នាមជាប្រធានអាស៊ានពេញមួយឆ្នាំនេះ សម្តេច ហ៊ុន សែន បានជួបដោះស្រាយបញ្ហា នឹងមេដឹកនាំរដ្ឋប្រហារ មីង អ៊ុងឡាំង

សង្គម​និង​សេដ្ឋកិច្ច

នៅរសៀលថ្ងៃទី៧ មករា ដែលជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំអាស៊ានលើកទី ៣ ពេញមួយឆ្នាំ២០២២នេះ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្តេចបានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ មីង អ៊ុងឡាំង ដែលជាមេដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។ លោក ម៉ីង អ៊ុងឡាំង ជាមេដឹកនាំរដ្ឋប្រហារទម្លាក់លោកស្រី អង់ សានស៊ូជី កាលពីដើមឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេសកម្ពុជា មិនបានបង្ហាញពីរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅពេលនេះយ៉ាងណាក្តី ប៉ុន្តែកន្លងមក សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺដើម្បីចូលរួមដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា ក្នុងគោលបំណងឲ្យវិលមករកវេទិការបស់អាស៊ានឡើងវិញ បន្ទាប់ពីប្រទេសត្រូវបានអវត្តមានក្នុងវេទិកាអាស៊ាននាឆ្នាំកន្លងទៅ។

ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា ធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ ម៉ីង អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

តែយ៉ាងណា សម្តេច ហ៊ុន សែន បានអះអាងថា ការដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា គឺត្រូវឈរលើគោលការណ៍រួមទាំង៥ ដែលអាស៊ានបានសម្រេចកាលពីខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំកំពូលពិសេសនៅឥណ្ឌូនេស៊ីស្តីពីបញ្ហារបស់មីយ៉ាន់ម៉ា។ គោលការណ៍រួមទាំង៥នោះរួមមាន៖ ទី១. បិទបញ្ចប់អំពើហិង្សា, ទី២. រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ, ទី៣. បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងមីយ៉ាន់ម៉ា, ទី៤. តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥. អនុញ្ញាតឱ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ៕