ក្រសួងសាធារណការ លើកពេលដាក់ឱ្យដំណើរការ សាកល្បងកាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៣ ចាប់ពី ភ្នំពេញ ដល់ទីរួមខេត្តកំពត

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន លើកពេលដាក់ឱ្យដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ រាជធានីភ្នំពេញ ដល់ទីរួមខេត្តកំពត នៅដើមខែមករា ឆ្នាំ២០២២ខាងមុខ ដោយក្រុមការងារបច្ចេកទេស ធ្វើមិនទាន់រួចរាល់ទាំងស្រុងនៅឡើយ។ កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង ដែលបំពាក់នៅលើផ្លូវជាតិលេខ៣ គឺដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បង្កើនការប្រុងប្រយ័ត្នសម្រាប់អ្នកធ្វើដំណើរ ! ផ្លូវជាតិលេខ៣ មានកាមេរ៉ា

បើតាមក្រសួងសាធារណការ ការលើកពេលវេលានេះ ដោយសារបច្ចុប្បន្ន ក្រុមការងារបច្ចេកទេស បច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវបន្តដំណើរការតភ្ជាប់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ របស់អគ្គស្នងការនគរបាលជាតិ មិនទាន់ចប់សព្វគ្រប់ ការដាក់ឱ្យដំណើរការត្រូវពន្យារពេលសិន។ ចំពោះពេលវេលាជាក់លាក់ នៃការដាក់ឱ្យដំណើរសាកល្បងកាមេរ៉ាចាប់ល្បឿននេះ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។

នៅដើមខែធ្នូនេះ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៣ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយពីដាក់ឱ្យដំណើរកាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំងនេះហើយ ក្រសួងសាធារណការ នឹងប្រគល់តួនាទីទៅអគ្គស្នងការនគរបាលជាតិ ដើម្បីមានវិធានការបន្ត ក្នុងការកំណត់ពេលវេលា ចាប់និងផាកពិន័យ។

លោក ខាន់ ម៉ាណេរ បានបញ្ជាក់ទៀតថា កាមេរ៉ាចាប់ល្បឿនទាំងនេះ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរ មិនពាក់ខ្សែក្រវ៉ាត់ការពារ និងប្រើទូរសព្ទពេលបើកបរ។ ពេលដាក់ប្រើប្រាស់ផ្លូវការ កាមេរ៉ាចាប់ល្បឿនទាំងនេះ អាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញាជូនដំណឹងដល់អ្នកបើកបរ យ៉ាងតិច ១គីឡូម៉ែត្រ មុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿននេះផងដែរ៕