សម្តេច ហ៊ុន សែន ប្រើពេលវេលាជាងពាក់ កណ្តាលជីវិតសម្រាប់កិច្ចការអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីត្រឡប់មកពីប្រទេសមីយ៉ាន់ម៉ា ជួបជាមួយមេដឹកនាំរដ្ឋប្រហារលោក មីង អ៊ុងឡាំង នៅព្រឹកនេះថ្ងៃសៅរ៍ ទី៨មករានេះ សម្តេច ហ៊ុន សែន បានចេញមកបញ្ជាក់សារជាថ្មីថា សម្តេចមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឲ្យការឈប់បាញ់ និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។ សម្តេចបានរំលឹកថាថ្ងៃនេះខួបទី៤៣ឆ្នាំនៃថ្ងៃដែលសម្តេចទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង ឬអាចនិយាយបានថា ជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be a black-and-white image of 1 person

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ “ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ ព្រមទាំងវិបត្តិមនុស្សធម៌តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង”។ បើតាមសម្តេច អាស៊ាននិងដៃគូរដែលចង់ចូលរួមក៏ដូចជាមីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឱ្យការឈប់បាញ់និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។

សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱយមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជម្ងឺរាតត្បាតកូវីដ១៩។

ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្រ្តីក៏បានរំលឹកអំពីអតីតកាល ដែលធ្លាប់កាន់ការងារជារដ្ឋមន្រ្តីការទូតដ៏វ័យក្មេងជាងលើពិភពលោក កាលពី៤៣ឆ្នាំកន្លងទៅ ខណៈមកដល់េពលបច្ចុប្បន្នសម្តេចក៏នៅតែពេលជាងពាក់កណ្តាលនៃជីវិតសម្រាប់កិច្ចការការទូតដ៏សំខាន់មួយនេះ។

សម្តេច ហ៊ុន សែន បញ្ជាក់ថា៖ ថ្ងៃនេះគឺជាខួបទី៤៣ឆ្នាំនៃថ្ងៃដែលខ្ញុំបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស (៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង ហើយដែលអាចចាត់ទុកថាជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះ។

សម្តចថា ៤៣ឆ្នាំក្រោយមក សម្តេចនៅតែបន្តធ្វើកិច្ចការ បរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីីអស់រយៈពេល ៣៧ឆ្នាំ ហើយក៏ដោយព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំ នយោបាយទាំងក្នុងនិងក្រៅប្រទេស។ ហើយមកដល់ពេលនេះ សម្តេចត្រូវប្រើពេលវេលាជាងពាក់ កណ្តាលជីវិតរបស់សម្តេចសម្រាប់កិច្ចការមួយនេះ៕