ដឹងមូលហេតុច្បាស់ ដែលម៉ាកាវ ត្រៀមហាមឃាត់ជើងហោះហើរបរទេស រយ:ពេល ២ សប្តាហ៍

អន្តរជាតិ

ម៉ាកាវ បានប្រកាសដាក់បម្រាមរយ:ពេលពីរសប្តាហ៍ លើជើងហោះហើរដែលដឹកភ្ញៀវពីគ្រប់ប្រទេសទាំងអស់ លើកលែងតែចិន បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ៣ ករណី ដែលទាក់ទងជាមួយនឹងអ្នកដំណើរមកពីចក្រភពអង់គ្លេស និងហ្វីលីពីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងចំណាត់ការនេះ បានធ្វើឡើង នៅថ្ងៃតែមួយ នៅពេលដែលហុងកុង បានហាមឃាត់ជើងហោះហើរពីប្រទេសចំនួន ៨ និងបង្កើនវិធានការរក្សាគម្លាតសង្គម ដែលធ្វើឱ្យទីក្រុងដីកោះធំៗរបស់ចិនទាំង ២ នេះ ត្រូវបានកាត់ផ្តាច់ពីពិភពលោកទាំងមូល ។

យ៉ាងណាទាំងចិនដីគោក ហុងកុង និងម៉ាកាវ បានរក្សាវិធានការដ៏តឹងរ៉ឹងបំផុតមួយចំនួន ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ដូចជាការបិទព្រំដែន ការធ្វើចត្តាឡីស័កជាច្រើនសប្តាហ៍ ការបិទខ្ទប់តំបន់មានហានិភ័យ និងការធ្វើតេស្តរកមេរោគលក្ខណ:ទ្រង់ទ្រាយធំផងដែរ ។

មិនតែប៉ុណ្ណោះ ការិយាល័យសុខាភិបាលម៉ាកាវ បានប្រកាសកាលពីថ្ងៃពុធទី ៥ មករាថា ខ្លួននឹងហាមឃាត់ យន្តហោះស៊ីវិល មិនឱ្យដឹកអ្នកដំណើរមកពីកន្លែងនានា ដែលនៅខាងក្រៅប្រទេសចិន មកកាន់ទីក្រុងម៉ាកាវនោះឡើយ សម្រាប់រយ:ពេលពីរសប្តាហ៍ ដោយគិតចាប់ពីពាក់កណ្តាលអាធ្រាត្រថ្ងៃអាទិត្យទៅ ។

លើសពីនេះ ម៉ាកាវក៏នឹងហាមឃាត់មិនឱ្យអ្នកដែលមិនមានអាសយដ្ឋានច្បាស់លាស់ ចូលក្នុងទីក្រុងផងដែរ ខណ:អ្នកដែលត្រលប់មកពីខាងក្រៅប្រទេសចិន ត្រូវធ្វើចត្តាឡីស័កយ៉ាងហោចណាស់ ២១ ថ្ងៃ ដែលស្រដៀងទៅនឹងវិធានការរបស់ហុងកុងដែរ ។

គួរឲ្យដឹងថារដ្ឋដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមព័រទុយហ្គាល់ ហើយបានប្រែក្លាយជាមជ្ឃមណ្ឌលកាស៊ីណូដ៏ធំ របស់ចិនមួយនេះ បានរកឃើញករណីឆ្លងត្រឹមតែ ៧៩ ករណីប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលអ្នកជំងឺ ដែលគ្មានរោគសញ្ញា ហើយនៅមិនទាន់មានអ្នកស្លាប់នៅឡើយនោះទេ ៕

ប្រភព: CNA