ធនាគារជាតិបង្ហាញក្តីរំពឹងខ្ពស់ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងបន្ថែមប្រមាណ ៥% នៅឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច


ធនាគារជាតិនៃកម្ពុជា តាមរយៈវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២ ចេញផ្សាយនៅថ្ងៃស្រុក ទី៣១ ខែធ្នូនេះបានបង្ហាញថា ការបន្តងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងគាំទ្រដល់ការនាំចេញរបស់កម្ពុជា ដូចជាផលិតផលកាត់ដេរ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេសការនាំចេញផលិតផលគ្រឿងបង្គុំអគ្គិសនី និងកង់ ហើយវិស័យសំណង់និងអចលនទ្រព្យ រំពឹងថានឹងកើនឡើងជាសង្ឃឹមៗ ដែលគាំទ្រដោយកំណើនចំណូលក្នុងស្រុក និងលំហូរចូលទុនវិនិយោគមកកម្ពុជា។ ខណៈវិស័យកសិកម្មដែលស្រូបយកកម្លាំងការងារជិត ១/៣ នៃកម្លាំងការងារសរុប ត្រូវបានរំពឹងថានឹងបន្តមានកំណើនល្អជាងឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សេដ្ឋកិច្ច​

ផ្អែកលើទស្សនវិស័យនេះ ធនាគារជាតិនៃកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងបន្តងើបឡើងបន្ថែមទៀត ក្នុងអត្រាប្រមាណ ៥% នៅឆ្នាំ២០២២។ អតិផរណារួមសម្រាប់ឆ្នាំ២០២២ត្រូវបានព្យាករថានឹងមានអត្រា ២,៦% ដោយសារកំណើនទាបនៃក្រុមប្ហូបអាហារដែលជំរុញដោយភាពប្រសើរឡើងនៃការផ្គត់ផ្គង់ និងថមថយកំណើនថ្លៃទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈហើយការអត្រាប្តូរប្រាក់ផ្លូវការបន្តមានស្ថិរភាពក្នុងរង្វង់ ៤.០៧៥ រៀលក្នុងមួយដុល្លារអាមេរិក

ចំណែកឯធនាគារពិភពលោកវិញនៅថ្ងៃទី០៩ធ្នូ បញ្ជាក់ដែរថា៖ ក្នុងឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងបន្តកើនឡើងចំនួន ៤.៥%។ ការកើនឡើងនេះ ដោយសារតែវិស័យឧស្សាហកម្មកាត់ដេរ, ទំនិញក្នុង​ផ្នែក​ធ្វើដំណើរ ​ស្បែកជើង និង​ឧស្សាហកម្មផលិតកង់ រួមទាំងវិស័យ​កសិកម្មផងនោះ នៅតែ​បន្ត​ដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់យន្តការ​ស្តារសេដ្ឋកិច្ច​ឱ្យងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។ ខណៈសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ក្តីរំពឹងថា សេដ្ឋកិច្ច​កម្ពុជា នឹងស្ទុះលើសពី ៥% តាម​រយៈ​កំណើន​នៃ​ការនាំចេញទំនិញកសិកម្ម។

តែយ៉ាងណា​ ធនាគារពិភពលោក ក៏បានគូសបញ្ជាក់បន្ថែមថា កំណើនសេដ្ឋកិច្ច ៤.៥% នាឆ្នាំ២០២២ខាងមុខ ក៏អាចនឹងជួបហានិភ័យទៅវិញផងដែរ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ នៅតែ​បន្តរីកសាយភាយម្តងទៀត។ ក្នុងនោះ ធនាគារពិភពលោកបន្តថា ដើម្បីធ្វើ​ឱ្យ​សេដ្ឋកិច្ចមានកម្លាំង​ស្ទុះងើបឡើងវិញបាន កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើកំណែទម្រង់នូវផ្នែកសំខាន់​ៗមួយចំនួន ក្នុងនោះ​រួមមាន៖ ការដាក់​ចេញនូវ​​វិធាន​និង​បទប្បញ្ញត្តិ​ច្បាស់​លាស់ ​ស្តីពី​ការរៀន​រស់​ជាមួយ​កូវីដ-១៩ ស្រប​តាម «គន្លងប្រក្រតីភាពថ្មី» វិធានការផ្នែក​​បទប្បញ្ញត្តិ​និង​ផ្នែក​សារពើ​ពន្ធ​ ដែល​ជួយ​ដល់​ការ​រស់​រាន​ឡើង​វិញ​របស់​វិស័យ​ទេសចរណ៍, និង​ការ​ដាក់​ចេញ​ជា​បន្ទាន់នូវ​បទ​ប្បញ្ញត្តិ​នានា​សម្រាប់​អនុវត្ត​ច្បាប់​និយោគថ្មីជាដើម។

