សម្ដេច ហ៊ុន សែន បញ្ជាឳ្យអភិបាលរាជធានីខេត្ត និងស្ថាប័នរដ្ឋទាំងអស់ដែលឃុបឃិតគ្នាជំពាក់លុយក្រុមហ៊ុន លី ឈួង ត្រូវបញ្ឈប់ជាបន្ទាន់

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន ថ្លែងពីខេត្តកោះកុង ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃចន្ទ ទី០៣នេះ បានព្រមានដកអភិបាលខេត្តណាដែលឃុបឃិតគ្នាជំពាក់លុយក្រុមហ៊ុន លី ឈួង រឿងសាងសង់មុនទើបធ្វើការទូទាត់ប្រាក់តាមក្រោយ ដោយមិនមានការដេញថ្លៃ។ សម្តេចក៏បានបញ្ជារដាច់ណាត់ថា អភិបាលរាជធានីខេត្ត និងស្ថាប័នរដ្ឋទាំងអស់ ត្រូវបញ្ឈប់គម្រោងបែបនេះជាបន្ទាន់ មិនអញ្ចឹងអាចនឹងបាត់បង់តំណែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេច ហ៊ុន សែន បញ្ហានេះ គឺក្រុមហ៊ុន និងអភិបាលខេត្តនោះមានការឃុបឃិតគ្នា ដោយមិនបានឆ្លងកាត់ការដេញថ្លៃ ហើយមកទាររាជរដ្ឋាភិបាលឱ្យទូទាត់ ដោយចៅហ្វាយខេត្តទាំងនោះ មិនបានស្នើមករាជរដ្ឋាភិបាល ដើម្បីសុំសាងសង់សំណង់ទាំងនោះឡើយ។ ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន ក៏បានផ្តាំទៅក្រុមហ៊ុនលី ឈួង ឱ្យបញ្ឈប់ជាបន្ទាន់ បើមិនអញ្ចឹងទេ សម្តេចនឹងដាក់ក្រុមហ៊ុននេះទៅក្នុងបញ្ជីខ្មៅ។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា អភិបាលខេត្តត្រូវយល់ឱ្យច្បាស់ នេះជាបំណុលសាធារណៈ ដែលរាជរដ្ឋាភិបាលមិនអាចទទួលយកបានទេ មិនត្រឹមតែមិនអាចទទួលយកបាន អភិបាលខេត្តណាដែលធ្វើរបៀបនេះតទៅទៀត ត្រូវសងលុយខ្លួនឯង។ សម្តេចបន្តថា បើមិនអញ្ចឹងអាចនឹងបាត់បង់តំណែង។

សូមរំលឹកថា ក្រុមហ៊ុន លីឈួង ជាក្រុមហ៊ុនធំមួយ ដែលបានសាងសង់អគារវិមានសន្តិភាព និងវិមានរដ្ឋសភា រួមទាំងសំណង់ជាច្រើនទៀត នៅប្រទេសកម្ពុជា៕