ដឹងច្បាស់ចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារ រដ្ឋាភិបាលវៀតណាមត្រៀមចំណាយ ស្តារសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២-២៣

អន្តរជាតិ
72 Shares

យោងតាមក្រសួងផែនការ បាននិយាយកាលពីថ្ងៃអង្គារទី ៤ មករា ថាប្រទេសវៀតណាមគ្រោងនឹងធ្វើការចំណាយទឹកប្រាក់ប្រមាណ ៣៤៧ ទ្រីលានដុង ឬ ១៥,២៥ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២២ និង ២០២៣ ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចជាតិ ដែលទទួលរងពីជំងឺរាតត្បាតកូវីដ ១៩ និងជួយទៅលើអាជីវកម្ម ដែលប៉ះពាល់ដោយសារច្បាប់តឹងតែង នៃការទប់ស្កាត់ជំងឺឆ្លងនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ផែនការក្នុងការស្នើសុំឱ្យបញ្ចេញកញ្ចប់ថវិកាចុងក្រោយនេះ គឺមានចំនួនទាបជាងសំណើរចំនួន ៨០០ ទ្រីលានដុង ដែលបានដាក់កាលពីខែវិច្ឆិកាឆ្នាំមុន ខណ:ក៏មានរួមបញ្ចូលទាំងវិធានការកាត់បន្ថយអត្រាការប្រាក់កម្ចីធនាគារ ប្រហែល ១ ភាគរយ និងការពន្យាពេលទៅលើការទូទាត់ប្រាក់កម្ចី សម្រាប់អាជីវកម្មផងដែរ ។

មិនតែប៉ុណ្ណោះ ធនាគាកណ្តាលវៀតណាម ក៏មានផែនការក្នុងការលក់មូលបត្របំណុលរដ្ឋាភិបាលក្នុងស្រុក ចំនួន ៣ ពាន់លានដុល្លារផងដែរ ដើម្បីអាចឲ្យពួកគេ ត្រៀមខ្លួនក្នុងការធ្វើអន្តរាគមន៍ទៅក្នុងទីផ្សារ និងរក្សាស្ថិរភាពចំពោះអត្រាប្តូរប្រាក់បរទេសទៀតផង ប្រសិនបើចាំបាច់ ។

គួរឱ្យដឹងទៀតថា ផែនការមួយនេះ ក៏រួមបញ្ចូលផងដែរ នូវការកាត់បន្ថយពន្ធចំនួន ៦៤ ទ្រីលានដុង និងផ្តល់ជូន ១១០ ទ្រីលានដុង សម្រាប់ធ្វើជាជំនួយដល់អាជីវកម្មងាយរងគ្រោះ ។

យ៉ាងណាមិញ យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម បានកើនឡើង ២,៥៨% ក្នុងឆ្នាំ ២០២១ ដែលជាចំនួនធ្លាក់ចុះ ពីការកើនឡើងដល់ ២,៩១% កាលពីឆ្នាំមុនមួយទៀត ។ ហើយឥឡូវនេះរដ្ឋាភិបាលកំពុងកំណត់គោលដៅយកកំណើន GDP ឲ្យបាន ៦% ទៅ ៦,៥% សម្រាប់ឆ្នាំ ២០២២ នេះ ៕

ប្រភព: CNA

72 Shares