តួលេខក្រុមហ៊ុនចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជោគជ័យជាង១ម៉ឺនក្រុមហ៊ុន

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ រួមទាំងអន្តរក្រសួងពាក់ព័ន្ធផ្សេងៗទៀត បានបង្ហាញនូវតួលេខនៃការចុះបញ្ជីអាជីវកម្មដោយជោគជ័យតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ មានចំនួនសរុបជាងមួយម៉ឺនក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទិន្និន័យដែលអន្តរក្រសួងបានបង្ហាញឃើញថា គិតត្រឹមថ្ងៃចន្ទ ម្សិលមិញនេះ ចំនួនក្រុមដែលបានចុះបញ្ជីតាមអនឡាញជោគជ័យ (Approved) មានចំនួន ១០,៣៣៤ ក្រុមហ៊ុន និងមានក្រុមហ៊ុន ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យ(Under review) ចំនួន ៨១២ ក្រុមហ៊ុន។ ទន្ទឹមគ្នានោះ ចំនួននាមករណ៍បម្រុងទុក ដែលបានស្នើសុំចុះឈ្មោះជាផ្លូវការជោគជ័យ មានចំនួន ៨០៦២ និងឈ្មោះកំពុងត្រួតពិនិត្យមានចំនួន ៣១៨ ក្រុមហ៊ុន។


ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ដែលជាការចុះបញ្ជីក្រុមហ៊ុន/សហគ្រាសជាកញ្ចប់ជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ទន្ទឹមគ្នានោះ ដំណាក់កាលទី ១នេះ ក៏មានប្រព័ន្ធចុះបញ្ជីដាច់ដោយឡែកមួយទៀត សម្រាប់គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project – QIP) ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

គួរបញ្ជាក់ថា ការចុះបញ្ជីអាជីវកម្មតាមអនឡាញ ជាការដោះស្រាយដ៏មានប្រសិទ្ធភាពដែលវិស័យឯកជនចង់បាន ព្រោះចំនេញទាំងពេលវេលា ថវិការ កាត់បន្ថយការជួបមន្រ្តី និងការរត់ឯកសារនានា ហើយសូម្បីតែម្ចាស់អាជីវកម្មក្រៅស្រុកក៏អាចចុះបញ្ជីអាជីវកម្មបានដែរ។ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក៏នឹងរួមចំណែកបង្ករភាពងាយស្រួលដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