មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ៖ វិបត្តិចំណតឡាននៅសៀមរាបនឹងមានបញ្ហាធ្ងន់ធ្ងរទៅថ្ងៃអនាគត បើអាជ្ញាធរនិងម្ចាស់អាជីវកម្មមិនបានគិតគូរ

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី៣១ ខែធ្នូម្សិលមិញ ប្រជាជនលើពិភពលោកទាំងមូលបានប្រារព្ធពិធីអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ ដែលទើបនឹងឈានចូលមិនដល់ ២៤ម៉ោងផងយ៉ាងសប្បាយរីករាយ និយាយជារួម។ និយាយដោយឡែកសម្រាប់ប្រជាជនកម្ពុជា ក៏បានត្រៀមអបអរសាទរឆ្នាំថ្មីយ៉ាងសប្បាយចាស់ដៃផងដែរ បើទោះមេរោគរាតត្បាតបំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង ចរាចរនៅកម្ពុជាក៏ដោយចុះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍កម្ពុជា គិតមកដល់ម៉ោងនេះមិនទាន់បានបង្ហាញរបាយការណ៍ចំនួនភ្ញៀវទេសចរចេញដើរកម្សាន្តក្នុងឪកាសចូលឆ្នាំថ្មីនេះនៅឡើយទេ តែជាការកត់សម្គាល់នៅមុនថ្ងៃឆ្លងឆ្នាំមានប្រជាជនកម្ពុជាជាច្រើនបានចេញដើរទៅតាមតំបន់ទេសចរនានាជុំវិញប្រទេសកម្ពុជា ខណៈគោលដៅទេសចរដែលក្រសួងទេសចរណ៍ និងអ្នកធ្វើការក្នុងវិស័យទេសចរបង្ហាញឲ្យដឹងថា ខេត្តព្រះសីហនុ កំពត កែប សៀមរាប កោះកុង កំពង់ស្ពឺ មណ្ឌលគិរី និងរតនគិរី នឹងមានកំណើនភ្ញៀវទេសចរទៅកម្សាន្តច្រើន។

តាមរយៈកំណើនភ្ញៀវទេសចរណ៍ចេញដើរនៅថ្ងៃឆ្លងឆ្នាំនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានបង្ហាញក្តីបារម្ភជាខ្លាំងចំពោះបញ្ហាចំណតរថយន្តរបស់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងកម្សាន្តនានាដែលបានចតឡានពាសវាពាសការគ្មានសណ្តាប់ធ្នាប់សាធារណៈពិសេសនៅខេត្តសៀមរាបផ្ទាល់តែម្តង។ លោកបានអះអាង បើអាជ្ញាធរខេត្តរួមនឹងម្ចាស់អាជីវកម្មមិនបានគិតគូរឲ្យបានច្បាស់លាស់ចាប់ពីពេលនេះតទៅនឹងមានបញ្ហាចំណតឡានកាន់តែធ្ងន់ធ្ងរទៅថ្ងៃអនាគត។

លោកបណ្ឌិត ហឿន សំនៀង ប្រធានវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានគូសបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍ទី១ មករា ថា៖ វិបត្តិចំណតឡាននៅសៀមរាប ក្រុងសៀមរាបនឹងមានបញ្ហាចំណតឡានកាន់តែធ្ងន់ធ្ងរទៅថ្ងៃអនាគត ប្រសិនបើអាជ្ញាធរខេត្ត និងម្ចាស់ផ្ទះ ម្ចាស់សណ្ឋាគារ មិនបានគិតគូរឲ្តបានច្បាស់លាស់ចាប់ពីពេលនេះតទៅ

លោកបានអះអាងថា ម្ចាស់ផ្ទះសំណាក់-ម្ចាស់សណ្ឋាគារមួយចំនួនហាក់សាងសង់ផ្ទះសំណាក់ និងសណ្ឋាគាររបស់ខ្លួន សម្រាប់ផ្តោតទទួលតែភ្ញៀវបរទេស ដែលជិះយន្តហោះមកកាន់ខេត្តសៀមរាបប៉ុណ្ណោះ ដោយមិនបានគិតគូរពេញលេញ ដល់ការអញ្ជើញមករបស់ភ្ញៀវជនជាតិខ្មែរ ជាមួយវត្តមានគ្រួសារ និងរថយន្តតូចធំឡើយ។