ការ​ឆ្លើយ​តប​ទៅ​នឹង​​កូវីដ​-​១៩​៖​ ​គោល​នយោបាយ​  និង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ | Open Development  Cambodia (ODC)

ធនាគារជាតិនៃកម្ពុជា ក៏បានអះអាងថា៖ ឆ្នាំ២០២២ខាងមុខ សេដ្ឋកិច្ចពិភពលោករំពឹងថានឹងបន្តងើបឡើងក្នុងល្បឿនខុសគ្នា អាស្រ័យលើប្រសិទ្ធភាពនៃការការពារមេរោគរាតត្បាតកូវីដ១៩ និងវិធានការគាំទ្ររបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនោះ វីរុសបំប្លែងខ្លួនប្រភេទថ្មីអូមីក្រុង ក៏បន្តជាជាបញ្ហាប្រឈមចម្បងជាមួយនឹងហានិភ័យដែលមានស្រាប់ ដូចជាភាពតានតឹងភូមិសាស្រ្តនយោបាយនិងពាណិជ្ជកម្ម និងការការប្រែប្រួលអាកាសធាតុ

លើសពីនេះ ធនាគារជាតិនៃកម្ពុជា បានបង្ហាញ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង នឹងបន្តបង្កើនសក្តានុពលនៃវិស័យកសិកម្ម ជាពិសេសកសិកម្មកែច្នៃ និងកសិ-ឧស្សាហកម្ម។ ម្យ៉ាងទៀត កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP ដែលជាកិច្ចព្រមព្រៀងរវាងប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរី (អូស្រ្តាលី នូវើលសឡង់ ចិន កូរ៉េខាងត្បូង និងជប៉ុន) ក៏នឹងត្រូវចូលជាធរមាននៅដើមឆ្នាំ២០២២ ដែលនឹងផ្តល់កាលានុវត្តភាពសម្រាប់ការធ្វើពាណិជ្ជកម្មសេវានិងទំនិញ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មតាមរប្រព័ន្ធអេឡិចត្រូនិច។

កម្ពុជា ទទួលបានចំណូលជិត200លានដុល្លារពីការនាំកង់ចេញទៅកាន់ទីផ្សារអន្តរជាតិ

ជាមួយនឹងការបើកសេដ្ឋកិច្ចឡើងវិញ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកដែលមានរួមមាន ពាណិជ្ជកម្មដុំ-រាយ ទូរគមនាគមន៍និងការដឹកជញ្ជូន និងទេសចរណ៍ក្នុងស្រុក ត្រូវបានធនាគារជាតិនៃកម្ពុជា រំពឹងថាកើនឡើងជាលំដាប់ ខណៈដែលទេសចរណ៍អន្តរជាតិអាចកើនសន្សឹមៗ និងទាមទារពេលវេលានិងកិច្ចខំប្រឹងប្រែងដើម្បីឲ្យវិស័យនេះមានកំណើនដូចគ្រាមុនមានវិបត្តិកូវីដ-១៩។ ហើយការងើបឡើងវិញនៃវិស័យទេសចរណ៍ក៏នឹងមានឥទ្ធិពលវិជ្ជមានលើភាពប្រសើរឡើងនៃវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន និងសេវាគាំទ្រផ្សេងៗផងដែរ៕