មុនផ្លាស់ចូលឆ្នាំថ្មី ព្រះមហាក្សត្រតែងតាំងមន្ត្រីយោធាជាន់ខ្ពស់ ២រូប ជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី

សង្គម​និង​សេដ្ឋកិច្ច

ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះអង្គសព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យផ្ដល់ឋានៈដល់ឥស្សរជនពីររូប ជាទីប្រឹក្សាផ្ទាល់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៣១ ខែធ្នូ ថ្ងៃឆ្លងឆ្នាំសកល ២០២២ម្សិលមិញ។

ឥស្សរៈជន ដែលទើបទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី គឺលោក សឹង សំណាង មានឋានៈស្មើ ទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ លោកកាន់តួនាទីជានាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងអាកាស ទទួលបន្ទុកលើ​ការ​ងារគ្រប់គ្រងបញ្ជាផ្ទាល់កងទ័ពជើង​អាកាស និងបញ្ជាការដ្ឋាន​​ការ​ពារអាកាកាស​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឈួន ថាវរិន្ទ មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ លោកមានងារជាឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងអាកាស នៃអគ្គបញ្ជាការដ្ឋាន និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

តាមរយៈព្រះរាជក្រឹត្យមួយទំព័ររបស់ព្រះករុណា ព្រះមហាក្សត្រ បានបញ្ជាក់ថា ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយពុំទទួលប្រាក់បំណាច់មុខងារនោះទេ។

សូមជម្រាបជូនថា មុនដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០២២នេះ ពោលគឺនៅថ្ងៃទី២៨ ធ្នូដែលនោះ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក៏បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា លោក ជាម យៀប អនុប្រធានទី១ ក្នុងនីតិកាលទី៦ នៃរដ្ឋសភាចំនួន ៣៣រូបផងដែរ។

លោក ជាម យៀប មុនក្លាយជាអនុប្រធានទី១ រដ្ឋសភាជាផ្លូវការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ជំនួសលោក ងួន ញ៉ិល ដែលទទួលមរណភាព លោកជាប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា៕