​មធ្យម​សិក្សា​កម្រិត​មួយ​នៅ​ក្រុង​ភ្នំ​ពេញ​ គឺ​នៅ​​​សាលា​ចតុមុខ​​ និងបាន​បន្ត​ចូល​រៀន​ថ្នាក់​វិទ្យាល័យគឺ​សាលា​ភ្នំ​ដូន​ពេញ​​ បច្ចុប្បន្ន​សាលា​ស៊ីសុវត្ថិ។ ​​​នៅ​រៀន​សាលា​នេះ​ លោកបាន​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​ ពីព្រោះ​ស្ថានភាព​គ្រួសារ​មិន​មាន​លុយ​គ្រប់​គ្រាន់​ផ្គត់​ផ្គង់​ឲ្យ​​លោក​ រៀន​​ សូម្បី​សំលៀក​បំពាក់​ក៏​​ខ្វះ​ដែរ។ ​​ពេល​ខ្លះ​ត្រូវ​​ធាក់​កង់​​ឌុប​ដើម្បី​យក​លុយ​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ ។​​ លោក​ថា​ “​មាន​អាវ​ស​តែ​មួយ​គត់​រៀន​បី​ឆ្នាំ​ នៅ​ពេល​គក់​ម្ដង​ៗ​​​ត្រូវ​អង្គុយ​យាម​​ទាល់​តែ​ស្ងួត​ព្រោះ​ខ្លាច​​គេ​ លួច”។ ​បើ​ទោះ​បី​ឆ្លង​កាត់​ការ​លំបាក​ច្រើន​យ៉ាង​នេះ​ក៏​ដោយ​ ​ក៏​រូប​លោក​​​បាន​ជម្នះ​ឧបសគ្គ​ ហើយ​បាន​​ប្រឡង​​​បញ្ចប់​​ថ្នាក់​បាក់​ឌុប​​​​ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​ ១៩៨៩​​។

ក្រោយ​មក ​​​លោក​ សុខ ទូច ​ក៏​បាន​សម្រេច​ចិត្ត​ដាក់​អាហារូបករណ៍​ទៅ​បរទេស​បន្ត​ តែ​ដូរ​ពី​អាហារូបករណ៍​កម្រិត​ឧត្ដម​ទៅ​​អាហារូបករណ៍​​​កម្រិត​មធ្យម​ឯកទេស។ ​អាច​ចាត់​ទុក​​បាន​ថា​ ជា​សំណាង​ល្អ​របស់​លោក​ដែរ​ ពី​ព្រោះ​បាន​ប្រឡង ​[ជាប់​​​បម្រុង]។ លោកថ្លែងថា៖ “នៅ​​សល់​ត្រឹម​តែ​ពីរ​សប្ដាហ៍​ មុន​ពេល​ចេញ​ដំណើរ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស ​មាន​បេក្ខជន​​កម្រិត​មធ្យម​ឯកទេស​​​ម្នាក់​ដួល​​ម៉ូតូ​បាក់​ដៃ​ មិន​អាច​ទៅ​រៀន​បាន​ លោក​ក៏​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ទៅ​រៀន​​ជំនួស​​គេ​ទៅ​”

លោក​ចូល​រៀន​ថ្នាក់​ឯកទេស​ដំបូង​​ក្នុង​​ឆ្នាំ​១៩៩០​​ នៅ​​រដ្ឋ​គីជីស្តង់​ (បច្ចុប្បន្ន​ប្រទេស​គីជីស្ដង់)។ រៀន​ទី​នោះ​បាន​មួយ​ឆ្នាំ​ ដោយ​សារ​​លោក​រៀន​ពូកែ​ខាង​សាលា​​ក៏​បាន​ជំរុញ​លោក​ឲ្យ​រៀន​​ថ្នាក់​ឧត្ដម​ ដោយ​ត្រូវ​ទៅ​បន្ត​នៅ​រដ្ឋ​​មួយ​ទៀត​​​​ក្នុង​ប្រទេស​រុស្សី។ ការ​​ទៅ​សិក្សា​នៅ​​​ប្រទេស​រុស្ស៊ី​ជា​រឿង​លំបាក​បំផុត ​ពី​ព្រោះ​ រដ្ឋ​​ផ្ដល់​ប្រាក់​​អាហារូបករណ៍​​ត្រឹម​តែ​​៥​ដុល្លារ​ ចំណែក​ខាង​រដ្ឋាភិបាល​រុស្ស៊ី​​ឲ្យ​​ត្រឹម​តែ​១០​ដុល្លារ​ ​សរុប​ទៅ​ទទួល​បាន​ត្រឹម​តែ​១៥​ដុល្លារ​ក្នុង​​មួយ​ខែ​ ដែល​ដូរ​ជា​លុយ​រូប​ (រូបិយប័ណ្ណ​របស់​រុស្ស៊ី) ​វិញ​បាន​ត្រឹម​តែ​៤០០​រូប​ប៉ុណ្ណោះ​ ហើយ​បើ​យក​៤០០​រ៉ូប​​ទៅ​ទិញ​នំប៉័ង​​​​វិញ​បាន​ត្រឹម​តែ​៤០០​នំប៉័ង​ ប៉ុណ្ណោះ។

