អគារក្រសួងការពារជាតិ តម្លៃប្រមាណ ២៩លានដុល្លារអាមេរិក សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី២៩ ធ្នូនេះ ដែលប្រើប្រាស់ពេលវេលាសាងសង់ប្រមាណ ៤០ខែ ដោយចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២១នេះ។ នេះបើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពារជាតិ ថ្លែងក្នុងពិធីសម្ពោធនៅព្រឹកនេះ ក្រោមវត្តមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 1 person, sitting and standing

សម្តេច ទៀ បាញ់ បានឲ្យដឹងថា៖ “អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ បានចំណាយថវិកាសាងសង់ប្រមាណ ២៩លានដុល្លារអាមេរិក នេះមិនគិតដល់ថ្លៃដី ខណៈដែលរដ្ឋសាងសង់នៅលើទីតាំងចាស់ ក្រោមថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមឧបត្ថម្ភគាំទ្រថវិកា សម្ភារៈបច្ចេកទេសពីដៃគូសហប្រតិបត្តិការ សប្បុរសជន និងក្រុមហ៊ុននានា”

អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិនេះ សម្ពោធនៅថ្ងៃនេះ មានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកម្ពស់​ ៣២ម៉ែត្រ និងមានចំណត់រថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន ១៥០គ្រឿង សរុបផ្ទៃក្រឡាប្រើប្រាស់រួម ទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ (ស្មើនឹង១០ដង នៃទំហំ អគារចាស់)។

គួររម្លឹកថា នៅថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ​២០១៨កន្លងទៅ នាយករដ្ឋមន្រ្ដីកម្ពុជា សម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីការពារជាតិប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ ក្នុងជំនួបនោះប្រទេសវៀតណាមក៏បាននាំមកនូវថវិកាចំនួន ១០លានដុល្លារអាមេរិក ដើម្បីជួយសាងសង់អគារទីស្តីការក្រសួងការពារជាតិរបស់កម្ពុជាផងដែរ។

យ៉ាងណា​ក្តី​ សម្តេច​នាយក​រដ្ឋមន្រ្តីកម្ពុជា ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​គម្រោង​នៃ​ការ​សាងសង់​អគារ​ទីស្តី​ការ​ក្រសួង​ការពារ​ជាតិ​នោះ​ទេ​ ហើយ​សម្តេច​ក៏​មិន​បាន​បញ្ជាក់​ថា​ តើ​ការ​ផ្តល់​ថវិកា​១០​លាន​ដុលា្លរ​ពី​រដ្ឋាភិបាល​វៀត​ណាម​សម្រាប់​ឲ្យ​កម្ពុជា​សាង​សង់​អគារ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​នោះ គឺ​ជា​ការ​ស្នើ​សុំ​របស់​កម្ពុជា ឬ​ជាការ​ផ្តល់​ដោយ​ឯកឯង​ពី​រដ្ឋាភិបាល​វៀតណាម​នោះទេ។

កន្លង​មក​រដ្ឋាភិបាល​វៀត​ណាម​តែង​តែផ្តល់​ជំនួយ​ឥត​សំណង​ ​ក្នុង​ការ​សាងសង់​អគារ​រដ្ឋ​សំខាន់ៗ​នៅ​កម្ពុជា។ កាលពី​ឆ្នាំ​២០១២​ ​រដ្ឋាភិបាល​វៀតណាម​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​ជិត​១៧​ម៉ឺន​ដុល្លារ​អាមេរិក​ (១៦៧,៧០០​ដុល្លារ​អាមេរិក) ​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ដើម្បី​យក​ទៅ​សាងសង់​អគារ​វិទ្យាស្ថាន​ពិសោធន៍​នៃ​អគ្គ​លេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​កម្ពុជា។ ហើយនៅ​ខែ​កក្កដា​ឆ្នាំ​២០១៧​ វៀតណាម ក៏​បាន​ផ្តល់​ថវិកា​ចំនួន​២៥​លាន​ដុល្លារ​ ដើម្បី​សាងសង់​អគារ​រដ្ឋបាលរដ្ឋសភា​ជាតិ​កម្ពុជា។​ ​ហើយនៅ​ខែ​សីហា ឆ្នាំ​២០១៧ ​វៀតណាម​បាន​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា​ ​៣លាន​ដុល្លារ​ ដើម្បី​សាងសង់​មណ្ឌល​បន្សាប​គ្រឿងញៀន​ ​នៅ​ខេត្ត​ព្រះសីហនុ​ជាដើម។

លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១នេះ។ នៅក្នុងនោះ លោក ង្វៀន សួនហ៊្វុក ក៏បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលា អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយឥតសំណងពីប្រទេសវៀតណាមក្នុងតម្លៃប្រមាណ ២៥លានដុល្លារអាមេរិក ជាមួយនឹងសម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ។

សូមជម្រាបថា អគាររដ្ឋបាលរដ្ឋសភាថ្មី ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមនេះ មានកម្ពស់១២ជាន់ និងមានចំណតរថយន្តចំនួនពីរជាន់ទៀត ជាសំណង់ដែលប្រកបដោយសោភ័ណភាពនឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងប្រជាជាតិកម្ពុជា និងប្រជាជាតិវៀតណាមជារៀងតទៅ៕