លោកថ្លែងថា៖ ព្រលឹមស្រាងៗព្រឹកមិញនេះ ខ្ញុំបានជិះម៉ូតូឆ្វែលឆ្វាត់គយគន់ ទីក្រុងដ៏ស្រស់ស្អាត ស្ងាត់ជ្រងំ ខណៈមនុស្សម្នាមហាជនកំពុងសម្រានលង់លក់ ត្បិតជ្រុលកាលពីយប់មិញ ឃើញថា ស្ទើរគ្រប់សណ្ឋាគារ និងផ្ទះសំណាក់ មានភ្ញៀវចូលគេងយ៉ាងពេញកកកុញ ឡានហៀរពាសពេញចតតាមដងផ្កូវ ចិញ្ចើមផ្លូវ

រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ កាលពីថ្ងៃទី២០ធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ តាមតំបន់ដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក បានរៀបចំនិងសហការជាមួយ សសយកខេត្ត សហគ្រិនវ័យក្មេង វិស័យឯកជន ក្នុងការរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២២ ដែលមានកម្មវិធីកម្សាន្តជាច្រើនក្នុងក្រុងសៀមរាប នៅខាងមុខបរិវេណសួនច្បារព្រះរាជដំណាក់-ស្រុកស្វាយលើ នៅជើងភ្នំគូលេន (ផ្លូវឡើងភ្នំថ្មី) ភូមិបិទផ្កា ឃុំស្វាយលើ -ស្រុកស្រីស្នំ នៅរមណីដ្ឋានស្រីស្នំភូមិខ្ញុំ ភូមិត្រាំកង់ ឃុំស្លែងស្ពាន -ស្រុកបន្ទាយស្រី មាន ០៥ទីតាំង ទីតាំងទី១-តាំងពិព័រណ៍អាហារជនបទ នៅភូមិព្រះដាក់, ទី២-អាហារ Buffet និងបោះតង់ នៅភូមិលំហែសរសី, ទី៣-បោះតង់ និងតន្ត្រីស្គរដៃ នៅសួនក្រអូមឃុនរាម, ទី៤-បោះតង់ និងតន្ត្រីស្គរដៃ នៅបន្ទាយស្រីទេវី និងទី៥- ពិព័រណ៍ និង Concert ដីឡូត៍ ឡេង ណាវ៉ាត់ត្រា នៅភូមិតាកុះ ឃុំខ្នារសណ្ដាយ-ស្រុកវ៉ារិន នៅសហគមន៍ព្រៃឈើចង្ក្រានរយ ជាដើម។

May be an image of 5 people and street

ទោះយ៉ាងណា មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការរូបនេះ បានមើលឃើញដែរថា វត្តមានភ្ញៀវទេសចរណ៍ថ្ងៃបុណ្យឆ្លងឆ្នាំនេះ បានជួយដល់ភាពរស់រានឡើងវិញនៃសេវាកម្មទេសចរណ៍នៅខេត្តសៀមរាប ក្រោយសេវានេះត្រូវបានសម្លាប់ទាំងស្រុងដោយជំងឺកូវីដ។ លោកថា ក្រោមដំបូលសន្តិភាព វត្តមានផ្លូវ៣៨ខ្សែ និងការចាក់ស្រោចវ៉ាក់សាំងទូទាំងប្រទេស ចាប់ពីពេលនេះតទៅ សេវាកម្មទេសចរណ៍នឹងលីតលាស់ល្អឡើងវិញ ជាបណ្តើរៗ។

May be an image of tree and sky

ជាថ្មីម្តងទៀត លោកបណ្ឌិត ហឿន សំនៀង បង្ហាញក្តីសង្ឃឹមថា អាជ្ញាធរខេត្ត និងម្ចាស់ផ្ទះសំណាក់ ម្ចាស់សណ្ឋាគារ នឹងពិចារណាឡើងវិញ ទាក់ទងនឹងចំណតឡានសម្រាប់ទទួលភ្ញៀវក្នុងស្រុក នាថ្ងៃអនាគត៕

រូបភាព៖ លោកបណ្ឌិត ហឿន សំនៀង