​នៅរៀន​រដ្ឋ​រុស្សី​បាន​ដល់​​ឆ្នាំ​ទី​ពីរ​ គឺ​នៅ​ឆ្នាំ​១៩៩២​ លោក​បាន​បាក់​ចិត្ត​ស្រឡាញ់​នារី​ជន​ជាតិ​រុស្សី​ម្នាក់។ ​នៅ​សម័យ​នោះ​ ​ពិភពលោក​មាន​ការ​បែង​ចែក​ពណ៌​​សម្បុរ​ ​ពោល​គឺ​បែង​ចែក​រវាង​​អ្នក​នៅ​​អាស៊ី​ ​នៅ​អឺរ៉ុប​ និង​​អ្នក​នៅ​អាហ្វ្រិក​។ តែ​នារី​ដែល​រូប​លោក​ស្រឡាញ់​ មិន​បាន​បែង​ចែក​​នោះ​ទេ ​ដោយ​បាន​បាក់​ចិត្ត​ស្រឡាញ់​​លោក​ជា និស្សិត​​​ដ៏​កម្សត់​ គ្មាន​ទ្រព្យ​ធន​ ថែម​ទាំង​​មិន​ទាន់​មាន​ការ​ងារ​ទៀត​ផង​នោះ។ ​​​ដោយ​សារ​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​បែប​នេះ​ ទើប​រូប​លោក​សម្រេច​ចិត្ត​​រៀប​ការ​ជា​មួយ​គ្នា​​នៅ​ឆ្នាំ​១៩៩២​​។

ជា​រឿង​កម្សត់​បំផុត​ ពេល​ខ្លះ​ លោក​​និង​​ភរិយា​ គ្មាន​អី​ញ៉ាំ​ទាល់​តែ​សោះ​​ ​​ជា​ពិសេស​នៅ​រដូវរងា (​ខែ​ទឹកកក​) ​លោក​ត្រូវ​បេះ​[កន្ទិចអាល]​ស្រុះ​​​ជា​មួយ​ទឹក​​យក​មក​ញ៉ាំ​​ជា​មួយ​ នំប៉័ង។ នៅ​ពេល​ព្រឹក​​គ្មាន​អី​ញ៉ាំ​ទេ​​ក្រៅ​ពី[ទឹក​​តែ​មួយ​ពែង] ហើយ​ជា​រៀង​រាល់​ពេល​មុន​ទៅ​សាលា​ លោក​ញ៉ាំ​តែ​តែ​មួយ​ពែង​គត់​។ ​លោក​បញ្ជាក់​ថា​ “​ទៅ​រៀន​មិន​ហ៊ាន ​អង្គុយ​មុខ​គេ​​ទេ… មិន​មែន​រៀន​មិន​ចេះ​នោះ​ទេ​ តែ​ខ្លាច​កូរ​ពោះ​ឭ​ដល់​មិត្តភ័ក្ដិ​​អង្គុយ​ជិត​ ពីព្រោះ​ព្រឹក​ឡើង​គ្មាន​អី​ញ៉ាំ​​ក្រៅ​ពី​ទឹក​តែ​មួយ​ពែង នោះ…”។

