វិស័យ​សន្តិសុខឯកជន មិន​អាច​ខ្វះបាន​ដើម្បី​ចូលរួម​​គាំទ្រ​សណ្តាប់ធ្នាប់​សាធារណៈ

សង្គម​និង​សេដ្ឋកិច្ច

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនបានលើកឡើងថា វិស័យសន្តិសុខឯកជនមានសារៈសំខាន់ដែលមិនអាចកាត់ផ្តាច់បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិស័យសន្តិសុខឯកជនេះត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ លោកលើកឡើងក្នុងពេលបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣២ នៅថ្ងៃចន្ទ ទី២៧ ខែធ្នូម្សិលមិញ។

ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោរពេញទៅដោយសមត្ថភាពពេញលេញ។

លោក លឹម សុខារស្មី ក៏បានគូសបញ្ជាក់អំពីការចូលរួមរបស់ភ្នាក់ងារសន្ដិសុខឯកជន នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ​កូវីដ-១៩ ពិសេសនៅពេលបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលពេលនោះភ្នាក់ងារសន្ដិសុខឯកជន បានចូលរួមជាមួយ​កង​កម្លាំងមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការបន្ទាន់ផ្សេងៗរបស់រាជរដ្ឋាភិបាល។

លោកបន្តថា បន្ទាប់ពីបញ្ចប់ការបិទខ្ទប់ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ភ្នាក់ងារសន្ដិសុខឯកជន ដែលប្រចាំការនៅតាមគោលដៅផ្សេងៗ ក៏នៅតែបន្ដចូលរួមអនុវត្តបានយ៉ាងត្រឹមត្រូវថែមទៀត នូវវិធានការសុខាភិបាល ពិសេសការចាំបាច់វាស់កម្ដៅ និងបាញ់អាល់កុលជាដើម នៅពេលប្រជាពលរដ្ឋចេញចូលទីតាំងណាមួយ ដែលខ្លួនកំពុងតែបំពេញការងារ។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការររងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខធ្លាប់បាន​លើក​ឡើង​ដែរថា ភ្នាក់ងារសន្តិសុខឯកជនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយមិនតែប៉ុណ្ណោះ ពួកគាត់ក៏​មានតួនាទីជាកម្លាំងជំនួយ ដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ចផងដែរ ខណៈកងកម្លាំងសមត្ថកិច្ចមិនបានដាក់គ្រប់ទីកន្លែងនោះ។

លោក ឯក ឌី វិជ្ជា ថ្លែងថា« ក្រុមហ៊ុនសន្តិសុខទាំងអស់ពុំមែនមានតួនាទី ត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬក៏សហគ្រាស​គ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារសាធារណៈ សន្តិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច»។

លោកបន្ថែមថា កម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលធ្វើឲ្យប្រទេសជាតិទទួលបាន សុខសន្តិភាព ស្ថិរភាពសង្គម ហេតុនេះបានធ្វើឲ្យទាក់ទាញអ្នក វិនិយោគជាច្រើនមកបណ្តាក់ទុនស្ទើរគ្រប់វិស័យ។ ក្នុងនោះវិស័យ សន្តិសុខឯកជន គឺជាវិស័យដ៏សំខាន់មួយដែលត្រូវចូលរួមចំណែក យ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេស ចរណ៍ជាតិ អន្តរជាតិផង ។

សូមរំលឹកថា សន្តិសុខឯកជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា គឺមានចំនួនជាងបីម៉ឺននាក់ ដែលមានក្រុមហ៊ុនប្រមាណជាងពីររយក្រុមហ៊ុន និងគ្រឹះស្ថាន៕