ក្រុមហ៊ុន​មួយ​ស្នើ​វិនិយោគ​វារីវប្បកម្ម​សមុទ្រ​ក្បែរ​កោះដែកគោល និងកោះថាស

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​បរទេស​មួយ​បានជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ដោយ​លើក​ពី​គម្រោង​ពាក់ព័ន្ធ​ផែនការ​វិនិយោគ​វារីវប្បកម្ម​សមុទ្រ​នៅ​ក្នុងដែនសមុទ្រ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះសំណើផែនការវិនិយោគវារីវប្បកម្មតាមបែបចិញ្ចឹមត្រីសមុទ្រ មានទីតាំង​នៅជិតតំបន់កោះដែកគោល និងកោះថាស ដែលដំណាក់កាលទី ១ នៃផែនការវិនិយោគនោះគឺលើផ្ទៃទឹកសមុទ្រចំនួន ១ ៩៨៤ហិកតា។

លោកស្រី ជេស៊ីកា តំណាងក្រុមហ៊ុន ជីន យូ តាំង បាន​ឲ្យដឹង​ថា បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ និងទទួលបានការណែនាំពីរដ្ឋមន្រ្តី និងមន្ត្រីជំនាញកន្លងមក ក្រុមហ៊ុនបានធ្វើការពិនិត្យ សិក្សា និងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសលើការសិក្សាវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គម ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយក្រសួងពាក់ព័ន្ធបានសម្រេចកំណត់យកតំបន់កោះថាស ជាតំបន់សាកសម និងមានសក្ដានុពលបំផុតសម្រាប់ក្រុមហ៊ុនធ្វើការវិនិយោគ។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួង​កសិកម្ម​លោក វេង សាខុន បាន​គាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្ររបស់ក្រុមហ៊ុន ដែលផែនការវិនិយោគនេះ ដែល​ពិតជាសំខាន់សម្រាប់ជួយដល់ការអភិវឌ្ឍដល់វិស័យជលផលនៅកម្ពុជា និងជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និងផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

យ៉ាងណា​លោក​រដ្ឋមន្រ្តី​បាន​ណែនាំបន្ថែមដល់ក្រុមហ៊ុនឲ្យបញ្ជូនឯកសារវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គម​លើ​គម្រោង​វិនិយោគ​វារីវប្បកម្មសមុទ្រនេះមកក្រសួង និងជាពិសេសត្រូវធ្វើការស្នើសុំ និងមានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមុនសិន ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអាចចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុនបាន៕