នៅ ​ឆ្នាំ​១៩៩៤​ លោក​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ដោយ​ប្រឡង​បញ្ចប់​​ទទួល​បាន​ជោគ​ជ័យ​ និង​ទទួល​​​បាន​ពិន្ទុ​ខ្ពស់​ទៀត​ផង។ ​ក្រោយ​មក ​លោក​បាន​បន្ត​ថ្នាក់​​អនុ​បណ្ឌិត​​​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​​​នៅ​សាលា​ ដដែល។ ​ជីវិត​នៅ​ពេល​កំពុង​រៀន​ថ្នាក់​អនុបណ្ឌិត​ ក៏​មិន​ខុស​អ្វី​​​ កាល​ពី​​នៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​ដែរ។ ​លោក​ត្រូវ​ទៅ​ធ្វើ​​ការ​ស៊ី​ឈ្នួល​គេ​ដូច​មុន ហើយ​ត្រូវ​​ឆ្លៀត​​ពេល​​​រៀន​ខ្លួន​​ឯង​ផង​ រហូត​​ទទួល​បាន​ជោគជ័យ​ថ្នាក់​អនុបណ្ឌិត​។ លោក​ថា​ “​ពេល​ណា​ក៏​ខ្ញុំ​ដាក់​សៀវភៅ​តាម​ខ្លួន​ដែរ​ មិន​ថា​ធ្វើ​ការ​ មិន​ថា​ទៅ​ទី​ណា​ ​សូម្បី​ដាំ​បាយ​ក៏​មើល​ដែរ​ ឲ្យ​តែ​មាន​ពេល​​គឺ​មើល​រហូត​…​”។

នៅ​ឆ្នាំ​១៩៩៥ លោក ​​សុខ​ ទូច ​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ ​ហើយ​នៅ​ពេល​នោះ​​ប្រទេស​រុស្សី​ ត្រូវ​ការ​ជ្រើស​រើស​​និស្សិត​ចំនួន​១២​នាក់​ ចេញ​ពី​និស្សិត​​៧០០​​នាក់​មក​ពី​ប្រទេស​​ជាង​១២០​​​ ដើម្បី​ឲ្យ​​​សិក្សា​បន្ត​​ថ្នាក់​បណ្ឌិត​។ ​នៅ​ពេល​នោះ ​លោក​ត្រូវ​​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ ដើម្បី​ស្រាវ​ជ្រាវ​​ប្រវត្តិសាស្ត្រ​ និង​បរិបទ​នយោបាយ​នៅ​កម្ពុជា​ សម្រាប់​ធ្វើ​ជា​​គម្រោង​សរសេរ​និក្ខេបបទ​​ការពារ​ថ្នាក់​អនុបណ្ឌិត​ដើម្បី​ ​ទទួល​បាន​​ជោគជ័យ​សិក្សា​​​បន្ត​​​ថ្នាក់​បណ្ឌិត។​ ដោយ​សារ​តែ ​និក្ខេបបទ​របស់​លោក​ធ្វើ​បាន​ល្អ​ និង​​ការ​ពារ​​បាន​ល្អ​ផង​នោះ ​​ធ្វើ​ឲ្យ​គណៈកម្មការ​​​​​វាយ​តម្លៃ​និក្ខេបបទ​​​ បាន​ឲ្យ​ពិន្ទុ​លោក​ខ្ពស់​ និង​ជាប់​បាន​ទៅ​​សិក្សា​បន្ត​ថ្នាក់​បណ្ឌិត​​ក្នុង​ចំណោម​សិស្ស​ឆ្នើម​ទាំង ​១២​នាក់។ នៅ​ពេល​ដែល​លោក​ សុខ ទូច​ បន្ត​ថ្នាក់​បណ្ឌិត​ ភរិយា​របស់​លោក​បាន​ប្រសូត​បុត្រា​មួយ​ទៀត​ក្នុង​ឆ្នាំ​១៩៩៦​ បន្ទាប់​ពី​នោះ​​ ភរិយា​របស់​លោក​បាន​​ឈប់​រៀន​ ហើយ​លោក​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​ទទួល​បាន​​ជោគជ័យ​នៅ​ឆ្នាំ​១៩៩៩។

នៅ​ពេល​ដែល​​លោក​ សុខ​ ទូច ​​បន្ត​​​ថ្នាក់​បណ្ឌិត​ គឺ​​​បន្ត​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ។ នៅ​ពេល​សរសេរ​និក្ខេបបទ​​ លោក​សរសេរ​ទាក់​ទង​ទៅ​នឹង​នយោបាយ​។ តែ​ដោយ​សារ​​នៅ​សាលា​ដែល​លោក​​រៀន​ ពុំ​មាន​សាស្ត្រាចារ្យ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​និក្ខេប​បទ​​​លើ​ជំនាញ​​នេះ​ គឺ​ត្រូវ​ទៅ​ការ​ពារ​និក្ខេបបទ​របស់​ខ្លួន​នៅ​ទីក្រុង​​មូស្គូ​។ ​ដោយ​សារ​ ពុំ​មាន​លុយ​គ្រប់​គ្រាន់​​ទៅ​ការ​ពារ​នៅ​ទីនោះ លោក​ សុខ ​ទូច ​សុខ​​ចិត្ត​ប្ដូរ​​មក​ការ​ពារ​ផ្នែក​​​ប្រវត្តិសាស្ត្រ​វិញ​។ អីចឹង​ហើយ​ ទើប​លោក​​បញ្ចប់​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ប្រវត្តិសាស្ត្រ​ មិន​មែន​​វិទ្យាសាស្ត្រ​នយោបាយ​ទេ ខណៈ​ដែល​រៀន​ថ្នាក់​បរិញ្ញាបត្រ​​អនុបណ្ឌិត​ និង​បណ្ឌិត​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​។

