បង្ហាញប្រវត្តិសម្តេច ទៀ បាញ់ ​មេទ័ព​ដ៏​ខ្លាំង​ពូកែ ដឹកនាំ​ទ័ព​វាយ​ប្រឆាំង​សត្រូវ នៅ​តំបន់​ខេត្ត​កោះកុង ក្លាយជាអនុប្រធានបក្ស CPP

សង្គម​និង​សេដ្ឋកិច្ច

នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ត្រូវ​បាន​​ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះចេញព្រះ​រាជក្រឹត្យ ប្រោស​ព្រះរាជទាន​គោរមងារ “សម្តេច​ពិជ័យ​សេនា” កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧។ លោកត្រូវបានអង្គសន្និបាតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ធ្នូនេះ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មានឧកញ៉ាញូស៍ សូមបើកកកាយបង្ហាញនូវប្រវត្តិ និងបទពិសោធន៍ការងារសំខាន់ៗរបស់ សម្តេច ទៀ បាញ់ ដើម្បីប្រិយមិត្តបានស្គាល់កាន់តែច្បាស់ពីឥស្សរជនជាន់ខ្ពស់ដ៏ល្បីក្នុងជួរាជរដ្ឋាភិបាលកម្ពុជា ដូចតទៅ៖


គិតមកត្រឹមខែធ្នូ ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ មានអាយុ ៧៦ឆ្នាំ មាន​បងប្អូន​បង្កើត ៥​នាក់ កើត​នៅ​ភូមិ​កោះ​ស្រឡៅ ឃុំកាពិ ស្រុក​កោះកុង ខេត្ត​កោះកុង។ លោកមានឈ្មោះកំណើត “ទៀ សង្វាន” ជា​កូន​កសិករ​ក្រីក្រ​បំផុត។ បើតាម​​សៀវភៅ “ជន​ដែល​ត្រូវ​គេ​បាញ់” បាន​បង្ហាញ​ ដោយសារ​តែ​លោក​ឪពុក មាន​ជំងឺ​ហើយ​បាន​អនិច្ចកម្ម នាំ​ឲ្យយុវជន ទៀ បាញ់ ដែល​កាល​ណោះ មាន​អាយុ​ទើប​តែ ១១ ឆ្នាំ បាន​ក្លាយជា​អ្នក​ស៊ី​ឈ្នួល​ឡើង​បេះ​ផ្លែ​ស្លា​ឲ្យ​អ្នក​ភូមិ និង​រក​ត្រី ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។

នៅ​ឆ្នាំ១៩៥៧ ទៀ សង្វាន ត្រូវ​បាន​ម្តាយ​បញ្ជូន​ឲ្យ​ទៅ​នៅ​វត្ត។ រហូត​ដល់​ឆ្នាំ១៩៦០ សង្វាន (ទៀ បាញ់) មាន​អាយុ ១៥ ឆ្នាំ ពេល​ត្រឡប់​មក​ផ្ទះ​ឃើញ​មនុស្ស ៦ ទៅ ៧​នាក់ នៅ​មុខ​ផ្ទះ​គេ។ ពួកគេ​ទាំង​នោះ ជា​ប៉ូលិស និង​ជីវពល​ភូមិ មក​សំឡុត​គំរាម​ម្តាយ សង្វាន ឲ្យ​ប្រគល់​ប្អូនស្រី​របស់​គេ ដែល​ទើប​មាន​អាយុ ១៣ ឆ្នាំ ដើម្បី​យក​ទៅ​ជូន​លោក​កុម្មុយ សៀ ប៉ូលិស សម្រាប់​សប្បាយ​ខាង​ផ្លូវ​តណ្ហា។ សង្វាន ប្រកែក​តវ៉ា និង​គំរាម​ពួក​ទាំងនោះ មិន​ឲ្យ​យក​ប្អូន​ស្រី​គេ​ទៅ​ដាច់ខាត ទោះ​គេ​ត្រូវ​ប្តូរ​ជីវិត​ក៏ដោយ ក៏​ពុំ​ឲ្យ​ពួក​ទាំង​នោះ ធ្វើ​បាប​ប្អូនស្រី​គេ​ដែរ។

