១២ខែឆ្នាំ២០២១នេះ CDC អនុម័តគម្រោងវិនិយោគសរុបចំនួន១៦១គម្រោង ទឹកប្រាក់វិនិយោគជិត ៤ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ឆ្នាំ២០២១ គឺជាឆ្នាំដែលកម្ពុជា ចូលរួមយ៉ាងសស្រាក់សស្រាំប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគរាតត្បាតសកលកូវីដ-១៩ ជាមួយពិភពលោក ខណៈវិបត្តិ​សកល​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​-១៩​ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ រួម​ទាំង​សេដ្ឋកិច្ច​កម្ពុជា​ផងកំពុង​ដើរ​ថយក្រោយ។ សម្រាប់កម្ពុជា សកម្មភាពនៃការវិនិយោគ មានការធ្លាក់ចុះជិតពាក់កណ្ដាល បើធៀបទៅនឹងឆ្នាំ២០២០កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ក្នុងរយៈពេល១២ខែ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១គម្រោង ដែលមានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណជិត ៤ពាន់លានដុល្លារ ហើយអាចបង្កើតការងារបានសរុបចំនួន ១០៩,៤១៣កន្លែង។

ជាការកត់សម្គាល់ សម្រាប់ឆ្នាំ២០២១នេះ ការអនុម័តគម្រោងវិនិយោគសរុប គឺមានការធ្លាក់ចុះចំនួន ៧៧គម្រោង ហើយបើធៀបជាមួយនឹងឆ្នាំ២០២០ មានគម្រោងវិនិយោគចំនួន ២៣៨គម្រោង ពោលគឺធ្លាក់ចុះស្នើពាក់កណ្តាលនៃទំហំទុនវិនិយោគកាលពីឆ្នាំ២០២០ ដែលមានចំនួន៨​,២ពាន់លានដុល្លារ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងចំណោមគម្រោងចំនួន១៦១ដែលបានអនុម័តរួចនោះ គឺការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១២៥គម្រោង សរុបទុនវិនិយោគចំនួន ១.៩៧ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៦គម្រោង សរុបទុនវិនិយោគជាង១.៩៨ពាន់លានដុល្លារ។ ក្នុងនោះ គម្រោងវិនិយោគលើផ្នែកកសិកម្ម និងកសិឧស្សាហកម្មមានចំនួន១៤គម្រោង គម្រោងវិនិយោគលើផ្នែកឧស្សាហកម្មមានចំនួន១៣៥គម្រោង គម្រោងវិនិយោគលើផ្នែកទេសចរណ៍មានចំនួន២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀតមានចំនួន១០គម្រោង៕