ទោះរងព្យុះភ្លៀង ឧកញ៉ា អ៊ឹង ប៊ុនហូវ នៅតែឈរជើងក្នុងពិភពជំនួញនៅកម្ពុជាដោយក្តោបក្តាប់បានតំបន់អភិវឌ្ឍន៍សំខាន់ៗ

ជុំវិញ​ឧកញ៉ា

ទោះបីជារាជរដ្ឋាភិបាល សម្រេចទាត់ចោលគម្រោងអភិវឌ្ឍន៍ និងមុខជំនួញគ្រោកៗមួយចំនួនយ៉ាងណាក្តី ម្ចាស់ក្រុមហ៊ុន ING ឧកញ៉ា អ៊ឹង ប៊ុនហូវ នៅតែអាចឈរជើងក្នុងពិភពជំនួញនៅប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ តាមរយៈប្រាក់ចំណូលបង្កើតប្រាក់ចំណេញរាប់រយលានដុល្លារអាមេរិកនេះលោកតែងតែផ្តល់ត្រឡប់មកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជាមួយរដ្ឋាភិបាលកម្ពុជា។ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមហ៊ុន ING Holdings បានបរិច្ចាគថវិកា ១លានដុល្លារ ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើឧកញ៉ា អ៊ឹង ប៊ុនហូវ ចាប់ផ្តើមចេញរកស៊ីពីពេណា និងជួបព្យុះភ្លៀងយ៉ាងដូចម្តេចខ្លះ សូមតាមដានជាមួយសារព័ត៌មានឧកញ៉ាញូស៍ដូចតទៅ៖

លោក អ៊ឹង ប៊ុនហូវ និង ប្រពន្ធ អ្នកស្រី ហេង សុខា ក្នុង​រូបថត​បង្ហោះនៅ​លើ​គណនី​ហ្វេសប៊ុក ឈ្មោះ ម៉ៅ មុន្នីរ័ត្ន កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

លោកបានបង្កើតក្រុមហ៊ុន AZ Group នៅឆ្នាំ១៩៩៣ ជាមួយនឹងសហការីជាន់ខ្ពស់ ២រូប គឺឧកញ៉ា លឹម រស់ ឧកញ៉ា លឹម ប៊ុនសួរ។ លោក ជានាយក​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ជា​ក្រុមហ៊ុន​ទទួល​បម្រើ​សេវា​យក​លុយ​ពី​ផ្លូវជាតិ​លេខ​ ៤ ​រយៈពេល​​ ៣៥ ​​ឆ្នាំ។ ក្រោយជោគជ័យបង្កើតទ្រព្យសម្បត្តិលោកក៏ត្រូវបានព្រះមហាក្សត្រ​​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​ ២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​​ ១៩៩៦ ​។

នៅឆ្នាំ២០០៥ ឧកញ៉ា អ៊ឹង ប៊ុនហូវ បានវិនិយោគបន្ថែមទៅលើក្រុមហ៊ុន ING Holding Co.,LTD ដែលផ្តោតលើគម្រោងអភិវឌ្ឍន៍ដីធំៗនៅភាគខាងត្បូង និងខាងកើតនៃរាជធានីភ្នំពេញ រួមនឹងទំហំដីដ៏សន្ធឹកសន្ធាប់នៅខេត្តសៀមរាប និងព្រះសីហនុ សុទ្ធសឹងតែជាកន្លែងមានសក្តានុពលសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា ឬអាចនិយាយបានថា ដង្ហើមសេដ្ឋកិច្ចសំខាន់ៗនៃការលើកមុខមាត់កម្ពុជានៅឆាកអន្តរជាតិ។

លោក​ធ្លាប់​បាន​ឈរ​ឈ្មោះ​ជា​អ្នក​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​គណបក្ស​ប្រជាជន​កម្ពុជា​ លំដាប់​លេខរៀង​ទី​ ៦​ នៅ​មណ្ឌល​ខេត្ត​តាកែវ​ នា​អាណត្តិ​​ទី​ ៤ ហើយ​ក៏​បាន​ជាប់​ឆ្នោត​ជា​​អ្នក​តំណាងរាស្ត្រ​ ប៉ុន្តែ​​ឧកញ៉ា​រូប​នេះ​បាន​ដក​ខ្លួន មិន​​ធ្វើ​ជា​អ្នក​តំណាងរាស្ត្រ​ទេ​ លោក​ក៏​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ដោយ​​​​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​ ២៥​ ខែ​កញ្ញា​ ឆ្នាំ​ ២០០៨ ​។

ឧកញ៉ា ប៊ុនហ៊ូវ ក៏​​​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា​ អាណត្តិ​ទី​ ៤​ ដោយ​​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ចុះ​ថ្ងៃ​ទី​ ៤​ ខែ​កញ្ញា​ ២០០៦​។​ ប៉ុន្តែ​នៅក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង តំណាងរាស្ត្រ​នីតិកាល​​ទី​ ៥ លោក​ត្រូវ​បាន​គណបក្ស​​ប្រជាជន​កម្ពុជា​សម្រេច​ឲ្យ​ឈរ​ឈ្មោះ​​ជា​បេក្ខជន តំណាងរាស្ត្រ​បម្រុង​លំដាប់​លេខរៀង​​​ទី​ ២​ នៅ​​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​វិញ​ ប៉ុន្តែ​​លោក​​មិន​​បាន​ជាប់​ឆ្នោត​ជា​អ្នក​តំណាងរាស្ត្រ​ទេ​។

ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែល​ជា​​នាយក​ក្រុមហ៊ុន​ AZ Distribution Co.,​ Ltd. ក៏ធ្លាប់ត្រូវបានបញ្ចប់ពី​​​មុខ​តំណែងទីប្រឹក្សា​រាជរដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ពុំ​ទទួល​ប្រាក់​បៀវត្សរ៍​ តាម​​ព្រះរាជក្រឹត្យ ចុះ​តាំងពី​ថ្ងៃ​ទី​​ ៦​ ខែ​មេសា​ ឆ្នាំ​​ ២០១៥ ដែល​​ចុះហត្ថលេខា​ដោយ​សម្តេច​ ជា ស៊ីម ប្រមុខ​រដ្ឋ​ស្តីទី​បាន​លើក​ឡើង​ថា បញ្ចប់​មុខ​តំណែង​លោក​ អ៊ឹង ប៊ុនហ៊ូវ ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ពុំ​ទទួល​ប្រាក់​បៀវត្សរ៍​ តាម​សំណើ​របស់​​សាម៉ី​ខ្លួន​។

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ទីស្ដីការគណៈរដ្ឋមន្រី្ត បានចេញនូវលិខិតមោឃភាពប័ណ្ឌសម្គាល់សិទ្ធកាន់កាប់អចលទ្រព្យរបស់ក្រុមហ៊ុន ING Holding របស់ឧកញ៉ា អ៊ឹង ប៊ុនហូវ នៅតំបន់បឹងជើងឯក ដោយការមោឃភាពនេះ គឺដោយសារតែក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចរបស់រដ្ឋាភិបាលពាក់ព័ន្ធ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងផ្ទៃបឹងជើងឯក ស្ថិតនៅខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ទោះជាមានការដកហូតគម្រោងនេះក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះនៅតែបន្តនូវគម្រោងថ្មីៗ និងគ្មានការប៉ះពាល់អ្វីធំដំឡើយដល់ការបង្កើតគម្រោងថ្មីៗ។ ដោយឡែកកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរបស់ឧកញ៉ា អ៊ឹង ប៊ុនហូវ បានធ្វើកិច្ចព្រមព្រៀងសហប្រតិបត្តិការ នឹងចងសម្ព័ន្ធក្រុមហ៊ុនកម្ពុជា និងក្រុងហុងកុង ដើម្បីរួមកម្លាំងអភិវឌ្ឍទីក្រុងនាគ នៅក្នុងតំបន់បឹងទំពុន និងជើងឯក លើផ្ទៃដី៥.៤ហិកតា តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន ហើយគម្រោងនេះនឹងពង្រីកគ្របដណ្តប់លើផ្ទៃដីរហូតដល់២៥ហិកតា។

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អាយអិនជី ហូលឌីង ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានលើកឡើងថា «ក្រុមហ៊ុន ING Horlding បានទទួលគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍការពង្រីកទីក្រុងមកភាគខាងត្បូង ដែលត្រូវបានគេស្គាល់ថាទីក្រុង អ៊ឹង ស៊ីធី (ING City)»។
ការអភិវឌ្ឍទីក្រុងរណប អ៊ឹង ស៊ីធី (ING City) បានចាប់ផ្តើមកាលពីឆ្នាំ២០០៧ ហើយមហាវិថីសម្តេច ហ៊ុន សែន ដែលលាតសន្ធឹងប្រវែង ៩,១គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈកាលពីខែ មេសា ឆ្នាំ២០១៧។

ក្រុមហ៊ុនសំណង់ អាហ្សែត ជាម្ចាស់គម្រោងទីក្រុងរណប ING City ដែលមានតម្លៃគម្រោងចុះបញ្ជីទុនវិនិយោគ ២ពាន់លានដុល្លារអាមេរិក និងមានផ្ទៃក្រឡាសាងសង់ជាង ២,៥០០ហិកតា។ បន្ថែមទៀតនោះ លោកក៏ជាម្ចាស់ពាណិជ្ជកម្មទំនើបមួយឈ្មោះថា ទីក្រុងនាគ ស្ថិតនៅក្នុងទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក ដែលវិនិយោគជាមួយក្រុមហ៊ុន Causeway Bay Group និងក្រុមហ៊ុន SINO Bay Construction Investment មកពីទីក្រុង ហុងកុង។

ពិធីចុះហត្ថលេខាធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភូកេត្រា ភ្នំពេញ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនទាំងបី រួមមានឧកញ៉ា លឹម រស់ និងឧកញ៉ា លឹម ប៊ុនសួរ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយអិនជី ហូលឌីង លោក Chen Zhi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសវ៉េបេ គ្រុប និងលោក Zhuang Xiongming អគ្គនាយក ក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេន៕

1.1K Shares