សម្តេច ទៀ បាញ់ ស្នើសុំនាយករដ្ឋមន្រ្តីធ្វើការលុបបំណុលថ្លៃភ្លើងអគ្គិសនីជាង២លានដុល្លារ របស់ក្រសួងការពារជាតិ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នៅព្រឹកថ្ងៃពុធ ទី២៩ ធ្នូនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ស្នើសុំសម្តេចនាយករដ្ឋមន្រ្តីធ្វើការលុបបំណុលថ្លៃភ្លើងអគ្គិសនីរបស់ក្រសួងការពារជាតិ។ បើតាមសម្តេច ទៀ បាញ់ មានជាង២លានដុល្លារអាមេរិក ខណៈការប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានតម្រូវការច្រើនស្របទៅតាមការអភិវឌ្ឍ និងទំនើបកម្មរបស់កងកម្លាំងយោធាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានអំពាវនាវឲ្យគ្រប់កងឯកភាពចំណុះក្រសួងការពារជាតិប្រើប្រាស់អគ្គិសនី ប្រកបដោយភាពសន្សំសំចៃខ្ពស់ ដើម្បីធានានិរន្តរភាព នៃតម្លៃអគ្គិសនី។ ជាមួយគ្នានេះ សម្តេចក៏ស្នើឲ្យក្រសួងការពារជាតិត្រូវពិនិត្យលក្ខណៈត្រៀមបម្រុងសម្រាប់ការប្រើប្រាស់អគ្គិសនី នៅអគាររដ្ឋបាលក្រសួងថ្មី ដែលសម្តេចមើលឃើញថា កំណើន នៃការប្រើប្រាស់អគ្គិសនីនឹងបន្តកើតឡើង។

លើសពីនេះ សម្តេចនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពសិក្សាមើលជុំវិញបញ្ហានេះរបស់ក្រសួងការពា​រជាតិ។

សម្តេចថ្លែងយ៉ាងដូច្នេះថា៖ «តើអគ្គិសនីកម្ពុជា មានលទ្ធភាពលុបបំណុលជាង៩ពាន់លានរៀល ស្មើនឹងជាង២លានដុល្លារនេះទាំងស្រុង ឬក៏អាចជួយលុបពាក់កណ្ដាល ឬ៧០ភាគរយ? ក្រៅពីនោះ បំពេញដោយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ»។

សម្ដេចបញ្ជាក់ថា «ប៉ុន្ដែខ្ញុំមិនទាន់ឆ្លើយដាច់ណាត់ តែមានរឿងមួយដែលខ្ញុំត្រូវទាមទារមកវិញ ខ្ញុំនឹងចេញបញ្ជា ដើម្បីឲ្យពិនិត្យអំពីបញ្ហាការរៀបចំដើម្បីនឹងបន្ថែមថវិកា ការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំ ព្រោះតម្រូវការកសាងអាគារនេះមួយ (អាគារ ក្រសួងការពារជាតិ) តើតម្រូវការនៃការកើនឡើងប៉ុណ្ណា? នេះជាចំណុចរបស់យើង»។

បើតាមសម្តេចពេលមុនការប្រើប្រាស់អគ្គិសនី ត្រឹមតែ៣០មេកាវ៉ាត់ នៅទីក្រុងភ្នំពេញ ឥឡូវនេះទីក្រុងភ្នំពេញ បានប្រើប្រាស់អគ្គិសនី ច្រើនជាង៣០មេកាវ៉ាត់ ដោយសារទីក្រុងភ្នំពេញ មានការរីកចម្រើនខ្លាំង ប៉ុន្ដែបើដាក់ការសន្សំចៃក្នុងការប្រើប្រាស់អគ្គិសនីគ្រប់ស្ថាប័ន គឺអាចមានចំណែកសន្សំចៃ នូវថវិកាទាំងនោះ។

គួរជម្រាបថា អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិនេះ មានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកម្ពស់​ ៣២ម៉ែត្រ និងមានចំណត់រថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន ១៥០គ្រឿង សរុបផ្ទៃក្រឡាប្រើប្រាស់រួម ទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ (ស្មើនឹង១០ដង នៃទំហំ អគារចាស់)។

May be an image of 2 people and indoor

ថ្លែងក្នុងរបាយការណ៍នៅចំពោះមុខសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ទៀ បាញ់ បានឲ្យដឹងថា៖ “អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ បានចំណាយថវិកាសាងសង់ប្រមាណ ២៩លានដុល្លារអាមេរិក នេះមិនគិតដល់ថ្លៃដី ខណៈដែលរដ្ឋសាងសង់នៅលើទីតាំងចាស់ ក្រោមថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមឧបត្ថម្ភគាំទ្រថវិកា សម្ភារៈបច្ចេកទេសពីដៃគូសហប្រតិបត្តិការ សប្បុរសជន និងក្រុមហ៊ុននានា”