អ្នកឧកញ៉ា ហុង ពីវ ចាប់ដៃជាមួយបណ្ឌិត កុល ផេង វិនិយោគលើវិស័យអប់រំ នៅតាមបុរីពិភពថ្មី

ជុំវិញ​ឧកញ៉ា
2.3K Shares

ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ បុរី ពិភពថ្មី និងសាលាបញ្ញាសាស្ត្រអន្តរជាតិ បានចាប់ដៃគ្នាចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើការបើកដំណើរការសាលារៀន ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ នៅក្នុងបុរីពិភពថ្មីជាផ្លូវការ។ ពិធីចុះហត្ថលេខាបានធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី និងលោកបណ្ឌិត កុល ផេង ស្ថាបនិក និងជាប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅថ្ងៃសុក្រ ទី៧ មករា ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 11 people and people standing

អ្នកឧកញ៉ា ហុង ពីវ បានថ្លែងថា តាមរយៈសមិទ្ធផលថ្មីមួយនេះ សាលាបញ្ញាសាស្ត្រអន្តរជាតិ នឹងបើកដំណើរការក្នុង ៤ទីតាំង នៃបុរី ពិភពថ្មី រួមមាន បុរី ពិភពថ្មី ឈូកវ៉ា, បុរី ពិភពថ្មី កួរស្រូវ, បុរី ពិភពថ្មី កំបូល, និងបុរី ពិភពថ្មី ផ្លូវជាតិលេខ៣ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២។ លោកបន្តថា អតិថិជន ដែលរស់នៅក្នុងបុរីពិភពថ្មី នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស។

អតីតទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោកបណ្ឌិត កុល ផេង បានបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាលសម្រេចឲ្យមានស្ថាប័នអប់រំដោយវិស័យឯកជន គឺសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏បានបង្កើតឡើងនៅឆ្នាំ២០០០ ហើយក្រោយមកបាន ១ឆ្នាំ សាលាបញ្ញាសាស្ត្រអន្តរជាតិ ក៏ត្រូវបានបង្កើតឡើង។

May be an image of 2 people and people standing

បើតាមលោកបណ្ឌិត កុល ផេង សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាលាបញ្ញាសាស្ត្រអន្តរជាតិ មានចក្ខុវិស័យវែងឆ្ងាយក្នុងការអប់រំសិស្ស និស្សិតឲ្យប្រកបវិជ្ជាជីវៈ ដោយសមត្ថភាពខ្ពស់ មានលក្ខណៈនិងចរិយាសម្បត្តិប្រកបដោយសីលធម៌និងគុណធម៌។ ការបង្រៀនត្រូវប្រើភាសាអង់គ្លេស និងភាសាខ្មែរជាយាន។

លោកបញ្ជាក់ថា៖ “គោលដៅចម្បងគឺអប់រំកូនខ្មែរ ឲ្យក្លាយជាពលរដ្ឋគំរូដើម្បីសាងសង្គមជាតិ ឲ្យបានថ្កុំថ្កើងប្រកបដោយសីលធម៌ និងព្រហ្មវិហារធម៌។ មាតាបិតា និងគ្រូបង្រៀនមានតួនាទីសំខាន់ណាស់ ក្នុងការអប់រំទាំងកុមារ និងយុវជន”។

គួររម្លឹកថា គិតមកដល់ពេលនេះ បុរី ពិភពថ្មី មានបទពិសោធន៍សាងសង់លំនៅដ្ឋានរយៈពេលជាង ១៨ឆ្នាំហើយ និងបានសង់សម្រេចបាន ចំនួន ៤៣ទីតាំង នៅទូទាំងរាជធានី-ខេត្ត សរុបចំនួន ៥៧,០០០ផ្ទះ មានអតិថិជនរស់នៅជាង ២២ម៉ឺននាក់៕

May be an image of 12 people, people standing and indoor
2.3K Shares