ក្តៅៗ! លោកសុខ ទូច ត្រូវតុលាការ​កោះហៅ ក្រោម​បណ្តឹង​គណបក្ស​ខ្មែរ​ក្រោក​  រឿងញុះញង់ឲ្យចាប់អ្នកទាមទារកោះត្រល់ដាក់គុក | www.i-111.com

ក្រោយ​ពី​បញ្ចប់​​ថ្នាក់​បណ្ឌិត​សព្វ​គ្រប់​ លោក​បណ្ឌិត​ សុខ​ ទូច​ បាន​​នាំ​ភរិយា​ និង​កូន​ទាំង​ពីរ​​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។ ​នៅ​ពេល​នោះ​​ លោក​បាន​ដាក់​ពាក្យ​បង្រៀន​នៅ​មហាវិទ្យាល័យ​ក្នុង​​ស្រុក​ខ្មែរ​មួយ​ចំនួន​ ទាំង​ឯកជននិង​រដ្ឋ​ ​តែ​សាលា​ទាំង​នោះ​មិន​​ព្រម​ទទួល​លោក​ឲ្យ​បង្រៀន​​​ទេ​ ដោយ​​គិត​ថា​លោក​ក្មេង​ពេក​ និង​​ថា​​​រូប​លោក​មិន​បាន​រៀន​អី​​ទេ​ ​ដោយ​ចោទ​ថា​ [ទិញ​សញ្ញាបត្រ]។​ ក្រោយ​មក​ លោក​ ក៏​បាន​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​នៅ​​ក្រសួង​ការ​បរទេស។ ​ ​ដោយ​សារ​​តែ​ខ្វះ​​សំលៀកបំពាក់​​​​ដើម្បី​ឲ្យ​សម​មុខ​​សម​មាត់​ជា​មន្ត្រី​ ការទូត​ លោក​ក៏​សុំ​ប្ដូរ​​​ដូរ​មក​​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ តែ​ដោយ​សារ​​​ ​ចូល​ចិត្ត​​ខាង​​​ស្រាវជ្រាវ​ មិន​ចូល​ចិត្ត​ធ្វើ​ការ​នៅ​ការិយាល័យ​​​​ ​​ទើប​​លោក​​សម្រេច​ចិត្ត​​​ទៅ​ធ្វើ​ការ​នៅ​​រាជបណ្ឌិត្យសភា​​វិញ​រហូត​ដល់​ សព្វ​ថ្ងៃ​នេះ។

នៅ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បាន​សហការ​ជា​មួយ​ដៃ​គូ​មួយ​ចំនួន​បង្កើត​ថ្នាក់​អនុបណ្ឌិត​មុន​គេ​ បំផុត​នៅ​ក្នុង​ស្រុក​ខ្មែរ​ នៅ​​ក្នុង​ឆ្នាំ​២០០០​ ហើយ​ក្រោយ​មក​បង្កើត​បាន​វិទ្យាស្ថាន​​ទំនាក់​ទំនង​អន្តរជាតិ​​មួយ​ទៀត​ ក្នុង​ឆ្នាំ​២០០៤។

