តទៅនេះ ទិន្នន័យអត្តសញ្ញាណបុគ្គល ត្រូវបានរដ្ឋាភិបាលធានារក្សាការពារការសម្ងាត់នៃព័ត៌មានឯកជន

សង្គម​និង​សេដ្ឋកិច្ច

ក្រសួង ស្ថាប័ន គ្រប់អង្គភាពក្នុងវិស័យសាធារណៈ និងវិស័យឯកជន ឬបុគ្គលដែលមានបំណងប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃកម្ពុជា។ ការអនុញ្ញាតឲ្យប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ដែលបានរក្សាទុក និងគ្រប់គ្រងដោយក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលនៅពេលនេះ គឺដើម្បីផ្ទៀងផ្ទាត់ ឬបញ្ជាក់អំពីភាពត្រឹមត្រូវ បញ្ជាក់អំពីអត្តសញ្ញាណបុគ្គល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ លើកកម្ពស់គុណភាពនៃការផ្តល់សេវា និងការអភិវឌ្ឍន៍ជាតិ។ នេះបើយោងតាមអនុក្រឹត្យចំនួន ៦ទំព័ររបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រង ការប្រើប្រាស់និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ដែលបានចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រសួង​ថា​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ធ្វើ​ឲ្យ​រដ្ឋ​គ្រប់គ្រង​ទិន្នន័យ​បាន​ត្រឹមត្រូវ  — ខ្មែរ

ការអនុញ្ញាតឲ្យក្រសួង ស្ថាប័នក្នុងវិស័យសាធារណៈ ប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គលដើម្បីបម្រើការដល់សេវាសាធារណៈ ត្រូវបានធ្វើឡើងដោយប្រកាសអន្តរក្រសួង ឬប្រកាសរួមរវាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋមន្រ្តីក្រសួង ឬប្រធានស្ថាប័នដែលស្នើសុំ។ ដោយឡែកសម្រាប់វិស័យឯកជនឯណេះវិញ ត្រូវធ្វើឡើងដោយកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់គ្នារវាងតំណាងក្រសួងមហាផ្ទៃកម្ពុជា និងប្រធាន ឬតំណាងស្ថាប័ន អង្គភាពក្នុងវិស័យឯកដែលបានស្នើសុំ។

ទន្ទឹមនេះ អនុក្រឹត្យនេះ ក៏បានសង្កត់ធ្ងន់ដែរថា ការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ត្រូវធានារក្សារការពារការសម្ងាត់នៃព័ត៌មានឯកជនរបស់បុគ្គល សុវត្ថិភាព ភាពត្រឹមត្រូវ និងសុចរិតភាព។ ហើយក្រសួងមហាផ្ទៃដែលជាម្ចាស់ទិន្នន័យដើម ក៏ត្រូវធានាថារាល់ទិន្នន័យអត្តសញ្ញាណបុគ្គល មានភាពត្រឹមត្រូវដែលអាចធ្វើជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់ និងប្រើប្រាស់ជាផ្លូវការបាន។

កាន់តែ​ច្បាស់! ការ​កែ​ទិន្នន័យ​អត្តសញ្ញាណ ​មិន​អស់​លុយ​នោះ​ទេ - Sabay News

លើសពីនេះ ក្រសួង ស្ថាប័ន អង្គភាពក្នុងវិស័យសាធារណៈ និងឯកជនដែលត្រូវស្នើសុំប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ត្រូវធានាដែរថា រាល់ទិន្នន័យបានប្រើប្រាស់រួច មិនត្រូវបានរក្សាទុកក្នុងប្រព័ន្ធរបស់ខ្លួន និងមិនត្រូវចែករំលែកទិន្នន័យបន្តទៅភាគីផ្សេងទៀត ឬប្រើប្រាស់ដោយប្រាសចាកពីគោលបំណងនៃការស្នើសុំដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនោះឡើយ។

សូមបញ្ជាក់ថា អនុក្រឹត្យនេះ ក៏បានផ្តល់អាជ្ញាសឹកឲ្យក្រសួងមហាផ្ទៃកម្ពុជាអាចសម្រេចដាក់ទណ្ឌកម្មខាងវិន័យទៅលើបុគ្គលដែលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃអនុក្រឹត្យនេះផងដែរ ដូចជា ការព្រមាន ការស្តីបន្ទោស និងការដាក់កំហិត ដោយការព្យួរ ឬលុបចោលកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់គ្នាតែម្តង៕