ក្រសួងអប់រំ អនុញ្ញាតិឲ្យកីឡាករពីររូប មកពីប្រកួតនៅបរទេស វិជ្ជមានកូវីដ-១៩ ប្រឡងនៅមណ្ឌលព្យាបាល

សង្គម​និង​សេដ្ឋកិច្ច

ខណៈដំណើរការប្រឡងបាក់ឌុបនឹងចាប់ផ្តើមថ្ងៃស្អែកនេះ ក្រសួងអប់រំយុវជន និងកីឡា ក៏បានអនុញ្ញាតឱ្យកីឡាករ ២រូប ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃអាទិត្យនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រសួងអប់រំរក្សាជំហរបន្តផ្អាកគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស

បើតាមលោក រស់ សុវាចា បេក្ខជនប្រលងបាក់ឌុបទាំង០២រូបនេះ ជាកីឡាករការ៉ាត់តេដូ ដែលរដ្ឋាភិបាលបានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យកីឡាករ០២រូបនេះ ប្រឡងបាក់ឌុបថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩មួយកន្លែងក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ។

 ឆ្នាំ​នេះ  បេក្ខជនចុះឈ្មោះប្រឡងសរុប ចំនួនជាង១១ម៉ឺន៤ពាន់នាក់។​ ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្ត ប្រមាណ​៤ម៉ឺននាក់  ក្រៅពីនោះ ថ្នាក់សង្គម។ ពួក​គេ​ត្រូវ​ប្រឡង​ទាំង​ក្នុង​ដំណាក់​កាល​កូវីដនិង​កូវីដបំប្លែង​ខ្លួន​ច្រើន​ប្រភេទ​ កំពុង​បន្ត​រាតត្បាត។

នៅថ្ងៃ ២៦ ធ្នូ ២០២១ បេក្ខជនប្រឡងបាក់ឌុបបានទៅពិនិត្យឈ្មោះ លេខបន្ទប់ លេខតុ ស្ទង់កំដៅ និងបិទស្ទីកឃ័របញ្ជាក់សុខភាពធម្មតា ប្រកបដោយភាពរលូនតាមការគ្រោងទុក បើទោះស្ថិតក្នុងវិបត្តិមេរោគរាតត្បាតអូមីក្រុងក៏ដោយ។

បើ​ទោះ​បី​ជា​ការ​ប្រឡង​នេះ រៀបចំ​ធ្វើ​នៅ​ក្នុង​បរិបទ​កូវីដ​១៩​ក៏​ដោយ តែ​រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​សង្កត់​ធ្ងន់​ថា «ដំណើរការ​រៀបចំ​ការ​ប្រឡង នៅ​តែ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ដែល​អាច​ទទួល​យក​បាន»​។

ចំពោះ​ការ​ប្រឡង​បញ្ចប់ថ្នាក់​​វិទ្យាល័យ​ នៅថ្ងៃចន្ទ-អង្គារ៍ សប្តាហ៍ខាងមុខនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​​បញ្ជូន​វិញ្ញាសា​ប្រឡង​​ ទៅ​កាន់​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ​ រួច​ហើយ​។ អង្គភាព​ប្រឆាំង​អំពើពុក​រលួយ ដែល​បាន​អង្គេត​ពី​ដំណើរការ​បញ្ចូនប្រធាន​​វិញ្ញាសា​ប្រឡង ពី​រាជធានី​ទៅខេត្ត​ បាន​វាយតម្លៃ​យ៉ាងវិជ្ជមាន​។ ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ អះអាងថា​វិញ្ញាសាទាំង​៨៧៣ហឹប​ បាន​បិត​ជិត​យ៉ាងគត់មុខ​។ មាន​ការ​រក្សា​ធានា​សុវត្ថិភាព​ត្រឹមក្នុងការ​ដឹកជញ្ជូន ហើយ​ពេល​ទៅដល់​គោលដៅនៅមណ្ឌល​ប្រឡង​ គឺ​មាន​ក្រុម​យាមកាម​២៤ម៉ោង​/២៤ម៉ោង​៕​