លោក​បណ្ឌិត​ សុខ ទូច ថ្លែងប្រាប់សារព័ត៌មានសប្បាយថា​ ​ក្នុង​ឆ្នាំ​២០០០​​ លោក​បាន​ចូល​រួម​បង្កើត​សាលា​ឯកជន​មួយ តែលោក​សុំ​មិន​បញ្ចេញ​​ឈ្មោះ​ទេ​​ ដែល​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ថ្នាក់​បណ្ឌិត​ដំបូង​​​ក្នុង​ប្រទេសកម្ពុជា​។ ​ពាក្យ​ថា​​ថ្នាក់​​បណ្ឌិត​​​នេះ​ គឺ​​លោក​​​ជា​អ្នក​​ផ្ដួច​ផ្ដើម​ឲ្យ​មាន​មុន​គេ​បំផុត​ នៅ​ក្នុង​ស្រុក​ខ្មែរ​ តែ​ក្រោយ​​ពី​សាលា​នេះ​ទទួល​បាន​ជោគ​ជ័យ​ ក៏​បាន​ដេញ​លោក​ចេញ​។ ក្រោយមក​លោក​ សុខ ទូច ​​​បាន​ទៅ​បង្កើត​សាលា​ឲ្យ​គេ​មួយ​ទៀត​ ​ដែល​​លោក​មាន​តួនាទី​ជា​​សកលវិទ្យាធិការ​​​​​​ ហើយការណោះ ប្រាក់​កម្រៃ​ដែល​លោក​ទទួល​បាន​​ប្រមាណ​១៥០០​ដុល្លារ​ក្នុង​មួយ​ខែ​។ ៦០​%​ ដែល​លោក​ទទួល​បាន​ពី​ប្រាក់​កម្រៃ​នេះ​ លោក​យក​មក​​ទុក​​ធ្វើ​ជា​​ទុន​សម្រាប់​​​​បង្កើត​សាកលវិទ្យាល័យ​របស់​ខ្លួន​ មួយ​ទៀត​​គឺ​សាកលវិទ្យាល័យ​ខេមរៈ។

នៅ​ឆ្នាំ​២០០៤​ លោក​​បាន​បង្កើត​សាកលវិទ្យាល័យ​នេះ​​​​​ឡើង​។​ ​មាន​​ម្ចាស់ភាគហ៊ុន​ជា​ច្រើន​ជួយ​ជ្រោមជ្រែង​សាលា​​ ដែល​គេ​ឲ្យ​ប្រាក់​បៀវត្ស​​សកលវិទ្យាធិការ​រូប​នេះ​ត្រឹម​តែ​១៥០​ដុល្លារ​ ប៉ុណ្ណោះ។ ប្រាក់​បៀវត្ស​ទាំង​នេះ​ លោក​​បាន​បង្វែរ​ទុក​ជា​អាហារូបករណ៍​ដល់​សិស្ស​ទាំង​អស់​។ លោកបានចូលរួមបង្កើត​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​រាជ្យ​បណ្ឌិត​សភា​កម្ពុជា​ ក្រោមចំណុះ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ​​និង​បាន​បង្កើត​ថ្នាក់​អនុបណ្ឌិត​ដំបូង​បំផុត​នៅ​ស្រុក​ខ្មែរ​ ​ហើយ​​​ក្រោយ​មក​​​បាន​ក្លាយ​​ជា​អនុ​ប្រធាន​​វិទ្យាស្ថាន​នេះ។

ក្រោយ​​ពី​បាន​​រស់​នៅ​ជួប​ជុំ​គ្នា​ជា​មួយ​ប្រពន្ធ និង​កូន​ទាំង​ពីរ​​បាន​ប្រាំ​ពីរ​ឆ្នាំ​ ភរិយា​​របស់​លោក​​​ មិន​ចេះ​រស់​នៅ​ប្រទេស​កម្ពុជា​ ក៏​នាំ​​កូន​ទាំង​ពីរ​ទៅ​ប្រទេស​​រុស្សី​វិញ។ ​លោក​ថា​ ប្រពន្ធ​របស់​លោក​ ​ចង់​​​ឲ្យ​រូប​លោក​ចូល​ជា​សញ្ជាតិ​រុស្សី​ និង​ត្រឡប់​ទៅ​​រស់​នៅ​រុស្សី​ដែរ​ តែ​លោក​បដិសេធ​។ លោក​​ថា​ “​វា ​ជា​រឿង​​ឈឺ​ចាប់​បំផុត… ធ្លាប់​រស់​នៅ​ក្នុង​ស្ថានភាព​អន់​ឃ្លាន​មាន​ស៊ី​ និង​តស៊ូ​ជា​មួយ​គ្នា​ជិត​ម្ភៃ​​ឆ្នាំ​តែ​ត្រូវ​បែក​គ្នា…ពីរ​ឆ្នាំ​បន្ទាប់ ​ពី​គាត់​ចាក​ចេញ​ទៅ​​ធ្វើ​ឲ្យ​ខ្ញុំ​វិល​វល់​មែន​ទែន!“។