សៀវភៅដដែល បានបង្ហាញបន្តថា ដោយ​ការ​ជិះ​ជាន់ ទើប ទៀ សង្វាន ចេញ​ធ្វើ​ការ​តស៊ូ គឺ​នៅ​ឆ្នាំ១៩៦១ ដោយ​ទាក់ទង​ជា​មួយ​ចលនា​តស៊ូ​ក្នុង​ព្រៃ រហូត​ដល់​ត្រូវ​អាជ្ញាធរ​ចាប់​ធ្វើ​ទារុណកម្ម និង​ឃុំឃាំង។ នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​១៩៦៥ គេ​ដោះ​លែង សង្វាន ពី​គុក​ដោយ​ថ្នូរ​នឹង​ប្រាក់ ៥​ពាន់​រៀល ដែល​បាន​ពី​ការ​លក់​ក្របី និង​ខ្សែ​​ក​ប្អូន​ស្រី ដែល​ទៅ​ស៊ីឈ្នួល​មើល​កូន​ឲ្យ​ថៅកែ​ឡធ្យូង យក​ទៅ​ឲ្យ​អាជ្ញាធរ។

មក​ដល់​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​១៩៦៥ ក្រោយ​ពី​រួច​ខ្លួន​បាន ៧​ថ្ងៃ ក្រុម​ជីវពល ៥​នាក់ និង​ប៉ូលិស ២​នាក់ បាន​មក​តាម​ចាប់​សង្វាន និង​មនុស្ស​ម្នាក់​ទៀត ឈ្មោះ តា កៅ។ ពួកគេ​បាន​ចាប់​អ្នក​ទាំង​ពីរ ចង​ដៃ បណ្ដើរ​យក​ទៅ​បាញ់​ចោល នៅ​ជើង​ភ្នំ​កោះ​អណ្ដែត។ ក៏​ប៉ុន្តែ​ចៃដន្យ យុវជន សង្វាន មិន​ស្លាប់ ហើយ​បាន​រត់​ចូល​ព្រៃ រួច​ខ្លួន។ ចាប់ពី​ពេល​នោះ​មក ស្ថានភាព​ទាំងនោះ បាន​ជំរុញ​ឲ្យ​យុវជន ទៀ សង្វាន ធ្វើ​ចលនា​តស៊ូ ក្នុង​ព្រៃ​ជា​បន្ត​បន្ទាប់ និង​ក្លាយ​ជា​មេទ័ព​ដ៏​ខ្លាំង​ពូកែ ដឹកនាំ​ទ័ព​វាយ​ប្រឆាំង​សត្រូវ នៅ​តំបន់​ខេត្ត​កោះកុង តាំងពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​១៩៦៥ រហូត​ចូល​រួម​សកម្មភាព​រំដោះ​ប្រទេស ខែ​មករា ឆ្នាំ​១៩៧៩ ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ នៅ​ចន្លោះ​ឆ្នាំ​ពី​ការ​ធ្វើ​ចលនា​តស៊ូ​ដ៏​ស្វិតស្វាញ​នោះ មនុស្ស​ជាច្រើន​ក្នុង​ភូមិ និង​ក្រុម​អ្នក​តស៊ូ បាន​ហៅ​ឈ្មោះ​លោក​ពី ទៀ សង្វាន ទៅ​ជា​ឈ្មោះ ទៀ បាញ់ ដោយ​លួច​លាក់ ហើយ​ឈ្មោះ​នេះ បាន​ត្រូវ​ប្រើ​រហូត​មក​ដល់​សព្វថ្ងៃ​។

