ធនាគារក្នុងស្រុកមួយទៀតទិញមូលបត្របំណុលតម្លៃ ៣០លានដុល្លារពីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ

សង្គម​និង​សេដ្ឋកិច្ច

អេស៊ីលីដា ទិញមូលបត្របំណុលមានបុគ្គលធានាតម្លៃ ៣០លានដុល្លារអាមេរិក ពីក្រុមហ៊ុន CAIC ដើម្បីចូលរួមជួយគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ តាខ្មៅ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានាក្នុងតម្លៃ ៣០លានដុល្លារ រវាងក្រុមហ៊ុន CAIC តំណាងដោយឧកញ៉ា វ៉ាន់ ឆារស៍ អគ្គនាយករង និងធនាគារ អេស៊ីលីដា តំណាងដោយលោកបណ្ឌិត អ៊ិន ចាន់នី ជាប្រធានអគ្គនាយក ក្រោមមានអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាម្ចាស់គម្រោងសាងសង់ព្រលានយន្តហោះតេជោ តាខ្មៅ កាលពីថ្ងៃចន្ទ ទី១០ មករានេះ។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន៣០ភាគរយ ដែលចំណាយទឹកប្រាក់សរុប ៣៩០លានដុល្លារអាមេរិក ខណៈតម្លៃនេះគឺមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចហើយដោយ CAIC នោះឡើយ។

ក្នុងដំណើរចុះពិនិត្យមើលវឌ្ឍនភាពនៃគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ កាលពីចុងឆ្នាំ២០២១ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យអ្នក​វិនិយោគ​ក្នុងស្រុក និង​វិស័យ​ឯកជន​ចូលរួមវិនិយោគ​ជាមួយ Cambodia Airport Investment Co Ltd លើ​គម្រោង​ព្រលានយន្តហោះ​។

សម្តេច ហ៊ុន សែន បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​គោលដៅ​មួយ គឺ​ចង់​ប្រមូល​ទុន​ក្នុង​ស្រុក​ដើម្បី​ធ្វើ​ចេញ​ជា​ស្នាដៃ​កូន​ខ្មែរ​តែម្តង តាមរយៈ​ទុន​ក៏​ខ្មែរ ការរចនាប័ទ្ម​សាងសង់​ផ្សេងៗ​ចេញពី​ដៃ​ខ្មែរ ដូចនេះ​បាន​ជា​យើង​ផ្តល់​ការអនុញ្ញាត​ធានា​សម្រាប់​ការខ្ចី ការលក់​សញ្ញា​បណ្ណ​របស់​ក្រុមហ៊ុន​សម្រាប់​ទឹកប្រាក់​ ៣០០ ​លាន​ដុល្លារ​ក្នុង​អត្រា​ការប្រាក់​ត្រឹម​ ៥,៥ ​ភាគរយ​»​។

ភា្លមៗ ការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានានៃក្រុមហ៊ុន CAIC ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ជាពិសេសពីវិស័យធនាគារ ដូចជា ធនាគារ ព្រីនស៍ ធនាគារ ABA ធានាគារ ប្រៃសណីយ៍កម្ពុជា និងធនាគារ អេស៊ីលីដា នៅពេលនេះ។

បើតាមអ្នកឧកញ៉ា ពុង ឃាវសែ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើការ​វាយតម្លៃ​ពី​ហានិភ័យ​ស្មើនឹង​សូន្យ​ភាគរយ​សម្រាប់​ការបោះផ្សាយ​សញ្ញា​បណ្ណ​របស់​ក្រុមហ៊ុន CAIC។

អ្នកឧកញ៉ាបានបញ្ជាក់បន្ថែមថា គិត​មកដល់ពេលនេះ គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ បាន​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ​ ៣៧៥ ​ដុល្លារ​ហើយ​នៃ​ទំហំ​ទឹកប្រាក់​សម្រាប់​សាងសង់​គម្រោង ១ ៥០០ ​លាន​ដុល្លារ​។ បច្ចុប្បន្ន​ទុនវិនិយោគ​ទាំងនេះ គឺ​អាស្រ័យ​ទាំងស្រុង​ទៅលើ​ទុន​របស់​ក្រុមហ៊ុន CAIC ហើយ​ក្នុង​ឆ្នាំ​ ២០២២ ​ក្រុមហ៊ុន​គ្រោង​នឹង​ចំណាយ​ថវិកា​បន្ថែមចំនួន​ ៤៦៧ ​លាន​ដុល្លារ​ទៀត ដែលជា​មធ្យម​ត្រូវការ​ចំណាយ ១,២ ​លាន​ដុល្លារ​ក្នុង​ ១ ​ថ្ងៃ​៕