បណ្ឌិត ​វ័យ​ក្មេង​រូប​នេះ​​បញ្ជាក់​ពី​មូល​ហេតុ​មិន​​ត្រឡប់​ទៅ​រស់​នៅ​ជា​មួយ​ ប្រពន្ធ​​និង​កូន​ជា​ទី​ស្រឡាញ់​នៅ​រុស្សី​ថា​ ​ហេតុ​ផល​តែ​មួយ​គត់​គឺ​ស្រឡាញ់​និង​ចង់​​ជួយ​ប្រទេស​​ខ្មែរ​។ “​ខ្ញុំ​បាន​ទៅ​ធ្វើ​ជា​វាគ្មិន​​នៅ​ប្រទេស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក​​ …បើ​ទោះ​បី​ជា​​នៅ​ស្រុក​គេ​ស្អាត​ប៉ុណ្ណា​ក៏​ដោយ​​​ ​ក៏​ខ្ញុំ​​មើល​ឃើញ​ និង​ចង់​រស់​នៅ​តែ​ប្រទេស​ខ្មែរ​មួយ​គត់…”។

លោក​​បណ្ឌិត ​​សុខ ទូច​ អះអាង​ថា​ បើ​ទោះ​បី​លោក​បាន​បញ្ចប់​សញ្ញាប័ត្រ​បណ្ឌិត​ និង​មាន​ឯក​ទេស​ខាង​នយោបាយ​​យ៉ាង​ណា​ក៏​ដោយ ​ក៏​លោក​មិន​ចូល​ធ្វើ​នយោបាយ​ដែរ​ ពី​ព្រោះ​លោក​ចង់​បង្ហាញ​អ្វី​ដែល​ជា​ការ​ពិត​ចំពោះ​​​ការ​យល់​ឃើញ​របស់​លោកដល់​សាធារណជន​ ឲ្យ​ចេះ​វិភាគ​ និង​ថ្លឹង​ថ្លែង​ពី​ការ​ពិត។ ​លោក​ថា​ ​”ខ្ញុំ​ចង់​បង្រៀន​និង​​និយាយ​ពី​អ្វី​ដែល​ជា​ការ​ពិត… ​នៅ​ពេល​ដែល​លោក​ចូល​ប្រឡូក​ក្នុង​​នយោបាយ​ ​លោក​នឹង​មិន​អាច​​បញ្ចេញ​អ្វី​ដែល​ពិត​បាន​ទៀត​ទេ ​​​ពី​ព្រោះ​​ការ​​​និយាយ​មិន​ពិត​គឺ​ជា​យុទ្ធសាស្ត្រ​យក​ឈ្នះ​របស់​អ្នក​ នយោបាយ​​…”។

+ស្នាដៃបោះពុម្ភផ្សាយរបស់លោកបណ្ឌិត សុខ ទូច

-ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ បោះ​ពុម្ព​​ឆ្នាំ​២០០២

-តួនាទី​អង្គការ​សហប្រជាជាតិ​  បោះ​ពុម្ព​​ឆ្នាំ​២០០៣

-ទ្រឹស្ដី​ទំនាក់​ទំនង​អន្តរជាតិ​ បោះ​ពុម្ព​​ឆ្នាំ​២០០៣

-ទំនាក់​ទំនង​រវាង​កម្ពុជា​​ជា​មួយ​សហរដ្ឋ​អាមេរិក​ ចិន​ និង​វៀតណាម​ បោះ​ពុម្ព​​ឆ្នាំ​២០០៧

-វេទិកា ​បណ្ឌិត​សភា​លើក​ទី​៣ ស្ដី​ពី​ខួប​​ទី​១៥​ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ស្ដី​ពី​ដំណោះ​ស្រាយ​នយោបាយ​រួម​នៅ​​កម្ពុជា​ បោះ​ពុម្ព​​ឆ្នាំ​២០០៨

-ទំនាក់​ទំនង​អន្តរជាតិ​ កម្ពុជា​ក្រោម​ក្រសែ​ភ្នែក​មហាអំណាច​ បោះ​ពុម្ព​​ឆ្នាំ​២០០៣

-ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា​ លេខ ១ បោះ​ពុម្ព​​ឆ្នាំ​២០០៨

-ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា​ លេខ ២ បោះ​ពុម្ព​​ឆ្នាំ​២០០៩

-ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា​ លេខ ៣ បោះ​ពុម្ព​​ឆ្នាំ​២០១០

-ទំនាស់​ព្រំដែន​រវាង​ប្រទេស​ថៃនិង​ប្រទេស​ជិត​ខាង​  បោះ​ពុម្ព​​ឆ្នាំ​២០១០