រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ចុះ​​ដោះស្រាយ​រឿងបញ្ហា​​សេវា​ទូរសព្ទ ដល់បុរី​ប៉េង ហួត បឹង​ស្នោ

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចុះមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងគម្រោង បុរី ប៉េងហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដើម្បីពិនិត្យ និងរកដំណោះស្រាយលើការផ្តល់ប្រព័ន្ធសេវាទូរស័ព្ទ និងសេវាអ៊ីនធើណេត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​រដ្ឋមន្ត្រីមានប្រសាសន៍ថា ការជួបប្រទះបញ្ហាប្រឈមទាក់ទងនឹងសេវាទូរសព្ទចល័ត បានធ្វើ​ឱ្យប៉ះពាល់ដល់ការធ្វើការ ការប្រកបអាជីវកម្ម ក៏ដូចជាការសិក្សាក្នុងអំឡុងពេលកូវីដ-១៩។ បញ្ហាគុណភាពសេវានេះ មានជាច្រេីនឆ្នាំមកហេីយ ជាពិសេសនៅពេលមានកំណេីនលំនៅឋាន និងប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន​បំពាក់ឧបករណ៍វាស់ស្ទង់គុណភាពសេវា បង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងនីមួយៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត​ឱ្យបានល្អប្រសេីរ។ ក្នុងនោះក្រុមការងារនឹងសាងសង់បង្គោលអង់តែនបន្ថែមជាច្រើនទៀត ហើយត្រូវមានប្រតិបត្តិករចំនួន ៣ ប្រើប្រាស់រួមគ្នាលើបង្គោលមួយ ដែលមានទម្រង់ជាដើមឈើ ប្រកបដោយសោភ័ណភាព។

ថ្លែងសន្យា​ចំពោះមុខ​ប្រជាពលរដ្ឋ​ដែលរស់នៅបុរីប៉េងហួត​បឹងស្នោ លោក​រដ្ឋមន្រ្តី​ថានឹងត្រលប់មកទីតាំងដដែលនេះវិញ ក្នុងរយៈពេល ៣ខែក្រោយ ដើម្បីពិនិត្យមើលគុណភាពសេវាអ៊ីនធឺណិត និងសេវាទូរសព្ទទាំងអស់ ហើយប្រសិនបើពុំមានការកែលម្អគុណភាព​សេវាទាំងអស់នេះទេ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។

ជា​ការ​ឆ្លើយតប​ តំណាង​បុរី​ប៉េង ហួតបាន​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​ក្រសួង​ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នា​ បុរីក៏​ថ្លែង​អំណរគុណ​សម្រាប់បងប្អូនប្រជាពលរដ្ឋចំពោះភាពអត់ធ្មត់កន្លងមកនេះ។

ក្រុមហ៊ុន ប៉េង ហួត គ្រុប នឹងបន្តខិតខំសហការគ្រប់បែបយ៉ាងជាមួយប្រតិបត្តិករ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការផ្តល់ជូននូវសេវាទូរស័ព្ទ និងអ៊ីនធើណេតបាននូវគ្រប់គម្រោងរបស់ បុរី ប៉េង ហួត និងដើម្បីចូលរួមចំណែកជាមួយគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល៕