ប្រឈមនឹងបញ្ហាមួយចំនួនក្នុងតំបន់ កម្ពុជាប្តេជ្ញាប្រកាន់ខ្ជាប់នូវសសរស្តម្ភទាំង ៣ របស់អាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងថា ប្រឈមនឹងបញ្ហាមួយចំនួនក្នុងតំបន់អាស៊ាន កម្ពុជាប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ដើម្បីប្រកាន់ខ្ជាប់នូវមូលបទរបស់អាស៊ាន ដោយធានាថា សសរស្តម្ភទាំងបីរបស់អាស៊ាននៅតែជាចំណុចស្នូលនៃដំណើរការកសាងសហគមន៍អាស៊ាន និងសម្រេចបាននូវរាល់គម្រោងទាំងឡាយ រួមទាំងការរៀបចំប្រកបដោយជោគជ័យនៃព្រឹត្តិការណ៍អមទាំងអស់។ លោកលើកឡើងបែបនេះក្នុងពិធី «ការផ្តល់ព័ត៌មាន ស្តីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២» នៅថ្ងៃទី២៩ ខែធ្នូម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 5 people, people standing and indoor

សសរស្តម្ភទាំង ៣ នៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ អាស៊ាន ដែលប្រមុខការទូតកម្ពុជាលើកឡើង គឺទីមួយ សហគមន៍នយោបាយសន្តិសុខអាស៊ាន ទី២ សហគមន៍សេដ្ឋកិច្ចអាស៊ាន និងទី៣ សហគមន៍សង្គមវប្បធម៌អាស៊ាន។

លោក ប្រាក់ សុខុន បានអះអាងថា៖ “ការងារទាំងអស់នេះតម្រូវឱ្យយើងមានការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងដើម្បីកិត្តិយសជាតិយើងទាំងមូល”។

លោក ប្រាក់ សុខុន បានពន្យល់ថា៖ យើងនឹងឈរដោយឯកភាព និងកិច្ចសហប្រតិបត្តិការ សម្រាប់ផ្តល់ផលប្រយោជន៍ទៅវិញទៅមក មិនមែនជាការរួបរួមសម្រាប់ប្រឈមមុខគ្នាទៅវិញទៅមកនោះទេ។ យើងនឹងខំផ្តោតបន្ថែមទៅលើបញ្ហា ដែលមានបញ្ហាទាក់ទងគ្នា ធ្វើឲ្យយើងមានកិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត និងការជឿជាក់ទៅវិញទៅមក ដើម្បីកាត់បន្ថយនូវគម្លាត ដែលមានបញ្ហានីមួយៗ។

May be an image of 5 people and indoor

ទន្ទឹមនឹងនោះ លោកប្រាក់ សុខុន ក៏បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាមួយចំនួន រួមមាន ខ្លឹមសារ ភ័ស្តុភារ ពិធីការ សន្តិសុខ ពត៌មាន ហិរញ្ញវត្ថុ ព្រឹត្តិការណ៍អម និងការគ្រប់គ្រងជំងឺកូវីដ១៩។

សូមជម្រាបថា អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៨ ខែសីហា ឆ្នាំ១៩៦៧ ក្នុង​ទី​ក្រុង​បាងកក ប្រទេសថៃ ដោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទី​ក្រុង​បាងកកដោយ​បិតា​ស្ថាបនិក​របស់​អាស៊ាន ដែល​មាន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និង​ថៃ។ ក្រោយ​មក​ប្រទេស​ប៊្រុយណេ​ដារូសាឡឹម​បាន​ចូលរួម​នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ​១៩៩៥ ប្រទេសឡាវ និង​ប្រទេស​ភូមា នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​១៩៩៧ និង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែល​ធ្វើ​ឲ្យ​មាន​ថ្ងៃ​នេះកើត​ឡើង​ជា​សហគមន៍​អាស៊ាន ដែល​ជា​អង្គការ​អន្តរ​រដ្ឋាភិបាល​មួយ​ក្នុង​តំបន់ ដែល​ត្រូវ​បាន​កំណត់​ឡើង​ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច នយោបាយ និង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​ទាំង១០​របស់​ខ្លួន។

ដូចនេះ អាស៊ាន​ត្រូវ​បាន​កសាង​ឡើង​ដោយ​ឈរ​លើ​សរសរស្តម្ភ​ទាំង​​បី​គឺ៖ សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន (APSC) សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) និង​សហគមន៍​សង្គម​វប្បធ៌ម​អាស៊ាន (ASCC)៕