មហាសេដ្ឋី​ Elon Musk អះអាង​ថា​ មនុស្សយន្ត​ Tesla មាន​សមត្ថភាព​បង្កើត​មនោសញ្ចេតនា​ដូច​មនុស្ស​ធម្មតា

អន្តរជាតិ

មហាសេដ្ឋី Elon Musk បាន​ចេញមុខ​អះអាង​ថា មនុស្សយន្ត​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Tesla គឺ​មាន​សមត្ថភាព​ពិសេស​អាច​វិវត្តន៍​មនោសញ្ចេតនា និង​បុគ្គលិកលក្ខណៈ​ដូច​មនុស្ស​ទូទៅ​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែម​ពីនោះ​អ្នក​មាន​បំផុត​លើ​លោក​បាន​​បង្ហើប​ទៀត​ថា គ្រប់គ្នា​អាច​រស់នៅ​សម្រប​ខ្លួន​ជាមួយ​មនុស្សយន្ត​ Tesla និង​អាច​រាប់អាន​ជា​មិត្តភក្ដិ​បាន​ទៀត​ផង។

ប្រាប់​នៅ​ក្នុង​កម្មវិធី​របស់ Lex Fridman នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla និយាយ៖ “​វា (មនុស្សយន្ត) នឹង​អាច​បង្កើត​បុគ្គលិក​លក្ខណៈ​​ខុសប្លែក​ពី​គ្នា​នៅ​ថ្ងៃ​អនាគត ព្រោះ​គ្រប់​មនុស្សយន្ត​នឹង​មិន​ដូចគ្នា ហើយ​អត្តចរិត​នោះ​សោត​គឺ​នឹង​វិវត្តន៍​ស្រដៀង​ទៅ​នឹង​ម្ចាស់ និង​អ្វី​ដែល​ម្ចាស់​ចង់បាន”។

ដោយឡែក Elon Musk ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​បង្កើត​មនុស្សយន្ត​គឺ​មិនមែន​ដើម្បី​ដណ្ដើម​ការងារ​មនុស្ស​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​ណា​ដែល​មនុស្ស​គិត​ថា មិន​ចាំ​បាច់​ត្រូវធ្វើ ឧទាហរណ៍​ដូចជា​ការ​ដើរ​បេះផ្លែឈើ​ជា​ដើម។

បញ្ជាក់​ដែរ​ថា ចំពោះ​រូបរាង​របស់​មនុស្សយន្ត​ដែល​ស្ថិត​ក្នុង​គម្រោង​ផលិត​របស់ Tesla គឺ​នឹង​មាន​កំពស់​ប្រហែល ១៧០ សង់ទីម៉ែត្រ និង​ទំងន់​ប្រហែល ៥៧ គីឡូក្រាម ខណៈ​វា​ត្រូវបាន​ Elon Musk ឲ្យ​រហស្សនាម​ថា Optimus subprime និង​គ្រោង​ដាក់​បង្ហាញ​នៅ​អគារ Tesla Bot ឆ្នាំក្រោយ៕

ប្រភព: Mirror