ជប៉ុន ត្រៀមចុះហត្ថលេខាផ្តល់ជំនួយជាទឹកប្រាក់ ១៤៥លានដុល្លារមកឲ្យកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ចំពោះមុខសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថិតនៅភូមិគ្រឹះផ្ទាល់សម្តេចនាទីក្រុងតាខ្មៅ នៅព្រឹកថ្ងៃអង្គារ៍នេះ លោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ថ្លែងថា៖ “រដ្ឋាភិបាលជប៉ុនប្រកាសផ្តល់ជំនួយ ១៤៥លានដុល្លារអាមេរិក និងវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Astrazeneca ចំនួន៣០ម៉ឺនដូស មកឲ្យកម្ពុជា”។ នេះបើតាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 6 people, people sitting, people standing and indoor

លោក អ៊ាង សុផល្លែត បានឲ្យដឹងថា ជំនួយជាថវិកាប្រមាណ ១៤៥លានដុល្លារអាមេរិក និងវ៉ាក់សាំង Astrazeneca ចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាយើងជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ។

ជាមួយគ្នានោះផងដែរ លោក មីកាមិ ម៉ាសាហ៉ីរុ ក៏បានប្រាប់សម្ដេចនាយករដ្ឋមន្រ្តីលើការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុឲ្យទៅជាកំពង់ផែស្នូលរបស់កម្ពុជា។ ដោយឡែក ចំពោះវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានបញ្ជាក់ថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួនដែរ ហើយជប៉ុនក៏នឹងត្រៀម ផ្ដល់នូវកិច្ចសហប្រតិបត្តិការលើការគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។

គួររំលេចបន្តិចដែលថា ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​ជប៉ុន នា​អំឡុងពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​និង​កំពុង​បន្ត​មាន​លក្ខណៈ​កាន់​តែ​ស្និទ្ធស្នាល​ឡើង​ជា​លំដាប់។ ទំនាក់​ទំនង​នេះ “បរិសុទ្ធ​ណាស់” បើ​យោង​ទៅ​តាម​ព្រះរាជ​បន្ទូល​របស់​អតីត​ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហនុ ពី​ព្រោះ​មើល​មួយ​ភ្លែត ជប៉ុន​ក្នុង​នាម​ជា​មហា​អំណាច​សេដ្ឋកិច្ច ដូច​ជា​មក​ជួយ​កម្ពុជា ក្នុង​បុព្វហេតុ​មនុស្ស​ធម៌​សុទ្ធ​សាធ។ 

សរុប​មកវិញ បើទោះជា​ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ឬក៏​ផលប្រយោជន៍​សេដ្ឋកិច្ច​ក្តី ក៏​ជំនួយ​និង​ការវិនិយោគ​របស់​ជប៉ុន​មាន​សារសំខាន់​សម្រាប់​ប្រទេស​កម្ពុជា។ ម្យ៉ាងទៀត ជំនួយ​ជប៉ុន​មាន​លក្ខណៈ​បរិសុទ្ធ​ជាង​បើ​ធៀប​នឹង​ជំនួយ​របស់​ប្រទេសមួយ​ចំនួន​ដែល​បង្កប់​ដោយ​ចរិត​នយោបាយ​ផង​និង​ការ​សម្លឹង​ឃើញ​ធនធានធម្មជាតិ​មហាសាល​របស់​ខ្មែរ​ផង៕