អាគារមន្ទីរពេទ្យថ្មីមានចំណតឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់​ តម្លៃ ៨១ លានដុល្លារ ចិនគ្រោងនឹងប្រគល់ជាផ្លូវការឲ្យកម្ពុជានៅដើមឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

អាគារមន្ទីរពេទ្យថ្មី​ដ៏​​ធំខ្ពស់ស្កឹមស្កៃ​ នៅតាមបណ្តោយផ្លូវយោធ​ពលខេមរភូមិន្ទ នៅកណ្ដាលរាជធានីភ្នំពេញ ​ដែលមានឈ្មោះថា «កម្ពុជា-ចិន ព្រះកុសុមៈ» ពីមុនហៅថា «មន្ទីរពេទ្យលោកសង្ឃ» គ្រោងនឹងសម្ពោធជាផ្លូវការនៅដើមឆ្នាំ២០២២ខាងមុខ ក្រោយដំណើរការសាងសង់អស់រយៈពេល ៣ឆ្នាំ។ ខណៈអាគារមន្ទីរពេទ្យមួយនេះ បានជាប់ត្រួតពិនិត្យបច្ចេកទេសជោគជ័យកាលពីថ្ងៃទី២៨ ខែធ្នូនេះ​។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
News

មុនក្លាយជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ពីមុនមានឈ្មោះថា មន្ទីរពេទ្យព្រះកុសុមៈ ដែលគេស្គាល់ថាជាមន្ទីរពេទ្យលោកសង្ឃ ស្ថិត ក្នុងខណ្ឌទួលគោក ត្រូវបានកសាងនៅឆ្នាំ១៩៥៣ និងដាក់ឲ្យដំណើរការនៅឆ្នាំ១៩៥៦ ដោយយកតាមព្រះនាមព្រះមហាក្សត្រិយ៍ខ្មែរមួយអង្គ ព្រះនាម ស៊ីសុវត្ថិមុនីវង្ស កុសុមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលបានសោយរាជ្យ នៅចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០។

ក្រុមហ៊ុនម៉ៅ​ការសាសង់ចិន «China State Construction Engineering Corporation Ltd» បានប្រាប់សារព័ត៌មានរដ្ឋចិន ZINHUA ថា ​អាគារពេទ្យថ្មីក្រោមជំនួយចិនតម្លៃ ៨១ លានដុល្លារនេះ នឹងក្លាយជាមន្ទីរពេទ្យដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានប្រព័ន្ធវេជ្ជសាស្រ្តទំនើប ប្រើប្រាស់ថាមពលទាប និងមាន​គុណភាពខ្ពស់។​ ហើយ អគារមន្ទីរពេទ្យនេះមានសាងសង់ចំណតឧទ្ធម្ភាគចក្រសម្រាប់សង្គ្រោះបន្ទាន់ ដែលផ្ទុកទម្ងន់ជាមធ្យមពី ៣តោន ទៅ ៥តោន ផងដែរ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានឨ្យដឹងថា អាគារ​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនេះ មានកំពស់ ១១ជាន់ ១៣២បន្ទប់ ឬ ស្មើនឹង ៤០០គ្រែ ត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបែងចែកទៅជាផ្នែកផ្សេងៗ ដូចជា ផ្នែក​​វះកាត់ សេវាព្យាបាលក្រៅ សង្គ្រោះបន្ទាន់ បច្ចេកវិជ្ជាវេជ្ជសាស្ត្រ មន្ទីរពេទ្យ និងភស្តុភារ។

បើតាមលោក ម៉ម ប៊ុនហេង បច្ចុប្បន្ននេះ មន្ទីរពេទ្យព្រះកុសុមៈបានប្តូរឈ្មោះទៅជាមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ ដើម្បីឆ្លើយតបតាមកិច្ចព្រមព្រៀង និងមានការឯកភាពពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅដើមឆ្នាំ២០២១នេះ បានចុះពិនិត្យដំណើរការសាងសង់អគារមិត្តភាពកម្ពុជា-ចិន ហើយបានលើកឡើងថា ដំណើរការសាងសង់មន្ទីរពេទ្យនេះ គឺជាការបង្កើតនូវសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់សេវាសុខភាពសាធារណៈជូនពលរដ្ឋ។

ទន្ទឹមនឹងនោះ សម្ដេច ស ខេង បានគូសបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០១៥មក ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល មន្ទីរពេទ្យមួយនេះ មានការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះសមិទ្ធផលធំ គឺការទទួលបានការគាំទ្រជាជំនួយឥតសំណងពីរដ្ឋាភិបាលចិន ដើម្បីសាងសង់អគារដ៏ស្កឹមស្កៃជាង៣ម៉ឺនម៉ែត្រការ៉េនេះ។

សូមរំលឹកថា អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ បានដំណើរការសាងសង់កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ លើផ្ទៃដីទំហំ១៣.៧៤០ម៉ែត្រការ៉េ ឬស្មើនឹងផ្ទៃក្រឡាប្រមាណជា២៨.៩០០ម៉ែត្រការ៉េ និងចំណាយថវិកាប្រ​មាណ ៥៥០លានយ័ន ស្មើនឹងប្រមាណជា ៨០លានដុល្លារអាមេរិក គ្រោងចំណាយពេលសាងសង់រយៈពេល៤០ខែ៕