ឯកសារ​បង្ហាញទៀត​ថា ទៀ សង្វាន បាន​រៀបការ​ជាមួយ​ភរិយា ឈ្មោះ តៅ តឿន នៅ​ភូមិ​គិរីវង្ស នា​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ​១៩៧៥ នៅ​ក្នុង​ព្រៃ ក្រោម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​លោក សាយ ភូថង ដែល​ត្រូវ​ជា​ចាស់ទុំ និង​ឪពុក​មា​របស់​សម្តេច​ ទៀ បាញ់ ​ផង។ សម្តេច​ ទៀ បាញ់ មាន​កូន​ពីរ​នាក់ គឺ​កូន​ច្បង​ទី១ ឈ្មោះ ទៀ ស្យាម និង​កូន​ប្រុស​ទី២ ឈ្មោះ ទៀ សីហា។

ដំណើរ​ជីវិត​ដ៏​សែន​ជូរចត់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ - DNT-NEWSASIA

តទៅនេះសារព័ត៌មានឧកញ៉ាញូស៍ បន្តបង្ហាញពី​ប្រវត្តិ​ការងាររបស់សម្តេចពិជ័យសេនា ទៀ បាញ់៖

នៅឆ្នាំ១៩៧៩៖ ប្រធាន​យោធា​ខេត្ត​កោះកុង
ខែ​កក្កដា ឆ្នាំ​១៩៧៩៖ ប្រធាន​ស្នងការ​ហ្វឹកហ្វឺន​អគ្គសេនាធិការ​ក្រសួង​ការពារ​ជាតិ
ឆ្នាំ​១៩៧៩-១៩៨០៖ អនុ​ប្រធាន​អគ្គសេនាធិការ​ទទួល​បន្ទុក​វិទ្យុ​ទាក់ទង​អាកាសចរ
ឆ្នាំ​១៩៨០-១៩៨២៖ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស ទទួល​បន្ទុក​វិទ្យុ​ទាក់ទង​អាកាសចរ បច្ចេក​ទេស ហិរញ្ញវត្ថុ និង​កិច្ច​ទាក់ទង​អន្តរជាតិ​យោធា
ឆ្នាំ​១៩៨២-១៩៨៤៖ រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍ ដឹក​ជញ្ជូន និង​ប្រៃសណីយ៍
ឆ្នាំ​១៩៨៤-១៩៨៧៖ អនុរដ្ឋមន្ត្រី​ក្រុម​ប្រឹក្សា​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ដឹក​ជញ្ជូន និង​ប្រៃសណីយ៍
ឆ្នាំ​១៩៨៧-១៩៨៨៖ អនុរដ្ឋមន្ត្រី​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
ឆ្នាំ​១៩៨៨-១៩៩៣៖ សមាជិក​រដ្ឋសភា អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ក្នុង​រដ្ឋាភិបាល​បណ្តោះ​អាសន្ន និង​ជា​សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
ឆ្នាំ​១៩៩៣-១៩៩៤៖ សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ
ឆ្នាំ​១៩៩៤-១៩៩៥៖ សហ​អគ្គ​មេបញ្ជាការ​រង និង​ជា​សហរដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ
ឆ្នាំ​១៩៩៥-១៩៩៨៖ ទេសរដ្ឋមន្ត្រី និង​ជា​សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
ឆ្នាំ​១៩៩៨-២០០០៖ នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ទេសរដ្ឋមន្ត្រី និង​សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
ឆ្នាំ​២០០០-២០០៤៖ ឧប​នាយករដ្ឋមន្ត្រី សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
២២​មីនា ឆ្នាំ២០០៦ មក​ដល់​បច្ចុប្បន្ន៖ ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ

គួររម្លឹកថា អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ធ្នូនេះ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ម៉ែន សំអន ដែលជាសមាជិកអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា។

ការជ្រើសតាំងឥស្សរជនទាំងពីររូបនេះ បានធ្វើឡើងនៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេបំផុតនៅកម្ពុជា ដែលកាន់អំណាច៦អាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៣៧នាក់ ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៣៧នាក់ផងដែរ៕