ប្រធាន​ដឹកនាំ​វិលជុំ​អាស៊ាន សម្តេច ហ៊ុន សែន អរគុណជប៉ុន ដែលប្រកាសគាំទ្រដំណើរទៅកាន់មីយ៉ាន់ម៉ា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ដែល​ទើប​ចូលធ្វើជា​ប្រធាន​ដឹកនាំ​វិលជុំ​អាស៊ាន បាន​ក្លាយ​ជា​មេដឹកនាំ​បរទេស​ដំបូងគេ ដែលធ្វើដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ភូមា គិត​ចាប់តាំង​ពី​កងទ័ព​ភូមា​ធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងទៅនឹងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសមីយ៉ានម៉ា រយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២១ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មេដឹកនាំរដ្ឋប្រហារយោធា នាយឧត្តមសេនីយ៍ មីង អ៊ុងឡាំង សម្តេច ហ៊ុន សែន បានថ្លែងអរគុណដល់ជប៉ុន ដែលបានប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពេលជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ មករា នេះ។

សម្តេច ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ពីលទ្ធផលនៃដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ា មាន ៣ គឺការពន្យារពេលបទឈប់បាញ់ ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា។ ជាមួយគ្នានេះ សម្តេចបានបង្ហាញក្តីសង្ឃឹមថា អាស៊ាន នឹងខិតខំក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

បើតាមសម្តេចនាយករដ្ឋមន្រ្តី បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានទៀត។ សកម្មភាពនេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះទេ តែជាការជួយសម្របសម្រួល។

សម្តេច ហ៊ុន សែន ថ្លែងថា៖ លោក មីង អ៊ុងឡាំង បានបើកចិត្តទូលាយឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួមទាំងអ្នកប្រឆាំងលោកផងដែរ។ សម្តេចថា ការធ្វើឱ្យមានបទឈប់បាញ់ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋ គឺកិច្ចការចាំបាច់មុនឈានដល់ការសន្ទនាជាមួយអ្នកពាក់ព័ន្ធ ដែលធ្វើដោយប្រេសិតអាស៊ាន។

តាមរយៈសេចក្តីប្រកាសព័ត៌មានរវាងកម្ពុជា មីយ៉ាន់ម៉ា បានទម្លាយឲ្យដឹងពីផ្លែផ្កាមួយចំនួន ដែលប្រធានអាស៊ានបានព្យាយាមសម្របសម្រួលបញ្ហានយោបាយរបស់ប្រទេសភូមា។

តាម​សេចក្តីប្រកាសព័ត៌មានរួម ដែលធ្វើឡើង​នៅរដ្ឋធានី ណៃពីដោរ ប្រមុខរដ្ឋាភិបាល​កម្ពុជា និង​មេដឹកនាំ​របបសឹក​ភូមា​បាន​និយាយ​គ្នា​ពី​ចំណុច​សំខាន់​ធំពីរ ដែលទាក់ទង​នឹង​វិបត្តិនៅភូមា។ ទី១ មេដឹកនាំ​យោធា លោក​មីង អ៊ុងឡាំង បាន​និយាយ​ប្រកាស​ថា កងទ័ព​នឹង​ពន្យារ​ការអនុវត្ត​បទឈប់បាញ់​ជាមួយ​អង្គការ​ប្រដាប់អាវុធ ជនជាតិភាគតិច​ទាំងអស់​ រហូតដល់​ចុងឆ្នាំ ២០២២។ នៅក្នុង​ន័យនេះ មេដឹកនាំរបបសឹក​បាន​និយាយ​ស្វាគម​ការចូលរួម​របស់​ប្រេសិតថ្មីពិសេស​របស់​អាស៊ាន នៅក្នុង​កិច្ចពិភាក្សា​ស្តីពីបទឈប់បាញ់ជាមួយ​ក្រុមប្រដាប់អាវុធ​ជនជាតិភាគតិច។ ទី២ មេដឹកនាំ​កម្ពុជា និង​ភូមា​បាន​ព្រមព្រៀងគ្នា​ផងដែរ​ឲ្យ​មានកិច្ចប្រជុំ​រវាងភាគី​ពាក់ព័ន្ធ ដើម្បី​បើកផ្លូវ នាំ​ជំនួយ​មនុស្សធម៌ ដល់ប្រជាជន​ភូមា។

តែយ៉ាងណា ក៏មានការរិះគន់ពីមតិសហគមន៍អន្តរជាតិផងដែរ ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់មានេះផងដែរ៕